ភ្នំពេញៈ លោក​ ហ៊ុន ម៉ា​ណែ​ត ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជាបាន​ថ្លែងថា លោក​បាន​ទទូច​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន​ចំពោះ​បុគ្គល​ណា ដែល​ហ៊ាន​យកឈ្មោះ​លោក​ទៅ​កាង​ដើម្បី​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​។

​លោក​ថ្លែង​បែបនេះ ក្នុងពេល​ធ្វើជា​តំណាង​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​បេតុង និង​ពិធី​កាត់​ឫស​សីមា និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​ឥន្ទ​រិទ្ធី នា​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​ ២៦ ខែមីនា ឆ្នាំ ២០២៣​។​

​លោក ​ហ៊ុន ម៉ា​ណែ​ត គូស​បញ្ជាក់​ដូច្នេះ​ថា​៖ «​ពី​ណាក៏ដោយ ឱ្យតែ​យកឈ្មោះ​ខ្ញុំ ជំនួយការ​ខ្ញុំ ស្អី​ក៏ដោយ ឱ្យតែ​យកឈ្មោះ​ខ្ញុំ​ទៅធ្វើ​ខុសច្បាប់ ចាប់​ទៅ មិនបាច់​សួរ​យោបល់​ខ្ញុំ​ទេ ហើយ​ប្រាប់​មក​ខ្ញុំ ខ្ញុំ​ប្តឹង​ថែមទៀត ព្រោះ​ទី​ ១ អ្នកឯង​ធ្វើ​ខុសច្បាប់ ហើយ​ខ្ញុំ​ប្តឹង​ព្រោះ​អ្នកឯង​យកឈ្មោះ​ខ្ញុំ​ទៅប្រើ​»​។

លោក​លើកឡើងថា ប៉ុន្មាន​ឆ្នាំនេះ មាន​ករណី​បុគ្គល​មួយចំនួន បាន​យកឈ្មោះ​របស់លោក​ទៅប្រើ​ផ្តេសផ្តាស​ដោយ​ខ្លះ​ប្រើ​ប្រាស់​រូបថត​ដែល​បាន​ថត​ជាមួយ​លោក ខណៈ​លោក​បាន​ថតរូប​ជាមួយ​មនុស្ស​រាប់រយ រាប់ពាន់នាក់​ឯណោះ ហើយ​បុគ្គល​ទាំង​នោះ ប្រើ​សមាស​ភាពជា​ជំនួយ​ការ​ផ្ទាល់​ឬ​ជា​បេសកជន​ផង ដែល​កាលពី​ប៉ុន្មាន​ថ្ងៃមុន​លោក​បានដឹង​ពាក់ព័ន្ធ​ករណី​ទន្ទ្រាន​ដីធ្លី​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បន្ថែមថា​៖ «​ហើយ​បើ​ប្រាប់​ខ្ញុំ​ស្រួល​ទៀត ខ្ញុំ​នឹង​ប្ដឹង​បន្តទៀត អ៊ីចឹង​បើ​ថ្ងៃ​ក្រោយ​អាជ្ញាធរ​គេ​ដក​ពាក្យបណ្ដឹង ក៏​នៅជាប់​ពាក្យបណ្ដឹង​របស់ខ្ញុំ​ដែរ ព្រោះ​បណ្ដឹង​ធ្វើឱ្យ​ខូច​ឈ្មោះ​»​។​

​លោក​អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​សម្តែង​ការ​សាទរ​ការលើកឡើង​រប​ស់លោក​ហ៊ុន ម៉ា​ណែ​ត​ដែល​ចង់​លុបបំបាត់​វប្បធម៌​យកឈ្មោះ​ឥស្សរជន ឬ​ថ្នាក់ដឹកនាំ ឬ​អ្នកមាន​ឥទ្ធិពល​ទៅប្រើ​ប្រាស់​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។

​លោក ​អំ សំអាត លើកឡើង​ដូច្នេះ​ថា​៖ «​បើ​យើង​សង្កេតឃើញ​មានការ​ចុះ​ព័ត៌មាន​នានា​កន្លងមក មាន​បុគ្គល​មួយចំនួន​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ជួន​​កាល​ទៀត ឈានទៅរក​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ទៅទៀត ប៉ុន្តែ​យកឈ្មោះ​ថ្នាក់ដឹកនាំ​យកឈ្មោះ​អ្នកមាន​ឥទ្ធិពល អាហ្នឹង​គឺ​វា​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ដល់​ថ្នាក់ដឹកនាំ និង​ជន​ដែលមាន​ឥទ្ធិពល​ទាំងឡាយ​នោះ​ផង​»​។​

​លោក​បន្ថែមថា វប្បធម៌​យកឈ្មោះ​ឥស្សរជន​ជាន់ខ្ពស់ ថ្នាក់​ដឹកនាំ ឬ​មន្ត្រីជាន់ខ្ពស់​នានា ទៅ​អន្តរាគមន៍​លើ​បញ្ហា​ណាមួយ ឬ​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន គួរ​ត្រូវបាន​លុប​​បំបាត់​។ លោក​ស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​អនុវត្តតាម​នីតិវិធី​ច្បាប់​លើ​បុគ្គល​គ្រប់រូប​ដោយ​ស្មើភាព​គ្នា​ចៀសវាង​ខ្លាចរអា​ឈ្មោះ​ជន​មានអំណាច​ឥស្សរ​ជន​ជាន់ខ្ពស់​ណាមួយ​ឡើយ​។​

​លោក​ មាស នី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម លើកឡើងថា វប្បធម៌​យកឈ្មោះ​អ្នកមានអំណាច​ទៅ​អន្តរាគមន៍​លើ​បញ្ហា​ចម្រូងចម្រាស​ផ្សេងៗ​តែង​កើតមាន​ជា​ញឹកញាប់​នៅតាម​មូល​ដ្ឋា​ន ជាពិសេស​ការប្រើ​ឈ្មោះ​របស់​គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តែម្តង​។ លោក​គាំទ្រ​លើ​ការលើកឡើង​របស់លោក​ហ៊ុន ម៉ា​ណែ​ត ដែល​ចង់​លុប​បំបាត់​វប្បធម៌​យកឈ្មោះ​អ្នកមានអំណាច​ទៅ​អន្តរាគមន៍​នេះ​។​

​លោក​ មាស នី ថ្លែងថា​៖ «​ជាការ​ល្អ គួរតែមាន​វិធានការ​ជា​ទ្រង់ទ្រាយ​ធំ​ទៅ បើ​មិន​អ៊ីចឹង​ទេ អ្នក​ដែល​ខិលខូច នឹងធ្វើ​ឱ្យ​ខូច​ឈ្មោះ​មន្ត្រីជាន់ខ្ពស់ ឥស្សរជន​ជាន់ខ្ពស់ ជាពិសេស​កេរ្តិ៍ឈ្មោះ​គ្រួសារ​សម្តេច​តែម្តង ដែល​គេ​ឮ​ច្រើន​តាមរយៈ​វប្បធម៌​យកឈ្មោះ​ទៅ​អន្តរាគមន៍​នេះ​»​។​

​លោក ​មាស នី បន្ថែមថា លោក​តែងតែ​ឮ​គេ​ប្រាប់​លោក​ជា​ញឹក​ញាប់​នៅពេល​ចុះ​មូលដ្ឋាន​ដែល អ្នកជំនួញ​រកស៊ី​ខ្លះ​តែង​ប្រើ​ឈ្មោះ​មន្ត្រីជាន់ខ្ពស់​ណា​ម្នាក់ ឬ​អ្នកមាន​ឥទ្ធិពល​ណាមួយ ភ្ជាប់​ជាមួយ​របរ​រកស៊ី​ផ្ទាល់ខ្លួន ដែល​ការធ្វើ​បែបនេះ ធ្វើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ភាគច្រើន​ខ្លាចរអា​មិនសូវ​ហ៊ាន​សួរនាំ​ច្រើន​។​

​លោក​បាន​ស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា ដោយ​មិនត្រូវ​គិតពី​ឈ្មោះ​បុគ្គល​មានអំណាច​ណាមួយ​ជាមុន​ឡើយ គឺ​ត្រូវយក​ច្បាប់​ជាធំ​៕