ភ្នំពេញៈ ដើមឈើ​ជាង​ ១ ​ពាន់​ដើម ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប បាន​បន្ត​ដាំ​ក្នុង​យុទ្ធនា​ការដាំ​ដើមឈើ​បន្ថែម​នៅ​បរិវេណ​ខាងលិច​ត្រពាំង​សេះ ដើម្បី​អភិរក្ស​រមណីយដ្ឋាន​អង្គរ​។​

យុទ្ធនា​ការដាំ​ដើមឈើ និង​ស្មៅ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ បានចាប់ផ្តើម​ដាំ​ដើមឈើ​ចម្រុះ​និង​ស្មៅ​លើ​ផ្ទៃដី​សរុប​ជិត​២​ហិកតា នា​បរិវេណ​ខាងជើង​ស្រះ​ត្រពាំង​សេះ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៣ កន្លងមកនេះ និង​បាន​បន្តធ្វើ​យុទ្ធនាការ​នេះ​ជា​បន្តបន្ទាប់​ផងដែរ​។​

ជាក់ស្តែង នា​រសៀល​ថ្ងៃទី​២៨ ខែមីនា អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយនឹង​សាខា​ពន្ធដារ​ខេត្តសៀមរាប និង​សភាពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ បាន​បន្ត​យុទ្ធនា​ការដាំ​ដើមឈើ​ចម្រុះ​នេះ​ផងដែរ ដោយបាន​រួមគ្នា​ដាំ​ដើមឈើ​ចំនួន​ប្រមាណ​១ ២០០​ដើម នៅ​បរិវេណ​ខាងលិច​ត្រពាំង​សេះ​។​

យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​២៩ ខែមីនា បានឱ្យដឹងថា យុទ្ធនា​ការដាំ​ដើមឈើ​ចម្រុះ នៅ​បរិវេណ​ខាងលិច​ត្រពាំង​សេះ​នេះ ដើម្បី​អភិរក្ស​រមណីយដ្ឋាន​អង្គរ ឱ្យមាន​ទេសភាព​ស្រស់ស្អាត បៃតង​គ្រប់​រដូវ​កាល ស័ក្តិ​សមជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​។​

តាមរយៈ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើកឡើងថា ដើមឈើ​មិន​ត្រឹម​តែមាន​សារៈសំខាន់​ខ្លាំង​ដល់​រមណីយដ្ឋាន​អង្គរ​ទាំងមូល​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្តល់​ជា​ប្រយោជន៍​ទៅដល់​មនុស្ស សត្វ និង​បរិស្ថាន​ជុំវិញ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា ៖ «​ក្រោយពេល​ដាំ​រួច ដើមឈើ​ទាំងនោះ​ត្រូវបាន​ថែទាំ​និង​ស្រោច​ទឹក ជាប្រចាំ ដោយ​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ទុកជា​កេរដំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយ​»​។​

ជាមួយគ្នានេះដែរ លោក ចៅ ម៉ៅ​មុន្នី ប្រធាន​សាខា​ពន្ធដារ​ខេត្តសៀមរាប បានលើកឡើង​ដែរ​ថា អាជ្ញាធរ​ជាតិ​អប្សរា​បានផ្តល់​ឱកាស​ដល់​ស្ថាប័ន​លោក​បាន​ចូលរួម​ក្នុង​សកម្មភាព​ដាំ​ដើមឈើ​ឡើងវិញ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដោយសារ​ដើមឈើ​ដែល​បាន​ដាំ​នៅពេលនេះ ដើម្បី​ទុកជា​ប្រយោជន៍​សម្រាប់​មនុស្សជាតិ និង​ជា​កេរ​មរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

ទាក់ទង​នឹង​យុទ្ធនា​ការដាំ​ដើមឈើ​នេះ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ ធ្លាប់បាន​លើកឡើងថា រមណីយដ្ឋាន​អង្គរ​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដែល​ភ្ញៀវទេសចរ​មកពី​ប្រទេស​នានា​លើ​សកលលោក​តែងតែ​ប្រាថ្នា​ចង់​មក​ទស្សនា​។ ដូច្នេះ​ការងារ​រៀបចំ​សោភណភាព​នៅ​ជុំវិញ​តំបន់​អង្គរ​នេះ គឺជា​ករណី​ចាំបាច់​ដែល​ត្រូវ​គិតគូរ​ខ្ពស់​។

លោក​បញ្ជាក់ដែរថា ការដាំ​ដើមឈើ និង​ស្មៅ នៅទីនេះ​ជា​ផ្នែក​មួយ​តូច​ប៉ុណ្ណោះ ដោយ​នៅមាន​ផ្ទៃដី​ជាច្រើន​ទីតាំង​ទៀត​ដែល​ត្រូវ​ដាំ​ដុះ​ឡើងវិញ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បង្កើន​ភាព​បៃតង​នៅ​ជុំវិញ​តំបន់​រមណីយដ្ឋាន​អង្គរ​។​

យុទ្ធនាការ​នេះ​ធ្វើឡើង ក្នុង​គោលបំណង កែលម្អ​ដី​ទំនេរ ដែល​ប្រជាពលរដ្ឋ​បានប្រគល់​ជូន​រដ្ឋ​វិញ ឱ្យ​ក្លាយជា​តំបន់​បៃតង មាន​ដើមឈើ និង​វាលស្មៅ ដែលជា​ទ្រនាប់​ការពារ​ដ៏​សំខាន់​ដល់​ប្រាង្គ​ប្រាសាទ និង​ជា​ប្រយោជន​ន៍​ដល់​មនុស្សជាតិ​ទាំងមូល​។​

សូមបញ្ជាក់​ផងដែរ​ថា ក្រោយពេល​ប្រជាពលរដ្ឋ​មួយចំនួន បាន​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ​លំនៅ​ចេញពី​តំបន់​អង្គរ ទៅកាន់​ទីកន្លែង​ថ្មី អាជ្ញាធរ​ជាតិ​អប្សរា​បានចាប់ផ្តើម​យុទ្ធនា​ការដាំ​ដើមឈើ និង​ស្មៅ នៅលើ​ទីតាំង​ដី​ទំនេរ និង​បាន​កៀរគរ​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ចូលរួមចំណែក​ក្នុង​យុទ្ធនាការ​នេះ​ផងដែរ​៕