
លោក ស ខេង ដឹកនាំមន្ត្រីជំនាញប្រជុំ កាលពីថ្ងៃទី ២៧ មីនា។ រូបថត ហ្វេសប៊ុកស ខេង
ភ្នំពេញៈ ក្រសួងមហាផ្ទៃនឹងបញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យមុននឹងបញ្ជូនបន្តទៅរដ្ឋសភាដើម្បីធ្វើការអនុម័ត បន្ទាប់ពីអ្នកជំនាញក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធបានបញ្ចប់ការតាក់តែងសេចក្តីព្រាងច្បាប់នេះ។
ការសម្រេចបញ្ចប់សេចក្ដីព្រាងច្បាប់នេះត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ តាមរយៈកិច្ចប្រជុំឣន្តរក្រសួង ដើម្បីពិនិត្យ ឆ្លងសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលដឹកនាំដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងមានការចូលរួមពីលោក អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមានការចូលរួមពីបណ្ដាក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធផ្សេងៗទៀតផងដែរ។
នាឱកាសនោះ លោក ស ខេង បានថ្លែងថា សេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជា លិខិតស្នាមនានាត្រូវធ្វើឡើងដើម្បីបង្រួម និងសង្ខេបព័ត៌មាន អំពីការកើត ទិន្នន័យអត្តសញ្ញាណបុគ្គល បណ្តុំទិន្នន័យពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍ និងមរណភាពជាដើម។
លោកបញ្ជាក់ថា៖ «កិច្ចប្រជុំលើកនេះអាចថា ជាកិច្ចប្រជុំអន្តរក្រសួងចុងក្រោយ មុននឹងដាក់ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចបញ្ចប់សេចក្ដីព្រាងច្បាប់នេះ»។
លោកបានលើកឡើងថា កន្លងមកទាក់ទងនឹងបទប្បញ្ញតិ្តនៃការចុះបញ្ជីស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបាននិងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ នៅមានភាពរប៉ាត់រប៉ាយ ដែលបង្កការលំបាកក្នុងការទទួលបានព័ត៌មានជាក់លាក់ ច្បាស់លាស់ និងមិនទាន់មានភាពគ្រប់គ្រាន់ ដែលពុំទាន់ឆ្លើយតបទៅនឹងសភាពការណ៍នាពេលបច្ចុប្បន្ននោះទេ។
លោកបន្តថា ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះឡើង។ បន្ថែមពីនេះទៀត ក្រុមការងារអន្តរក្រសួងនេះ នឹងធ្វើការសហការគ្នា និងអនុវត្តតាមការណែនាំនានា ចាប់តាំងពីដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ដំបូង រហូតដល់បញ្ចប់សេចក្តីព្រាងច្បាប់ដោយជោគជ័យ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានថ្លែងថា លោកនៅមិនទាន់ទទួលបាន និងឃើញពីភាពលម្អិត នៃសេចក្ដីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះនៅឡើយទេ ហេតុនេះលោកមិនទាន់អាចមានយោបល់យ៉ាងណាឡើយ។លោកថា កម្ពុជា គឺមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ ដែលជាអ្នកអនុវត្តទៅលើការគ្រប់គ្រងអត្តសញ្ញាណកម្មរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនបានពឹងផ្អែកទៅលើច្បាប់ផ្សេងៗនោះទេ។ ដូច្នេះហើយលោក ចង់ឃើញសេចក្ដីព្រាងច្បាប់ដែលជិតដំណើរការខាងមុខនេះ នឹងផ្ដល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋខ្មែរបានប្រសើរជាងមុន។
លោក អំ សំអាត ថា៖ «អ៊ីចឹងសេចក្ដី ព្រាងច្បាប់នេះ គឺវាក៏ជាការជួយមួយដែរសម្រាប់ខាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឱ្យអនុវត្តការងារមានភាពប្រសើរឡើង សម្រាប់បងប្អូនប្រជាពលរដ្ឋ ហើយក៏ជាការសម្រួល ពីព្រោះច្បាប់នេះ គឺយើងក៏ចង់ឃើញច្បាប់ដែលសម្រួលនិងការជួយទៅដល់ប្រជាពលរដ្ឋច្រើនជាងការផ្ដល់ផលលំបាកទៅដល់បងប្អូនប្រជាពលរដ្ឋ»។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញណកម្មនេះ មាន ១៣ ជំពូក និង ១៨២ មាត្រា ដែលរៀបចំឡើងដើម្បីកំណត់អំពីវិធាន និងនីតិវិធីដែលទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការរៀបចំស្ថិតិអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល និងការរៀបចំ ការគ្រប់គ្រងបញ្ជីប្រជាជនដើម្បីធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម៕