ភ្នំពេញ​/​កំពង់ចាមៈ អគ្គ​មេ​បញ្ជា​ការរង​កងយោធពល​ខេ​មរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក លោក​ ហ៊ុន ម៉ា​ណែ​ត លើកឡើងថា ការពង្រឹង​សមត្ថភាព ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​គឺជា​ការចាំបាច់ ប៉ុន្តែ​ការបង្ការ​ជំងឺ ក៏​ជា​កិច្ចការ ១ ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​ផងដែរ ខណៈ​អភិ​​បាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​មន្ត្រី​ជំរុញ​ការផ្ដល់សេវា​សុខា​ភិ​បាល​ឱ្យ​កាន់តែ​ល្អ​។​

​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត នៃ​សាកលវិទ្យាល័យ​កំពង់ចាម ពី​សប្តាហ៍​មុន លោក​ ហ៊ុន ម៉ា​ណែ​ត ថ្លែងថា មុននឹង​ឈានទៅដល់​ការព្យាបាល គឺត្រូវធ្វើ​ការវិនិយោគ លើ​ការបង្ការ​ជាមុនសិន​។​

​លោក​ថា​៖ «​ការពង្រឹង​សមត្ថ​ភាព​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ជាការ​ចាំបាច់ ប៉ុន្តែ​ការបង្ការ​ជំងឺ​ក៏​ជា​កិច្ចការ​ ១ ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​ផងដែរ ដែល​ប្រសិទ្ធ​ភាព​ក្នុង​ការបង្ការ និង​ព្យាបាល​ជំងឺ ពឹង​ផ្អែកលើ​កត្តា​ធំៗ ​៣»​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត ថា កត្តា​ទាំង​៣​នោះ​រួមមាន ការផ្សព្វផ្សាយ អប់រំ​សុខភាព​ដល់​សាធារណជន ការអនុវត្ត​ច្បាប់​ដោយ​ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង​គុណភាព​នៃ​គ្រឿងឧបភោគ បរិភោគ និង​ថ្នាំ​ស​ង្កូ​វនា​នា និង​ការចូលរួម​ដោយ​ការទទួលខុសត្រូវ និង​ប្រសិទ្ធភាព ខ្ពស់​របស់​ពេទ្យ​ក្នុងការ​ព្យាបាល និង​ការផ្តល់​ថ្នាំ​ដល់​អ្នកជំងឺ​។​

​លោក​បញ្ជាក់ថា​៖ «​ពេទ្យ​របស់​យើង​ត្រូវ​ព្យាបាល​ដោយ​សមត្ថភាព និង​ការទទួលខុសត្រូវ ក្នុងនោះ​ការលក់​ថ្នាំសង្កូវ ត្រូវ​ពិនិត្យ និង​ការយល់ដឹង​ច្បាស់​ថា តើ​ត្រូវ​ផ្តល់​អ្វីខ្លះ​ដល់​អ្នកជំងឺ ដែលជា​កិច្ច​ការសំខាន់​។ ចំណុច​ទាំង​ ៣ ​នេះ យើង​អាច​ធ្វើបាន ព្យាបាល​បាន និង​អាច​ពង្រឹង​នូវ​សមត្ថភាព​របស់​យើង​បាន​»​។​

​ក្នុង​ពិធី​បើក​សន្និបាត​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​ ២៨ ខែមីនា អភិបាល​រាជធានី​​ភ្នំពេញ​លោក​ ឃួ​ង ស្រេង​ ​ក៏បាន​ណែ​នាំឱ្យ​មន្ទីរ​សុខាភិបាល​រាជ​ធានី​ភ្នំពេញ សហការគ្នា​ឱ្យបាន​ស្អិតល្មួត​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង ​១៤ ដើម្បី​ជំរុញ​ការផ្ដល់សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ល្អប្រសើរ​ ១ ​កម្រិត​ទៀត​។​

​លោក ​ឃួ​ង ស្រេង​ ​លើកឡើងថា បុគ្គលិក​ពេទ្យ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​​បំពេញការងារ​យ៉ាង​ល្អ នាពេល​កន្លងមក ពិសេស​ក្នុង​យុទ្ធនាការ​នៃ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​ ១៩​។

​លោក​ថ្លែងថា​៖ «​មន្ទីរ​សុខា​ភិ​បាល​ត្រូវ​បន្ត​ការសហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ចុះ​ធ្វើការ​ត្រួតពិនិត្យ នៅតាម​មន្ទីរពេទ្យបង្អែក ឬ​មណ្ឌល​សុខភាព គ្លីនិក​ឯកជន នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ បើទោះបី មានច្បាប់ ឬ​មិនមាន​ច្បាប់​»​។​

​បើតាម​លោក ​ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ បច្ចុប្បន្ន មាន​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ​ចំនួន​ ៧ មន្ទីរពេទ្យបង្អែក​កម្រិត CPA1 ចំនួន ​៧ មណ្ឌល​សុខភាព​ ៤៣ ប៉ុស្តិ៍​សុខភាព ​៧​ ទីតាំង ព្រមទាំង​មាន​មន្ត្រី និង​បុគ្គលិក​សុខា​ភិ​បាល​ចំនួន​ ១ ៣៩២​ នាក់​៕