
ជនសង្ស័យ និងវត្ថុតាងកញ្ចប់គ្រឿងញៀន។ រូបថត នគរបាល
ភ្នំពេញៈ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី ខែ ២៨ មីនា ឆ្នាំ ២០២៣ បានឃាត់ខ្លួនបុរសជនជាតិឡាវ ២ នាក់ និងរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីនជាង ១២ គីឡូក្រាម នៅម្តុំស្ពានទី២ ក្នុងភូមិ-ឃុំ អូរស្វាយ ស្រុក បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោក ចែម ផានិត នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងឱ្យដឹងនៅថ្ងៃទី២៧មីនាថា បុរសសង្ស័យឈ្មោះកែង គង់មឿង អាយុ ២៣ឆ្នាំ និងឈ្មោះ ណុក សុវណ្ណសាម អាយុ ២០ឆ្នាំ។ នគរបាលឃាត់ខ្លួនពួកគេនៅវេលាម៉ោងជាង៧ព្រឹកថ្ងៃទី២៧ ខែមីនា នៅត្រង់ចំណុចភូមិអូរស្វាយ ឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅពេលនោះសមត្ថកិច្ចបានបញ្ឈប់រថយន្តហើយធ្វើការឆែកឆេរក៏ឃើញធុង១ដាក់ស្ករត្នោតតែធុងនោះបានបិទសន្ទះខាងក្នុងត្រឹមពាក់កណ្តាលធុង។ ដោយមានការសង្ស័យសមត្ថកិច្ចបានកាត់ធុងក៏ឃើញកញ្ចប់ថ្នាំញៀនប្រភេទមេតំហ្វេតាមីនបង្កប់ជាមួយនឹងដីខ្សាច់មានចំនួន១៣កញ្ចប់ធំស្មើនឹងទម្ងន់ជាង១២គីឡូក្រាម។
លោក ចែម ផានិត ថ្លែងថា៖ «មុនមានការចាប់ខ្លួនជនសង្ស័យ២នាក់នេះគឺកម្លាំងជំនាញយើងបានស៊ើបដឹងថាមានករណីជួញដូរគ្រឿងញៀនពីប្រទេសឡាវឆ្លងចូលខេត្តស្ទឹងត្រែង បន្ទាប់មកកម្លាំងរបស់យើង និងកម្លាំងនគរបាលប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀលបានឃើញរថយន្ត១គ្រឿងម៉ាកគាពណ៌ខ្មៅបើកបរពីទឹកដីឡាវឆ្លងព្រំដែនចូលមក»។
លោកបញ្ជាក់ថា ចំពោះជនសង្ស័យទាំង២នាក់ខាងលើនៅថ្ងៃទី២៧ ខែមីនា កំពុងត្រូវកម្លាំងជំនាញរបស់លោកស៊ើបសួរបន្តទៀតតាមនីតិវិធីដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមច្បាប់៕