ភ្នំពេញៈ ប្រព័ន្ធ​អង្គការ​សហ​​ប្រជាជាតិ ​(UN) នៅ​កម្ពុជា បង្ហាញ​ការគាំទ្រ និង​ជំ​រុញឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​និង​ពង្រីក​ប្រព័ន្ធ​គាំ​ពារ​សង្គម​សម្រាប់​ផែនការអភិវឌ្ឍន៍​ ៥ ​ឆ្នាំ​បន្ទាប់ ​(២០២៤-២០២៨)​ ដើម្បី​ឆ្ពោះទៅរក​ស្តង់ដា​គ្របដណ្តប់​សុខភាព​ជាស​កល និង​ជួយ​ព​ន្លឿ​ន​វឌ្ឍនភាព​របស់​កម្ពុ​ជា​ក្នុងការ​សម្រេចបាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs)​។​

​ការជំរុញ​និង​គាំទ្រ​របស់​ប្រព័ន្ធ UN នេះ ធ្វើឡើង​ក្នុងជំនួប​ប្រជុំ​ប្រចាំឆ្នាំ​រវាង​រដ្ឋាភិបាល​ក​ម្ពុ​ជា​និង​ប្រព័ន្ធ UN ប្រចាំ​កម្ពុជា នា​វិមាន​សន្តិភាព នៅ​ថ្ងៃទី ​២៨ ខែមីនា ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ចូ​សែ​ហ្វ សូ​យ័រ (Joseph Scheuer ) អ្នក​សម្រប​សម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​។​

​តាម​ការបញ្ជាក់​ពី​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី​បានឱ្យដឹងថា ជំនួប​ប្រជុំ​នេះ បាន​លើកយក​កិច្ចពិភាក្សា​លើ​ប្រធានបទ​ចំនួន ​២ ​ជាសំខាន់ ដែល​ទី​ ១ ពាក់ព័ន្ធ​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល និង​ទី​ ២​ ពាក់ព័ន្ធ​ប្រព័ន្ធ​គាំពារ​សង្គម​។​

​លោក អ៊ាង សុផល្លែត បន្តថា ចំពោះ​បញ្ហា​ពង្រឹង​ប្រព័ន្ធ​សុខា​​ភិ​បាល​ភាគី​ទាំង​ ២ មាន​ទិសដៅ ពង្រឹងគុណភាព​ឱ្យមាន​ភាព​ធន់​ដើម្បី​គ្របដណ្តប់​សុខភាព​ក្នុង​ស្តង់ដា​សកល​។ ចំណែក​បញ្ហា​ពង្រីក​ប្រព័ន្ធ​ការពារ​សង្គម​វិញ រដ្ឋាភិបាល​កម្ពុជា ដាក់​ទិស​អាទិ​ភាព ក្នុងការ​អភិវឌ្ឍ និង​ពង្រីក​វិសាលភាព​ដល់​ការ​គាំពារ​ពលរដ្ឋ​គ្រប់រូប ជាពិសេស​ពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ដែលមាន​ហានិភ័យ និង​វិបត្តិ​ផ្សេងៗ ខណៈ UN គាំទ្រ​ទិសដៅ​អាទិភាព​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍ​បន្ថែម​នូវ​ប្រព័ន្ធ​គាំពារ​សង្គម​នេះ​។​

​ពាក់ព័ន្ធ​ទៅនឹង​កិច្ចពិភាក្សា​លើ​ប្រធានបទ​ទាំង​ ២ នេះ​លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​ប្រព័ន្ធ​អង្គការសហប្រជាជាតិ បាន​ប្រកាន់ខ្ជាប់​នូវ​ភាពទន់ភ្លន់ និង​បត់បែន​តាម​សភាពការណ៍​ក្នុងការ​អនុវត្ត​យូ​អិន​ដា​ហ្វ (UNDAF) តាមរយៈ​ដាក់ឱ្យអនុវត្ត​ក្របខ័ណ្ឌ​ឆ្លើយតប​សង្គម​សេដ្ឋ​កិច្ច និង​ពិនិត្យ​កែសម្រួល​មូលធន និង​គោលដៅ​អន្តរាគមន៍​ឡើងវិញ សំដៅ​គាំទ្រ​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់ នៃ​ជំងឺ​រាតត្បាត​មកលើ​ក្រុម​ងាយ​រងគ្រោះ​បំផុត​»​។​

​ជុំវិញ​ប្រធានបទ​លើ​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល និង​ប្រព័ន្ធ​ការងារ​សង្គម ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​ដោយ​បង្កើន​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក ដោយ​ចាត់ទុកថា វា​ជា​មូលដ្ឋាន​ស្នូល នៃ​ការ​​អភិវឌ្ឍ​ធនធានមនុស្ស​។ ជាមួយគ្នានេះ លោក​ហ៊ុន សែន សម្តែង​ការ​សាទរ​ដល់​ប្រព័ន្ធ​របស់ UN ដែល​បាន​ប្តេជ្ញា​គាំទ្រ​រដ្ឋាភិបាល​​កម្ពុជា​ជំរុញ​ការពង្រឹង និង​ពង្រីក​ទិសដៅ​អាទិភាព​ទាំង​ ២ នេះ ដែលមាន​គោលដៅ​បន្ត​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ​ភាព​ធន់ ចីរភាព និង​បរិ​យា​ប័ន្ន​។​

​សម្រាប់​ជា​ក្របខ័ណ្ឌ​កិច្ច​សហ​​ប្រតិបត្តិ​ការសំខាន់រ​យៈ​ពេល​ ៥ ​ឆ្នាំ​ខាងមុខ ឆ្នាំ​ ២០២៤-២០២៨ លោក ហ៊ុន សែន ក៏បាន​ស្នើឱ្យ​ភ្នាក់ងារ​ពាក់ព័ន្ធ នៃ​ប្រព័ន្ធ​អង្គ​ការ​សហប្រជាជាតិ​បន្ត​រៀបចំ​តាម​យន្តការ​កិច្ច​ពិគ្រោះ​យោបល់​ដែលមាន​ស្រាប់ ដោយ​រាជរដ្ឋាភិបាល ផ្តល់​ការគាំទ្រ​ជា​ផ្លូវការ​លើ​ឯក​សារ​ទាំងនេះ សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​ពិនិត្យ និង​អនុម័ត​ក្នុង​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​ប្រតិបត្តិ​។​

​យោងតាម​ផេ​ច​វេ​ប​សាយ​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បានឱ្យដឹងថា ក្នុងជំនួប​នោះ លោក​ចូ​សែ​ហ្វ សូ​យ័រ (Joseph Scheuer) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​ថ្លែងថា​៖ «​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ ការធានា​យ៉ាងណា​ឱ្យ​ក្របខ័ណ្ឌ​សហ​ប្រតិ​ប​ត្តិ​ការ​របស់​យើង​ស្របតាម​ទិស​ដៅ​របស់​រដ្ឋាភិបាល និង​ទទួល​បានការ​គាំទ្រ​ពី​រដ្ឋាភិបាល គឺជា​អ្វីដែល​សំខាន់ និង​ចាំបាច់​»​។​ ​

ជំនួប​រវាងលោក​នាយករដ្ឋមន្ត្រីហ៊ុន សែន និង​លោក​ចូសែហ្វ សូយ័រ ព្រម​ទាំងមន្ត្រី។ រូប SPM

​លោក ចូ​សែ​ហ្វ សូ​យ័រ បន្តថា UN បាន​ខិតខំ​ពង្រឹង​ប្រព័ន្ធ​សុ​ខា​ភិ​បាល​កម្ពុជា​ដោយ​ការលើកកម្ពស់​សេវា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ សេវា​សុខភាព​មាតា និង​ទារក​ក៏ដូចជា​កិច្ច​អន្ត​រាគ​មន៍​អាហារូបត្ថម្ភ​នៅ​ថ្នាក់​ក្រោម​ជាតិ​។

ប្រភព​ដដែល​បន្តថា​៖ ​​«​ចំពោះ​បញ្ហា​ប្រព័ន្ធ​គាំពារ​សង្គម​វិញ UN បានធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ជាពិសេស ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ក្នុងការ​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ដើម្បី​ធានា​ឱ្យ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​ ១៩ ដែល​ដំបូង​ឡើយ​កម្មវិធី​នេះ​បានផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​ប្រជា​ពល​-​រដ្ឋ​ងាយ​រងគ្រោះ​ជាង​ ៧០០ ០០០​ គ្រួសារ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​ក​ម្ពុ​ជា លើកឡើងថា នៅក្រោយ​វិបត្តិ​សុខភាព​សាធារណៈ​សកល​ពី​កូ​វីដ ​១៩ ជាហេតុ​ធ្វើឱ្យ​ស្ថាប័ន​អង្គការសហប្រជាជាតិ​ច​ង់​ឱ្យ​កម្ពុជា​ជំរុញ​លើកស្ទួយ​ការពង្រឹង​គុណភាព​ប្រព័ន្ធ​សុខាភិបាល និង​ប្រព័ន្ធ​គាំពារ​សង្គម ដោយហេតុ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ហើយ​ស្ថិតក្នុង​ដំណើរ​សកល​ភាវូបនីយកម្ម​ជាមួយ​ប្រទេស​នានា​ក្នុង​ពិភពលោក​។

​លោកថា​៖ «​បន្ទាប់ពី​កូ​វីដ​ ១៩ ដែល​ធ្វើឱ្យប៉ះពាល់​ទាំង​សេដ្ឋកិច្ច​ទាំង​សុខុមាលភាព​ប្រជាជន អ៊ីចឹង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល ជាពិសេស​ប្រព័ន្ធ​គាំពារ​សង្គម​ជា​លក្ខខណ្ឌ​មួយ​ដែល​បណ្តា​ប្រទេស​ក្នុង​លោក ជាពិសេស​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដោយ​កូ​វីដ​ ១៩ បាន​ផ្តួចផ្តើម​នូវ​តម្រូវការ​នៃ​គណនេយ្យ​រវាង​រដ្ឋាភិបាល និង​ប្រជាជន ជាពិសេស​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ​»​។​

​សម្រាប់​លោក​មាស នី អ្នក​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម ថ្លែងថា ការ​ផ្តល់យោបល់ និង​គាំទ្រ​ពី UN ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កំណត់​អាទិភាព ៥​ ឆ្នាំ​ទៅមុខ ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​សុខា​​ភិ​បាល​ក្នុងប្រទេស និង​ប្រព័ន្ធ​គាំពារ​សង្គម​នេះ​ជាការ​ស្រាវជ្រាវ​និង​សង្កេត​យ៉ាង​ល្អិតល្អន់​ពី UN ផ្ទាល់​ដែល​លោក​ថា វិស័យ​សុខា​ភិ​បាល​នៅ​កម្ពុជា​នៅមាន​លក្ខណៈ​ទន់ខ្សោយ និង​ប្រព័ន្ធ​គាំពារ​សង្គម​មិនទាន់​អាច​គ្របដណ្តប់​ទូលំទូលាយ ជាពិសេស​ដល់​ក្រុម​​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់​។

​លោក​ថា​៖ «​ប្រព័ន្ធ​សុខាភិបាល​យើង​នៅ​ទន់ខ្សោយ ខណៈ​ពលរដ្ឋ​ខ្លះ​សុខចិត្ត​ចំណាយ​ថវិកា​ច្រើន ទៅ​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស ជាពិសេស​អ្នកមាន និង​អ្នក​វណ្ណៈ​កណ្តាល ព្រោះ​មិនសូវ​ទុកចិត្ត​ប្រព័ន្ធ​សុខាភិបាល​ក្នុងស្រុក​»​។

​លោក​បន្ថែមថា រដ្ឋាភិបាល​គួរ​បង្កើន​គុណភាព​មន្ទីរពេទ្យ​សាធារណៈ​ឬ​មន្ទីរពេទ្យ​រដ្ឋ​ប្រកបដោយ​ស្តង់ដា​ឱ្យបាន​ច្រើន​ទីតាំង​នៅតាម​តំបន់​ភូមិ​សាស្ត្រ​ខេត្ត​នីមួយៗ ជាជាង​ប្រមូលផ្តុំ​តែ​នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប​។

​គិត​ត្រឹម​ឆ្នាំ​ ២០២២ កម្ពុ​ជាមាន​សមាជិក​មូ​ល​និ​ធិ​សុខភាព​ប្រកបដោយ​សមធម៌​ប្រមាណ ៣,២ ​លាន​នាក់ សមាជិក​បេឡា​​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ប្រមាណ​ ២,៥៦ ​លាន​នាក់​បានទទួល​ផលប្រយោជន៍​ពី​សេវា​សុខាភិបាល និង​រដ្ឋបាល​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​៕