ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​អំពី​ការប្តេជ្ញា​របស់លោក ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ីម (Anwar Ibrahim) ដើម្បី​បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​និង​រីកចម្រើន​ថែម​ទៀត ខណៈ​លោក​មាន​សុ​ទិដ្ឋិ​​និយម​ថា ប្រទេស​ទាំង​​ ២​ នឹង​បន្ត​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម នៅក្នុង​តំបន់ និង​ពិភពលោក​។​

​លោក​បញ្ជាក់​ដូច្នេះ​ក្នុងជំនួប​ជាមួយ​លោក Anwar Ibrahim នា​ថ្ងៃទី​ ២៧ ខែមីនា​នៅ​វិមាន​សន្តិ​ភាព​រាជធានី​ភ្នំពេញ​ក្នុង​ឱកាសលោក Anwar Ibrahim មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​លោក ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទកាសែត ក្រោយ​ជំនួប​នេះ​ថា ភាគី​ទាំង​ ២​ បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ជុំវិញ​បញ្ហា​តំបន់ និង​អន្តរជាតិ និង​កង្វល់​រួម ដូចជា​បញ្ហា​មី​យ៉ាន់​ម៉ា បញ្ហា​រ៉ូ​ហ៊ីង​យ៉ា និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​រាប់បញ្ចូល​បន្ថែម​នូវ​បញ្ហា​ឧបទ្វីប​កូរ៉េ​ផងដែរ និង​បញ្ហា​ទាក់ទង​នឹង​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​ផងដែរ​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូមបញ្ជាក់​អំពី​ការប្តេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯក​ឧ​ត្ត​ម​នាយករដ្ឋមន្ដ្រី​អាន់​វ៉ា អ៊ី​ប្រា​ហ៊ីម ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​និង​រីកចម្រើន​ថែមទៀត​។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ប្រទេស​យើង​ទាំង​ ២ ​នឹង​បន្ត​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​តំបន់ និង​ពិភពលោក​ដើម្បី​ពង្រឹង​នូវ​សាមគ្គីភាព ឯកភាព និង​ម​ជ្ឈ​ភាព​អា​ស៊ាន សំដៅ​រក្សា​សន្តិភាព ស្ថិរ​ភាព និង​វិបុលភាព​របស់​សហ​គម​ន៍​អាស៊ាន និង​ពិភពលោក​»​។​

​ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ដោយបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ និង​បាន​ប្តេជ្ញា​បន្ត​លើកកម្ពស់​ថែមទៀត នូវ​កិច្ច​សហប្រតិបត្តិការ លើ​គ្រប់​វិស័យ​រួមមាន​ពាណិជ្ជកម្ម​វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការ​ត​ភ្ជាប់ និង​ទំនាក់ទំនង​រវាង​ប្រ​ជា​ជន និង​ប្រជាជន​។

​លោក​បន្តថា នាយករដ្ឋមន្ត្រី​ទាំង​ ២ បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ទាំង​ ២ ​បន្ត​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់​ឱ្យ​កាន់តែ​ញឹកញាប់​នៅ​គ្រប់​កម្រិត ដើម្បី​ពង្រឹង​មិត្តភាព​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បង្កើន​ទំនុកចិត្ត​ឱ្យ​កាន់តែ​ខ្ពស់ និង​ពង្រីក​វិសាល​ភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​។ ភាគី​ទាំង ​២ ​បាន​ឯកភាព​ពង្រឹង​យន្តការ​សហប្រតិបត្តិកា​រ​ទ្វេភាគី ដែលមាន​ស្រាប់​ជាពិសេស​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ម៉ា​ឡេ​ស៊ី​។ ចំពោះ​វិស័យ​ទេសចរណ៍ លោក​ហ៊ុន សែន បាន​ស្នើឱ្យ​អនុវត្ត​អនុស្សរណៈ​ការយោគយល់​គ្នា ​(MoU)​ ស្ដីពី​សហប្រតិបត្តិការ​ទេសចរណ៍​ឱ្យមាន​ប្រសិទ្ធភាព និង​ស្នើ​ម៉ាឡេស៊ី​ជួយ​គាំទ្រ​ដល់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ការងារ​ទេសចរណ៍​មូស្លីម​តាមរយៈ​ការ​បណ្តុះបណ្តាល និង​បច្ចេកទេស​។​

​លោក​ថ្លែងថា​៖ «​ចំពោះ​វិស័យ​កសិកម្ម យើង​បាន​ឯកភាព​បន្ត​ជំរុញ​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធ​​ភាព​អនុស្សរណៈ​នៃ​ការ​យោគ​​យល់​ស្ដីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​ឫស្សី​នៅ​កម្ពុជា​»​។​

​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ និង​ការអភិវឌ្ឍ​ធនធានមនុស្ស លោក ហ៊ុន សែន​បាន​អរគុណ​ម៉ាឡេស៊ី ដែល​បាន​ឯកភាពគ្នា​លើកកម្ពស់​ការបណ្តុះបណ្តាល និង​ចែករំលែក​បទពិសោធន៍​បន្ថែមទៀត​តាម​រយៈ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេក​ទេស​ម៉ាឡេស៊ី និង​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ម៉ា​ឡេ​ស៊ី​ជាពិសេស​ក្រោម​គំនិត​ផ្ដួច​​ផ្ដើម​ថ្ មី​«My Digital»​ របស់​ម៉ា​ឡេ​ស៊ី​។

​ក្នុង​វិស័យ​ថាមពល លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​ខ្ញុំ​បានស្នើ​ឯកឧត្តម​នាយក​រដ្ឋ​មន្ត្រី​ផ្ដល់​ការគាំទ្រ​ដល់​ការស្ថាបនា​ខ្សែ​កា​ប្លិ៍​អគ្គិសនី​តាម​បាតសមុទ្រ ដែល​ត្រូវ​ឆ្លងកាត់​ដែនសមុទ្រ​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​គម្រោង​ពាណិជ្ជកម្ម​ថាមពលបៃតង​រវាង​ក​ម្ពុ​ជា​-​សិង្ហ​បុរី​។ ឯកឧត្តម​នា​យក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ក៏បាន​ឆ្លើយ​តប​បញ្ជាក់ថា នាយករដ្ឋមន្ដ្រី​សិង្ហ​បុរី Lee Hsien Loong ក៏បាន​លើក​បញ្ហា​នេះ ជាមួយ​ឯក​ឧ​ត្ត​ម​ផងដែរ​។ នេះ​ជា​វឌ្ឍនភាព​និង​ជា​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​មួយ នៅក្នុង​ចំណោម​ពួកយើង​»​។​

​ទាក់ទង​នឹង​វិស័យ​ឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​លោក​ថា កម្ពុជា​លើក​ទឹកចិត្ត​វិនិយោគិន​ម៉ាឡេស៊ី ឱ្យ​ចូលរួម​អភិវឌ្ឍ​ឧស្សាហកម្ម​ផលិត​កម្ម​ឧស្សាហកម្ម​កែច្នៃ ឧស្សាហ​កម្ម​ហា​ឡា​ល់ និង​ឧស្សាហកម្ម​ផ្នែក​ចំណេះដឹង និង​បច្ចេកវិទ្យា​នៅ​កម្ពុជា​។

​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ការពារជាតិ និង​សន្តិសុខ លោក​បន្តថា​៖ «​ភាគី​ទាំង​ ២ ​បាន​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ពាក់ព័ន្ធ ការផ្លាស់ប្តូរ​គណៈប្រតិភូ​ជំនាញ ដើម្បី​ដក​ពិសោធន៍​ការងារ​ប្រឆាំងនឹង​ការ​​រត់ពន្ធ និង​ជួញដូរ​មនុស្ស និង​ការ​ងារ​សម្អាត​ប្រាក់ ព្រមទាំង​ពិ​ចារ​ណា​បង្កើត​មាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អគ្គ​ស្នង​ការ​នគរបាលជាតិ​ក​ម្ពុ​ជា និង​នគរបាល​ភូមិន្ទ​ម៉ាឡេស៊ី ស្តីពី​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ នេះ​ជា​ចំណុច​ដែល​ខ្ញុំ​បានស្នើ​ទៅ​ឯក​​ឧ​ត្ត​ម​នាយករដ្ឋមន្ត្រី​»​។

​លោក ហ៊ុន សែន ថ្លែង​ទៀតថា ក្រៅពីនេះ​ភាគី​ទាំង ​២ ​ក៏បាន​ឯកភាពគ្នា​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន និង​ទូរ​គម​នាគម​ន៍​សេដ្ឋកិច្ច​ឌីជីថល និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត​ថែមទៀត​។

​នាយករដ្ឋមន្ត្រី​ទាំង​ ២​​ បានធ្វើ​ជា​សហ​ធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​​យោគយល់​គ្នា (MoU) ស្ដីពី​ការ​ជ្រើសរើស ការប្រើប្រាស់ និង​ការ​​ធ្វើ​មាតុភូមិនិវត្តន៍ របស់​ពលករ និង​ពលករ​ធ្វើ​ការងារ​ផ្ទះ​។ លោក ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​ក៏បាន​ស្នើ​បន្ត​អនុវត្ត​នូវ​យន្ដការ​ដែលមាន​ស្រាប់​ដើម្បី​លើកកម្ពស់​ការ​​ការពារ​សិទ្ធិ​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​»​។​

​លោក Anwar Ibrahim ក៏បាន​ថ្លែង​ក្នុង​សន្និសីទ​នេះ​តាម​រយៈ​ការបកប្រែ​ថា លោក​ទន្ទឹងរង់ចាំ​នូវ​ការចូលរួមចំណែក​រប​ស់លោក ហ៊ុន សែន នៅក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ខាងមុខនេះ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ព្យា​យាម​ផ្តល់នូវ​ទស្សនៈ​មួយចំនួន នៅក្នុង​ក្របខ័ណ្ឌ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​បង្ហាញ​អំពី​ដំណោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា​ដែល​អាច​ដោះ​ស្រាយ​បាន និង​បង្ហាញ​ទៅដល់​រដ្ឋបាល​យោធា​មី​យ៉ាន់​ម៉ា ឱ្យ​យល់​អំពី​បញ្ហា​នេះ​ដែល​មិនត្រូវ​បន្ត​ដោយ​មិនមាន​ដំណោះស្រាយ​នោះទេ​។

​លោក​ថ្លែងថា​៖ «​ដូច្នេះ សូម​ថ្លែងអំណរគុណ​ជាថ្មី​ម្តងទៀត​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង អំពី​បញ្ហា​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ឧបទ្វីប​កូរ៉េ តៃវ៉ាន់ និង​ចិន​។ យើង​មាន​ទស្សនៈ​ស្រដៀង​គ្នា ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ សម្តេចនាយក​រដ្ឋ​មន្ត្រី​ក្នុងការ​បំពេញ​ទស្សនកិច្ច​ទៅកាន់​គូ​ឡា​ឡាំ​ពួ​»​។​

​ចំណែក​លោក ហេង សំរិន ប្រធានរដ្ឋសភា ក្នុងជំនួប​ជាមួយ​លោក Anwar Ibrahim នា​ថ្ងៃ​ទី ​២៧ ខែមីនា​នោះដែរ លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក Anwar Ibrahim នេះ នឹង​រួម​​ចំណែក​បន្ថែមទៀត​ក្នុងការ​ «​ពូន​​ជ្រុំ​» លើកកម្ពស់​ទំនាក់ទំនង មិត្ត​ភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ប្រទេស​ទាំង​ ២ ​ដែលមាន​ជាង​ ៦ ​ទសវត្សរ៍​មកនេះ​ឱ្យ​កាន់​តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត​។

​លោក យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ប្រសិនបើ​ធ្វើបាន​ដូច​ការ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ ​នេះ គឺជា​ការល្អ ពីព្រោះ​ប្រទេស​ទាំង​ ២​ ស្ថិតនៅក្នុង​ក្រប​​ខ័​ណ្ឌ​អាស៊ាន​ជាមួយគ្នា​។

​លោក​បន្តថា​៖ «​កន្លងទៅ ចេះតែមាន​ពាក្យពេចន៍ ឬក៏​ភាសា​ការទូត​ថា ម៉ាឡេស៊ី និង​កម្ពុជា​ហ្នឹង មិនសូវមាន​ទំនាក់ទំនង​យល់ចិត្ត​គ្នា ជាពិសេស គណបក្ស​លោក Anwar Ibrahim ហ្នឹង​ផ្ទាល់​តែម្ដង ដែល​កន្លងទៅ​ហ្នឹង កាល​គាត់​នៅ​បក្សប្រឆាំង គាត់​គាំទ្រ​បក្ស​ប្រឆាំង​កម្ពុជា​អ៊ីចឹង​ដែរ​។ អ៊ីចឹង​បើ​ពេលនេះ គាត់​បានជា​នាយក​រដ្ឋមន្ត្រី​ហើយ បើ​បាន​ពង្រឹង​ទំនាក់​ទំនង​នេះ​យើង​គិតថា ល្អ​...»៕