
តំណាង ISD និង GIZ Cambodia ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីគាំទ្រដល់រដ្ឋបាលស្រុកសូទ្រនិគមក្នុងការសាងសង់ និងបង្កើតរោងផលិតជីកំប៉ុសនាពេលខាងមុខ។ រូបថត FB
ភ្នំពេញៈ អង្គការហ្គ្រេតកម្ពុជា និងគម្រោង ISD របស់ GIZ Cambodia រួមគ្នាគាំទ្រដល់អាជ្ញាធរស្រុកសូទ្រនិគម ក្នុងខេត្តសៀមរាប ដើម្បីជំរុញការកែលម្អការគ្រប់គ្រងសំរាមនៅក្នុងមូលដ្ឋាន ដោយបំបែកកាកសំណល់សរីរាង្គដែលអាចប្រើបាននៅក្នុងរោងផលិតជីកំប៉ុសថ្មី សម្រាប់ផ្គត់ផ្គង់ប្រជាកសិករនៅក្នុងតំបន់។
ការប្រកាសការគាំទ្រនេះ បន្ទាប់ពីអ្នកតំណាងប្រចាំប្រទេសរបស់អង្គការហ្គ្រេតកម្ពុជា និងប្រធានគម្រោង ISD របស់ GIZ Cambodia បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីគាំទ្រដល់រដ្ឋបាលស្រុកសូទ្រនិគមក្នុងការសាងសង់ និងបង្កើតរោងផលិតជីកំប៉ុសនាពេលខាងមុខ។
អង្គការហ្គ្រេតកម្ពុជា បានអះអាងថា ស្រុកសូទ្រនិគមនៃខេត្តសៀមរាប កំពុងកែលម្អការគ្រប់គ្រងសំរាមក្នុងមូលដ្ឋានរបស់ខ្លួន ដោយបំបែកកាកសំណល់សរីរាង្គដែលអាចប្រើបាននៅក្នុងរោងផលិតជីកំប៉ុសថ្មី។ អង្គការនេះ បានបន្តថា រោងផលិតនេះ នឹងប្រើប្រាស់ជន្លេនដើម្បីបំប្លែងសារធាតុសរីរាង្គ ដែលភាគច្រើនត្រូវបានប្រមូលពីផ្សារដំដែកទៅធ្វើជាជីសរីរាង្គដែលមានគុណភាពខ្ពស់សម្រាប់កសិករក្នុងតំបន់។
អង្គការហ្គ្រេតកម្ពុជា បានបញ្ជាក់ថា៖«គម្រោងនេះ នឹងជំរុញប្រាក់ចំណូលរបស់សេដ្ឋកិច្ចកសិកម្មក្នុងស្រុកសូទ្រនិគម។ វានឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយវានឹងកាត់បន្ថយបរិមាណសរុបនៃកាកសំណល់មិនបែងចែកនៅក្នុងស្រុកនេះផងដែរ»។
លោក ទូច សុខារិទ្ធ ប្រធានគ្រប់គ្រងគម្រោងនៃអង្គការហ្គ្រេត បានប្រាប់ភ្នំពេញនៅថ្ងៃទី២៧ មីនាថា ក្នុងពេលនេះ អង្គការហ្គ្រេត បានចុះ MoU ជាមួយអាជ្ញាធរស្រុក និងប្រជាកសិករ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងក្នុងការសាកល្បងកែលម្អការគ្រប់គ្រងសំរាមក្នុងមូលដ្ឋាន។
លោក បានអះអាងថា ដោយសាររោង ឬអគារផលិតជីកំប៉ុសថ្មី កំពុងស្ថិតក្នុងដំណើរការសាងសង់ ដែលត្រូវការរយៈពេលប្រមាណ ១ ខែ ទៀត មុនដំណើរការសាកល្បងកែលម្អសំរាម ធ្វើជីកំប៉ុស អាចដំណើរការទៅបាន។
លោក បានបញ្ជាក់ថា៖«នៅពេលនេះ យើងកំពុងដំណើរការសាងសង់រោង ឬអគារផលិតជីកំប៉ុសថ្មី។ ទាល់តែអគារនេះសាងសង់រួចប្រហែលជាចុងខែ៤ អី បានក្រុមសហគមន៍ខ្ញុំនេះ ចាប់ផ្តើមសហការជាមួយក្រុមហ៊ុនដឹកប្រមូលសំរាម យកទៅញែកដាក់តាមនីតិវិធី និងដាក់ជន្លេនដាក់អី»។
អ្នកស្រី ថៃ សូដា អនុប្រធានសហគមន៍ចម្ការសុវត្ថិភាពធម្មជាតិ សូទ្រនិគម ដែលមានសមាជិកជិត ៧០ គ្រួសារ ប្រើប្រាស់វិធីសាស្ត្រសុវត្ថិភាពធម្មជាតិក្នុងការដាំដុះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ដោយបង្ហាញក្តីសង្ឃឹមថា បើសិនជាគម្រោងនេះ អាចដំណើរការទៅបានជោគជ័យ នឹងចូលរួមគាំទ្រដល់ប្រជាកសិករខ្លួន ក្នុងការទទួលជីកំប៉ុសធម្មជាតិសម្រាប់ដាំដុះ។
អ្នកស្រី បានអះអាងបន្តថា ក្នុងពេលបច្ចុបន្ននេះ ប្រជាសហគមន៍ កំពុងប្រើប្រាស់ជីកំប៉ុស និងអាចម៌គោពុកផុយជាលក្ខណៈគ្រួសារ សម្រាប់ប្រើប្រាស់ក្នុងចម្ការរបស់គេ ខណៈប្រជាសហគមន៍ទូទៅភាគច្រើន បាននិយមប្រើប្រាស់ជីដែលនាំចូលពីប្រទេសជិតខាង។
អ្នកស្រី បានថ្លែងថា៖«បើដំណើរការទៅមុខនោះ នឹងជួយទៅលើបរិស្ថានបានមួយចំណែក វាក៏ជួយឱ្យយើងមានជីកំប៉ុសសម្រាប់ប្រើប្រាស់ ដោយមិនបាច់នាំចូលពីខាងក្រៅ។ យើង ក៏នឹងទទួលបានអត្ថប្រយោជន៍នៃការរកចំណូលរបស់សមាជិកនេះ ក៏វាល្អសម្រាប់អ្នកប្រើប្រាស់ជីកំប៉ុសដែរ។ វាបង្ហាញពីភាពបៃតងស្រស់សម្រាប់សហគមន៍ដែលប្រើប្រាស់ជីហ្នឹង»។
តាមលោកស្រី ហេង គុណវុឌ្ឍី ប្រធានការិយាល័យកសិកម្ម និងធនធានធម្មជាតិស្រុកសូទ្រនិគម បាននិយាយថា តាមគម្រោង ការប្រមូលសំរាមនឹងត្រូវធ្វើឡើងគ្រប់ផ្សារធំៗ នៅទូទាំងស្រុក។ ប៉ុន្តែដោយសារតែក្នុងពេលនេះ កំពុងស្ថិតក្នុងដំណាក់ការសាកល្បង លោកស្រី បានឱ្យដឹងថា ផ្សារដំដែក នឹងចាប់ផ្តើមសកម្មភាពក្នុងការញែកសំរាមមុនគេ។
លោកស្រី បានថ្លែងថា៖«យើងនឹងធ្វើការណែនាំឱ្យអាជីវករផ្សារយើង ធ្វើការញែកសំរាមឱ្យបានត្រឹមត្រូវ ហើយខាងសហគមន៍យើង នឹងមានតំណាងមួយ ដើម្បីនៅចាំណែនាំពួកគាត់ ឱ្យមានការញែកសំរាមនៅតាមទូទាំងផ្សារ។ នៅពេលយើងបានជោគជ័យ នោះប្រជាសហគមន៍យើងចំណេញច្រើន។ យើងសង្ឃឹមថា ពួកគាត់នឹងចូលរួមបន្តទៀតឱ្យគម្រោងនេះជោគជ័យ»។
លោកស្រី ហេង គុណវុឌ្ឍី ថ្លែងដោយជឿជាក់ថា នៅពេលស្រុកអាចធ្វើការលម្អការគ្រប់គ្រងសំរាម ដោយបំបែកកាកសំណល់សរីរាង្គដែលអាចប្រើបាននៅក្នុងរោងផលិតជីកំប៉ុសថ្មីដោយខ្លួនឯង នោះគឺជាជម្រើសល្អរបស់ប្រជាសហគមន៍ក្នុងការទទួលបានជីទាំងនេះយកទៅប្រើប្រាស់៕