ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ជាថ្មីទៀត​ដល់​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវអនុវត្ត​គោលនយោបាយ ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ឱ្យបាន​ម៉ឺងម៉ាត់​ដើម្បី​ធានា នូវ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​។​

លោក ស ខេង ថ្លែងថា អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​បទល្មើស​នានា​នៅ​មូលដ្ឋាន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។ យោងតាម​ការផ្សាយ​ក្នុង​ផេ​ច​ផ្លូវការ​របស់លោក​ស ខេង ដែល​បាន​ស្រង់​សម្ដី​ពី​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​ទឹក​ជុំ​មានជ័យ (​វត្ត​កោះ​ចារ​) ស្ថិតនៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។​

លោក ស ខេង ថ្លែងថា អាជ្ញាធរ ជំរុញឱ្យមាន​ការចូល​រួម​ពី​ប្រជាពលរដ្ឋ ដើម្បី​មាន​វិធានការ​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​នៅ​មូលដ្ឋាន ដូចជា​សកម្មភាព​ជួញដូរ ចែកចាយ ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ បទល្មើស​លួច ឆក់ ប្លន់ ល្បែងស៊ីសង​ខុសច្បាប់ អំពើហិង្សា​ក្នុង​គ្រួសារ ក្រុម​ក្មេង​ទំនើង និង​បទល្មើស​ផ្សេងទៀត​។​

​ផេ​កដដែល​នេះ​បានឱ្យដឹងថា លោក ស ខេង បានស្នើ​អាជ្ញាធរ​ ត្រូវ​បន្ត​ខិតខំ​ពង្រឹងកម្លាំង​ប្រជា​ការពារ​ឱ្យមាន​ចំនួន​សមស្រប​តាម​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ​នៃ​មូលដ្ឋាន​នីមួយៗ ដោយ​ត្រូវ​បំផុស​លើកទឹកចិត្ត ប្រជាពលរដ្ឋ​ឱ្យចូល​រួម​ក្នុង​ចលនា​ប្រជា​ការពារ និង​បំផុស​ចលនា​ឱ្យមាន​ការចូលរួម ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ខាង​មធ្យោបាយ សម្ភារ ថវិកា និង​ការគាំទ្រ​ខាង​ស្មារតី​ដល់ ប្រជា​ការពារ​នៅ​គ្រប់​មូលដ្ឋាន​ឱ្យមាន​និរន្តរភាព​។​

​ លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ បាន​ថ្លែងថា យុវជន​កម្ពុជា​មួយចំនួន​កំពុង​ទទួលរង​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​និង​គ្រឿងញៀន​ ដែលជា​គ្រឿង​បំផ្លាញ​អនាគត​របស់​ពួកគេ បើសិន​មិន​មានការ​ទប់ស្កាត់បាន​ទាន់ពេលវេលា​ទេនោះ​។

​ លោក ថ្លែងថា​៖ «​ដើម្បី​បង្ក្រាប​បទល្មើស​បាន ទាមទារ​ឱ្យ​ពង្រឹង​នូវ​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច ជាពិសេស​ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ឱ្យ​កាន់តែ​ល្អ និង​មាន​ប្រសិទ្ធភាព​ថែមទៀត និង​ត្រូវ​បង្កើន​កិច្ចសហការ​ល្អជា​មួយ​ភាគី​ពាក់ព័ន្ធ​»​។​

​ យោងតាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន កាលពីពេល​ថ្មីៗ​នេះ បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០២២ កងកម្លាំង​អនុវត្ត​ច្បាប់​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៦ ៣៩០​ ករណី ឃាត់ខ្លួន​មនុស្ ស​១៥ ០០២​ នាក់ និង​ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់ ១៤ ៩១៩,៤៧ ​គីឡូក្រាម​៕