
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងនៅក្នុងកិច្ចប្រជុំមួយកាលពីកន្លងមក ។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ ក្រសួងមហាផ្ទៃបានចេញលិខិតណែនាំដល់អភិបាលរាជធានី-ខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្ដល់កិច្ចសហការដល់មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្នាក់ក្រោម ដើម្បីគាំទ្រដល់ដំណើរការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣។
លិខិតណែនាំនេះ ចុះហត្ថលេខាដោយលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៣ និងយោងលិខិតលេខ១៩០ គ.ជ.ប ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
នៅក្នុងលិខិតនេះ លោក សក់ សេដ្ឋា បានជម្រាបជូនអភិបាលរាជធានី-ខេត្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានស្នើសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ គាំទ្រដល់ដំណើរការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
លោកបន្តថា ការចែកបណ្ណនេះធ្វើនៅតាមភូមិក្នុងឃុំ សង្កាត់ទូទាំងប្រទេស ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្ដល់ព័ត៌មានអំពីលេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធនឹងសាមីខ្លួនក្នុងបញ្ជីបោះឆ្នោត លេខកូដ និងឈ្មោះទីតាំងការិយាល័យបោះឆ្នោត កាលបរិច្ឆេទ ពេលវេលានៃការបោះឆ្នោត និងឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលនឹងត្រូវប្រើនៅពេលបោះឆ្នោត។
លោកបន្ថែមថា «ដូច្នេះ ក្រសួងមហាផ្ទៃសូមណែនាំដល់អភិបាលរាជធានី-ខេត្តដូចតទៅ ត្រូវសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការផ្សព្វផ្សាយអំពីការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតឱ្យបានទូលំទូលាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ណែនាំដល់រដ្ឋបាលឃុំ សង្កាត់ និងភូមិ ដើម្បីផ្ដល់កិច្ចសហការជាមួយគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ដោយចូលរួមជាសមាជិកក្រុមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមឃុំ សង្កាត់»។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ថា គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ មិនទាន់ទទូលបានលិខិតណែនាំនេះនៅឡើយទេ ព្រោះតាមលិខិតទើបចុះហត្ថលេខាកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។ ប៉ុន្តែលោកថា នៅពេលទទួលបាន រដ្ឋបាលខេត្តនឹងបន្តជូនដំណឹង និងណែនាំទៅដល់រដ្ឋបាលស្រុក និងឃុំឱ្យអនុវត្តតាមការណែនាំនេះ។
លោក សោម សូរីដា អ្នកនាំពាក្យគ.ជ.ប.ថ្លែងថា ជាគោលការណ៍ គ.ជ.ប តែងតែស្នើសុំកិច្ចសហការជាមួយនឹងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ទៅលើការងារបោះឆ្នោតនេះ ។
លោកបញ្ជាក់ថា៖«ចំពោះការចែកបណ្ណព័ត៌មាននេះពិតជាត្រូវការជាចាំបាច់ចំពោះកិច្ចហការពីអាជ្ញាធរថ្នាក់ក្រោមជាតិដើម្បី ឱ្យជួយមន្ត្រីគ.ជ.ប. នៅថ្នាក់ក្រោម ក្នុងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ ។ដូច្នេះ តាមការស្នើសុំរបស់គ.ជ.ប. ក្រសួងមហាផ្ទៃក៏បានចេញសេចក្តីណែនាំនេះឱ្យមន្ត្រីថ្នាក់ក្រោមជាតិជួយការងារនេះ ពីព្រោះមន្ត្រីគ.ជ.ប. ថ្នាក់ក្រោមមិនអាចបំពេញការងារនេះប្រកបដោយភាពរលូនល្អនោះទេ»៕