​បន្ទាយ​មាន​ជ័​យៈ អភិបាល​ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​អះអាងថា កសិកម្ម​ជា​វិស័យ​អាទិភាព​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដោយ​ក្នុងចំណោម​ពលរដ្ឋ​ប្រមាណ​៨០​ម៉ឺន​នាក់ គឺមាន​ ៨៥ ​ភាគរយ​ជា​អ្នក​ប្រកប​របរ​កសិកម្ម ហើយ​ក្នុង​ ១​ ឆ្នាំៗ ពលរដ្ឋ​អាច​ប្រមូល​ផល​ស្រូវ​បាន​ប្រមាណ​ពី ​៩ សែន ទៅ​ ១ ​លាន​តោន​។

​លោក អ៊ុំ រាត្រី បាន​ថ្លែង​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ «​ភាពជោគជ័យ​ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំកន្លងមក របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​»​ ដែល​ធ្វើឡើង​នៅ​ទីស្ដីការ​គណៈ​​រដ្ឋមន្ដ្រី​នា​ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំ​ ២០២៣​។​

​លោក​អភិបាលខេត្ត​បន្ទាយ​មានជ័យ​បាន​បន្តថា ការដែល​ខេត្ត​មានលទ្ធភាព​បង្កបង្កើនផល​​ស្រូវ​បាន​ច្រើន​ដោយសារ​តែមាន​ប្រព័ន្ធធារាសាស្ត្រ ប៉ុន្តែ​យ៉ាង​ណា​ក្ដី ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្ត​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។

​សម្រាប់​រដូវវស្សា​ខេត្ត​មាន​ប្រភពទឹក​ច្រើន​ដែល​អាចឱ្យ​ពលរដ្ឋ​ធ្វើស្រែ​បាន ប៉ុន្តែ​ក្នុង​រដូវប្រាំង ប្រព័ន្ធធារាសាស្ត្រ​អាច​ផ្គត់​ផ្គង​ទឹក​បានតែ​ប្រមាណ ៣ ​ម៉ឺន​ហិកតា​ប៉ុណ្ណោះ​។

​លោក​ថ្លែងថា​៖ «​បងប្អូន​ប្រជាពលរដ្ឋ​គាត់​ឃើញ​គេ​ធ្វើបាន​ក៏​នាំគ្នា​ធ្វើតាម​គ្នា​រហូត ជាង​ ៥ ​ម៉ឺន​ហិកតា​សម្រាប់​ឆ្នាំនេះ ប៉ុន្តែ​ ៥ ​ម៉ឺន​ហិកតា​នេះ បើ​គាត់​ធ្វើ​ទាន់​នៅ​រដូវ​ទឹក​ស្រក​លើក​ទី​១ គឺ​អត់​បញ្ហា​ទេ គឺ​ទិន្នផល​ល្អ ស្រូវ​ល្អ ប៉ុន្តែ​យើង​បារម្ភ​នៅពេល​គាត់​ធ្វើ​អា​ទី​ ១ ហើយ គាត់​បន្តទៅ​ធ្វើ​អា​ទី​២ ​ទៀត ដែល​នោះ​ជា​បញ្ហា​ជួប​វិបត្តិ​ខ្វះ​ទឹក​»​។

​លោក ​អ៊ុំ រាត្រី លើកឡើងថា ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ក្នុង​ខេត្តបន្ទាយមានជ័យ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយមាន​ក្រសួង​ធនធានទឹក និង​ឧតុ​និយម ជា​សេនាធិការ បាន​ឯកភាព​ផ្តល់​គម្រោង​ធំៗ​ចំនួន​ ២ ​ដល់​ខេត្ត​សម្រាប់​រៀបចំ​កែសម្រួល​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ធា​រា​​សាស្ត្រ​។

​ទី​១​ គឺ​ប្រព័ន្ធធារាសាស្ត្រ​ដែល​ឧបត្ថម្ភ​ថវិកា​ពី​ប្រទេសកូរ៉េ ដែល​ផ្តើមចេញពី​ក្រុង​ប៉ោយ​​ប៉ែត ស្រុក​អូរជ្រៅ និង​ស្រុក​​ម៉ាឡៃ ដែល​ប្រព័ន្ធ​នេះ​បាន​សិក្សា​រួចរាល់ និង​កំពុង​ដោះស្រាយ​ផលប៉ះពាល់ ហើយ​និង​គ្រោង​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ​។

​លោក​បញ្ជាក់ថា ប្រព័ន្ធ​ធា​រា​សាស្ត្រ​ ១​ ផ្នែក​នេះ អាច​ចំណាយពេល​ ២ ​ឆ្នាំ​ក្នុងការ​អនុវត្ត​គម្រោង​ដែល​រយៈពេល ​២ ឆ្នាំនេះ នឹងមាន​ការរៀបចំ​ប្រព័ន្ធ​អាងទឹក​ចំនួន​ ៣ គឺ​អាង​កន្សែង​នៅ​ស្រុក​​អូរជ្រៅ អាង​វាល​ល្ហែ​ង​នៅ​ស្រុក​ម៉ាឡៃ និង​អាង​នៅ​ក្រុង​ប៉ោយ​ប៉ែត​។​ទាំង​ ៣​ អាង​នោះ​ធ្វើឱ្យ​ខេត្តបន្ទាយមានជ័យ​មាន​ប្រភពទឹក​ ១​ ទុក​តម្កល់​ទឹក​ផ្នែក​ខាងលើ និង​មាន​ប្រព័ន្ធ​ធា​រាស្ត្រ​ប៉ែក​ខាងក្រោម​ដែល​ធ្លាក់ទឹក​រហូតដល់​បឹង​ទន្លេសាប ហូរ​ឆ្លងកាត់​ស្រុក​អូរជ្រៅ ក្រុង​សិរីសោភ័ណ ស្រុក​មង្គលបុរី និង​អាច​ ១​ ផ្នែក​នៅ​ស្រុក​ព្រះនេត្រព្រះ​។

​លោក​ថ្លែងថា​៖ «​បើ​យើង​រៀប​ចំ​ប្រព័ន្ធ​នេះ​បាន​ ១ ​ចំណែក ខ្ញុំ​គិតថា វិស័យ​កសិកម្ម​នឹងមាន​ការកើនឡើង​កាន់​តែ​ខ្ពស់​ដោយ​សារ​យើង​មាន​ប្រភពទឹក​សម្រាប់​ផ្គត់ផ្គង់​ជូន​បងប្អូន​ពលរដ្ឋ​»​។​

​លោក ​អ៊ុំ រាត្រី បានឱ្យដឹង​ទៀតថា ដោយឡែក​គម្រោង​ប្រព័ន្ធធារាសាស្ត្រ​ ១ ​ទៀត គឺ​នៅក្នុង​ស្រុក​ស្វាយចេក ដែល​បាន​ដំណើរការ​ជាង​ ១០​ គីឡូម៉ែត្រ​ហើយ ដោយ​ធ្វើ​ប្រឡាយ​មេ​ធំ​ ១ ពី​ស្រុក​ស្វាយចេក មកដល់​ក្រុង​សិរីសោភ័ណ និង​បន្ត​ជំហាន​ទី​ ២ ​ទៀត ហើយ​បើ​លោក​ចាំ​មិន​ខុស​ទេ នេះ​ជា​គម្រោង​ថវិកា​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​។

​តាម​របាយការណ៍​សង្ខេប​ស្តីពី​ភាពជោគជ័យ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹងថា ផ្ទៃដី​ដាំ​ដុះ​ស្រូវ​សរុប​មាន​ ៣០៥ ០៣៥​ ហិកតា ដែល​ទទួលបាន​បរិមាណ​សរុប​ពី​ ៩ ​សែន​តោន​ទៅ​ ១​ លាន​តោន​ក្នុង​ ១ ​ឆ្នាំ​។ ក្នុងនោះ​ស្រូវវស្សា​មាន​ ៧៦៨ ៧៩៥​ តោន​ក្នុង​ ១ ​ឆ្នាំ ចំណែក​ស្រូវប្រាំង​មាន​ចំនួន ២៥១ ៣៦៨​ តោន​ក្នុង ​១​ ឆ្នាំ​។

​របាយការណ៍​នោះ​បន្តថា រីឯ​ផ្ទៃដី​ដំណាំ​ឧស្សាហកម្ម​សរុប​មាន​ចំនួន ១២២ ៧៩២ ​ហិកតា ក្នុងនោះ​ដំឡូង​មី​មាន ១០២ ៩៥៥​ហិកតា ស្វាយចន្ទី​មាន ៣ ៥៨៩​ ហិកតា ពោតក្រហម ១៣ ៧៦១ ហិកតា អំពៅ ៥០១ ​ហិកតា សណ្ដែកបាយ​ ៥១​ ហិកតា ដំណាំ​បន្លែ​មាន​ចំនួន ៣ ៥៣៨​ ហិកតា និង​ដំណាំ​រួមផ្សំ មាន​ចំនួន​ ៥ ៧៣៥ ​ហិកតា​។ ក្នុង​រយៈពេល ​៥ ឆ្នាំនេះ បរិមាណ​ស្រូវ​សរុប​ចំនួន ៤ ៨១៥ ៤៦៣​ តោន ពោតក្រហម​ចំនួន ៣៩១ ៦៣០​ តោន ដំឡូង​មី ១០ ២៨២ ២១៨ ​តោន អំពៅ ៧៤ ៨៨១​ តោន​។​

​ខេត្តបន្ទាយមានជ័យ​មាន​ប្រព័ន្ធធារាសាស្ត្រ​ដែល​បាន​ចុះបញ្ជី​សារពើ​ភណ្ឌ​សរុប​ចំនួន​ ៨៧ ​ប្រព័ន្ធ (​ខ្នាតតូច ​៦ ​ប្រព័ន្ធ ខ្នាត​មធ្យម ៧៥​ ប្រព័ន្ធ និង​ខ្នាត​ធំ​ ៦ ​ប្រព័ន្ធ​) ស្ថិតនៅ​រាយ​ប៉ាយ​តាម​បណ្តា​ក្រុង ស្រុក ទូទាំង​ខេត្ត ដែល​អាច​ស្រោច​ស្រព​ដំណាំ​នៅលើ​ផ្ទៃដី​បាន​ចំនួន ៦៣ ២០២ ​ហិកតា ក្នុងនោះ ផ្ទៃដី​ស្រូវវស្សា​ដែល​ទទួល​​បាន​ពី​ប្រព័ន្ធ​ស្រោចស្រព​ចំនួន ២៧ ៩៨៤​ ហិកតា ចំណែកឯ​ផ្ទៃដី​ដាំ​ស្រូវប្រាំង​វិញ​ចំនួន ៣៥ ២១៨​ ហិកតា​៕