
ជំនួបរវាងលោកហ៊ុន សែន និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃទី២៧ មីនា ។ រូបថត SPM
ភ្នំពេញៈ អ្នកឃ្លាំមើលសង្គមបានសាទរចំពោះទំនាក់ទំនងកម្ពុជាម៉ាឡេស៊ីស្របពេលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ា អ៊ីមប្រាហ៊ីម(Anwar Ibrahim)មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៣ តបតាមការអញ្ជើញពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានចូលគាល់ព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តម សីហមុនី, ជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ,ជំនួបដាច់ដោយឡែកជាមួយប្រធានព្រឹទ្ធសភា លោក សាយ ឈុំ និងជួបពិភាក្សាសំណេះសំណាលជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ក្នុងគោលដៅពិភាក្សាជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់ស៊ីជម្រៅរវាងប្រទេសទាំង២និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌ ព្រមទាំងដើម្បីមេដឹកនាំប្រទេសទាំង២ផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ អន្តរជាតិផងដែរ។
លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ដំណើរទស្សនកិច្ចនេះ នឹងជួយជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងក្របខ័ណ្ឌរដ្ឋនិងរដ្ឋ។ លោកកត់សម្គាល់ថា បើទោះបីលោក អាន់វ៉ា អ៊ីមប្រាហ៊ីម ធ្លាប់ជាអ្នកនយោបាយប្រឆាំងដែលធ្លាប់ស្និទ្ធស្នាលនឹងក្រុមគណបក្សប្រឆាំងនៅកម្ពុជាក្តី ប៉ុន្តែក្នុងនាមលោកជាប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី ដំណើរទស្សនកិច្ចនេះ បានតម្កល់ប្រយោជន៍ជាតិជាធំ។
លោកគិន ភា បានបញ្ជាក់ថា៖ «បើនិយាយពីទំនាក់ទំនងនៃប្រទេសទាំង២ កន្លងមក ប្រទេសទាំង២មានទស្សនៈស្របគ្នាច្រើនចំពោះកិច្ចការតំបន់ ជាពិសេសកិច្ចការរួមក្នុងក្របខ័ណ្ឌអាស៊ាន ដោយសារប្រទេសទាំង២ជាសមាជិកអាស៊ានដូចគ្នា ត្រូវការកិច្ចសហការនិងកិច្ចគាំទ្រគ្នាទៅវិញទៅមក»។
លោកគិន ភា បានបន្ដថា កម្ពុជាត្រូវការម៉ាឡេស៊ីក្នុងបញ្ហាវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ ចំណែកម៉ាឡេស៊ីវិញត្រូវការកម្ពុជាដើម្បីគាំទ្រជំហរម៉ាឡេស៊ីក្នុងកិច្ចការតំបន់ និងអន្តរជាតិ ខណៈតួនាទីកម្ពុជាក្នុងឆាកអន្តរជាតិហាក់កាន់តែសំខាន់ជាងមុន។
សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដានបញ្ហាតំបន់ លោកសេង វណ្ណលី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកអាន់វ៉ា អ៊ីមប្រាហ៊ីម មកកម្ពុជា ដោយសារជាទម្លាប់នៃមេដឹកនាំទើបជាប់ឆ្នោតថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសចាំបាច់ ។
លោកបានថ្លែងថា កម្ពុជាជាដៃគូសំខាន់សម្រាប់ម៉ាឡេស៊ី ហើយជាប្រទេសក្នុងក្របខ័ណ្ឌអាស៊ានផង ដូច្នេះទស្សនកិច្ចផ្លូវការបែបនេះ ធ្វើឡើងដើម្បីជជែកពីកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម បន្ទាប់ពីប្រទេសទាំង២ព្យាយាមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនក្រោយវិបត្តិកូវីដ១៩។
លោកសេង វណ្ណលី ថ្លែងថា៖ អ្នកវិនិយោគរបស់ម៉ាឡេស៊ីមានការចាប់អារម្មណ៍មកលើទីផ្សារកម្ពុជាដែលមានសក្តានុពល ដូច្នេះខ្ញុំយល់ថា ដំណើរទស្សនកិច្ចមួយនេះ ជាការបើកផ្លូវរបស់លោកអាន់វ៉ា អ៊ីមប្រាហ៊ីម ដើម្បីជំរុញការវិនិយោគ និងស្វែងរកលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។
លោក សេង វណ្ណលី បានបញ្ជាក់ថា រដ្ឋាភិបាលលោកអាន់វ៉ា ទំនងជាចង់រួមដៃជាមួយសមាជិកអាស៊ានដើម្បីដោះស្រាយបញ្ហាតំបន់និងសកលលោក។
លោកបន្ថែមថា ភាគីទាំង២ជាពិសេសភាគីម៉ាឡេស៊ីអាចនឹងជជែកច្រើនពីបញ្ហាជុំវិញបញ្ហាសិទ្ធិការងារនិងបញ្ហាពលករ ដែលភាគីទាំង២នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមាតុភូមិនិវត្តន៍របស់ពលករខ្មែរនៅម៉ាឡេស៊ីដែលត្រូវបានរំលោភបំពានដោយអ្នកវិនិយោគម៉ាឡេស៊ីព្រមទាំងកិច្ចពិភាក្សាលើបញ្ហាផ្លូវច្បាប់ជុំវិញកម្លាំងពលកម្មរបស់កម្ពុជាក្រៅផ្លូវការនៅម៉ាឡេស៊ីដែលកន្លងមករងការបំពានលើច្បាប់ការងារពីវិនិយោគិនម៉ាឡេស៊ីជាដើម។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកកម្ពុជានាពេលនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជារំពឹងថានឹងនាំមកនូវសម្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីឱ្យរឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំង២ហើយនឹងរួមចំណែកដល់ការថែរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ក៏ដូចជារួមចំណែកដល់ការបន្តការអភិវឌ្ឍនិងវិបុលភាពរបស់សហគមន៍អាស៊ាន និងអន្តរជាតិ។
នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយនឹងលោកអាន់វ៉ា អ៊ីប្រាហ៊ីម បានអញ្ជើញចូលរួមពិធីស្រាយបួសខែរ៉ាម៉ាដន នៃសាសនាអ៊ិស្លាមកម្ពុជា ដែលមានសាសនិកអ៊ិស្លាមចូលរួមចំនួន៦ ១០០នាក់ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ។
លោក ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ដាតូ សេរ៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato Seri Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រតិភូ អង្គការសហប្រតិបត្តិការអ៊ិស្លាម ដែលបានអញ្ជើញមកចូលរួមស្រាយបួស ដោយផ្ទាល់នៅកម្ពុជានាពេលនេះ។
ក្នុងជំនួបប្រជុំទ្វេភាគីកាលពីថ្ងៃទី២៧ ខែមីនា នាយករដ្ឋមន្ត្រីប្រទេសទាំង២បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរបន្ថែមទៀត។ថ្នាក់ដឹកនាំទាំង២បានរិះរកវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ដែលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដូចជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាដើម៕