
នគរបាលពិនិត្យកន្លែងកើតហេតុផ្ទុះគ្រាប់សល់ពីសង្គ្រាម និងអ្នករបួសក្នុងមន្ទីរពេទ្យ។ រូបថត នគរបាល
ភ្នំពេញៈ ចាប់ពីដើមខែមករា ឆ្នាំ២០២៣ មកទល់ពេលនេះ មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានបង្កគ្រោះថ្នាក់ស្លាប់និងរបួសដល់ប្រជាពលរដ្ឋកម្ពុជាសរុប ១២ នាក់។ តួលេខនេះ បានថយចុះ ៥៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានជនរងគ្រោះស្លាប់និងរបួសសរុប ២៧ នាក់។ នេះបើយោងតាមទិន្នន័យ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីអាជ្ញាធរមីន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
តាមរយៈទិន្នន័យនោះ លោកលី ធុច អនុប្រធានទី១នៃអាជ្ញាធរមីន ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងចំណោមជនរងគ្រោះទាំង ១២ នាក់នោះ មាន៣នាក់រងគ្រោះដោយសារគ្រាប់មីន និង ៩ នាក់ ទៀត រងគ្រោះដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាកាកសំណល់នៃសង្គ្រាមក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
លោកបានថ្លែងថា៖«ម្នាក់ក្នុងចំណោមជនរងគ្រោះ ១២ នាក់បានស្លាប់ និង ១១ នាក់ទៀតបានរងរបួសធ្ងន់និងស្រាល ក្នុងនោះមាន ៤ នាក់ ត្រូវពិការអវៈយវៈអស់មួយជីវិត ដោយសារមុខរបួសពួកគេធ្ងន់ធ្ងរពេក តម្រូវឱ្យក្រុមគ្រូពេទ្យជំនាញសម្រេចធ្វើការវះកាត់ចេញ» ។
បើតាមទន្នន័យដដែលនោះ ករណីគ្រោះថ្នាក់ដោយសារផ្ទុះគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គិតចាប់ពីដើមខែមករា ឆ្នាំ២០២៣ មកទល់នឹងថ្ងៃទី២៧ ខែមីនា បានកើតឡើងនៅក្នុង ខេត្តរតនគិរី ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ពោធិ៍សាត់ កំពង់ធំ តាកែវ និង ខេត្តក្រចេះ។ ក្នុងនោះខេត្តរតនគិរី ត្រូវបានគេកត់ត្រាថា មានជនរងគ្រោះច្រើនជាងគេ គឺ ៣ នាក់ បន្ទាប់មក គឺខេត្តឧត្តរមានជ័យ និង ខេត្តសៀមរាប ដែលមានជនរងគ្រោះចំនួន ២ នាក់ដូចគ្នា ខណៈខេត្តព្រះវិហារ ពោធិ៍សាត់ កំពង់ធំ តាកែវ និង ខេត្តក្រចេះ មានជនរងគ្រោះម្នាក់ដូចៗគ្នា។
យ៉ាងណាក៏ដោយ ករណីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ភាគច្រើនត្រូវបានគេរកឃើញថា បណ្ដាលមកពីប្រជាពលរដ្ឋមួយចំនួនខ្វះការយល់ដឹងអំពីហានិភ័យនៃគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយហេតុនាំគ្នាយកគ្រាប់មិនទាន់ផ្ទុះទៅកែច្នៃ ឬបោះលេងដោយមិនគិតពីគ្រោះថ្នាក់។ នេះបើតាមការប្រាប់ឱ្យដឹងពីមន្ត្រីនគរបាលមូលដ្ឋាន។
លោក ឡុង សំណាង អធិការស្រុកបន្ទាយស្រី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ មានករណីកម្មករសំណង់ ១ ក្រុម បានជីករណ្តៅដីជុំវិញសសរដែក នៅក្បែរតំបន់អភិវឌ្ឍន៍ថ្មី ក្នុងភូមិតានី ឃុំរុនតាឯក ដើម្បីចាក់គ្រឹះបេតុង ហើយក៏ប្រទះឃើញក្បាលគ្រាប់បេ ៤០ ចំនួន ១ គ្រាប់ ប៉ុន្តែពួកគេមិនបានរាយការណ៍ជូនសមត្ថកិច្ចទេ បែរជានាំគ្នាលើកគ្រាប់នោះ បោះចេញមកក្រៅរណ្តៅ។
លោកបានបញ្ជាក់ថា៖«ដោយសារឃើញគ្រាប់នោះចាស់ និងមានច្រែះកាន់ ហើយពេលបោះចេញក្រៅរណ្ដៅដីដំបូង ប៉ះចំដីទន់ជ្រាយមិនផ្ទុះ កម្មករផ្សេងទៀត បាននាំគ្នាទៅរើសកាន់មើលបោះលេងជាបន្តបន្ទាប់ រហូតប៉ះចំត្រូវដុំថ្មធំមួយធ្វើឱ្យគ្រាប់បេ៤០នោះផ្ទុះឡើងបណ្ដាលឱ្យបុរសជាមេការម្នាក់ និងកម្មករម្នាក់ទៀត ដែលនៅក្បែរនោះរងរបួសធ្ងន់និងស្រាល»។
លោកបានបន្តថា បច្ចុប្បន្នជនរងគ្រោះជាមេការ និងកម្មករសំណង់ទាំង២នាក់នោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តសៀមរាបនៅឡើយ។
អ្នកជំនាញការផ្នែកប្រតិបត្តិការបោសសម្អាតមីននៃអង្គការ Cambodia Self Help Demining លោក ឈុន បូរ៉ា បានថ្លែង ដោយអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រញាប់រាយការណ៍ដល់សមត្ថកិច្ច ក្នុងករណីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ទោះប្រភេទណាក៏ដោយ និងហាមប្រើប្រាស់ដី និងចូលរុករានដីក្នុងតំបន់ដែលសង្ស័យថា មានគ្រាប់មិនទាន់ផ្ទុះ ជាពិសេស ហាមទិញ លក់ រក្សាទុក ឬកែច្នៃគ្រាប់មិនទាន់ផ្ទុះ ដែលជាអំពើល្មើសច្បាប់។
លោកថ្លែងថា៖«ដើម្បីបង្ការគ្រោះថ្នាក់ដល់អាយុជីវិត ឬពិការភាពដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមបងប្អូនប្រជាពលរដ្ឋ ប្រញាប់រាយការណ៍ដល់សមត្ថកិច្ច មូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលនៅជិតបំផុត នៅពេលប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ហើយមិនត្រូវប៉ះពាល់ ឬ ដំ ដុត កាយ និងគប់លេងនោះទេ ព្រោះវាអាចបង្កឱ្យផ្ទុះបាន»៕