ភ្នំពេញៈ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ថ្លែងថា រយៈពេល ​៥ ​ឆ្នាំ​ចុង​ក្រោយនេះ​ខេត្តសៀមរាប​បាន​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ប្រព័ន្ធ​ចេញ​បណ្ណ​កម្ម​សិ​ទិ្ធ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​សរុប ៤៨ ៤៧៦ ​បណ្ណ នៅ​ក្រុង​-​ស្រុក​ចំនួន​ ៦ លើ​ក្រុង​-ស្រុក​ទាំង ១២​ ទូទាំង​ខេត្ត​។

​លោក សីហា ថ្លែង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ «​ភាពជោគជ័យ​ក្នុង​រយៈពេល ៥​ ឆ្នាំកន្លងមក របស់​រដ្ឋបាល​ខេត្តសៀមរាប​» ដែល​ធ្វើឡើង​នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុង​សាល​សេរីភាព ជាន់​ផ្ទាល់​ដី នា​ថ្ងៃទី ​២៩ ខែមីនា ឆ្នាំ​ ២០២៣ ​នេះ​។

​លោក​ថា គិត​តាំងពី​ចាប់​​ផ្តើម​អនុវត្ត​ឆ្នាំ​ ២០០៤ មកទល់ពេលនេះ រដ្ឋបាលខេត្ត​សៀម​រាប បាន​ចុះបញ្ជី​បាន​ចំនួន ១៥២ ២៩១​ ក្បាលដី នៃ​ភូមិ​ ១៦៧​ ភូមិ បានចេញ​បណ្ណ ៨១ ៦៤៤ ​បណ្ណ នៃ​ភូមិ​ចំនួន ៨៧ នៅសល់ ៧០ ៦៤៧ ក្បាលដី ដោយសារ​ព្រំប្រទល់​កំណត់​តំបន់ ​១ និង​តំបន់​ ២ នៃ​អាជ្ញាធរ​បឹង​ទន្លេសាប មិនទាន់​ច្បាស់លាស់ និង​មួយចំនួនទៀត​ដោយសារ​ក្រោយ​បិទ​​ផ្សាយ​មាន​បណ្ដឹងតវ៉ា និង​មិនទាន់​ដោះស្រាយ​រួច​។

​លោក​ថ្លែងថា ក្រុមការងារ​ខេត្ត បាន​ចូលរួម​ជាមួយ​ក្រុមការងា​រ​តម្រង់ទិស​បាន​សម្រប​សម្រួល​ដោះស្រាយ ជាមួយ​ប្រជា​​ពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ស្រង់​ទិន្នន័យ​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ ការរស់នៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ ទៅ​នៅ​តំបន់​អភិវឌ្ឍន៍​ធម្មជាតិ​រុន​តា​ឯក និង​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង សរុប​ចំនួន ៩ ៦៩៥​ គ្រួសារ និង​បានផ្តល់​បណ្ណ​​ក្រីក្រ ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ​សំណង់​ផង​ដែរ​។

​បើតាម​លោក ទៀ សីហា ក្រុមការងារ​តម្រង់ទិស​ក៏បាន​សហការ​ជាមួយ​កងពលធំ​លេខ ​២ និង​យោធភូមិភាគ​ទី ​៤ បាន​ដឹកជញ្ជូន និង​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​បាន ២ ០៤៧ ​ខ្នង​ផ្ទះ​។ លោក​បាន​ឱ្យដឹងទៀតថា ចំពោះ​វឌ្ឍនភាព​ការអភិវឌ្ឍ​រុន​​តា​ឯក និង​ពាក់​ស្នែង​រដ្ឋបាលខេត្ត​កំពុង​សហការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​គួប​ផ្សំ​នឹង​ទឹកស្អាត អគ្គិសនី បានល្អ​ប្រសើរ​។

​លោក​ថ្លែងថា​៖ «​នៅ​រុន​តា​ឯក​នេះ​ផ្លូវ​យើង​ធ្វើ​ហើយ ផ្សារ​ធ្វើបាន​ ៤០ ​ទៅ​ ៥០​ ភាគរយ យើង​នឹងមាន​វត្ត​អារាម សាលា​​រៀន​គឺ​បាន​បន្ថែម​កម្រិត​ជា​វិទ្យា​ល័យ ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​ដូចជា​បានធ្វើ​ផ្ទះ​រួច​ជិត ២ ​ពាន់​ខ្នង ចំណែក​អគ្គិសនី គឺ​បាន​ចូលដល់​ផ្ទះ​ពលរដ្ឋ ឯ​ទឹក​ស្អាត​ក៏​ចូលទៅ​ដល់​ដែរ រីឯ​សេវា​ទូរស័ព្ទ​ក៏បាន​ដំឡើង​ដែរ​តំបន់​ហ្នឹង​ពីមុន​អត់​ដែលមាន​សេវា​សោះ ឥឡូវ​មាន​គ្រប់​ប្រព័ន្ធ​»​។​

​លោក ​ទៀ សីហា ថ្លែងថា ពាក់ព័ន្ធ​បញ្ហា​ដី​តំបន់​បឹង​ទន្លេសាប​ដើម្បី​ជាការ​គិតគូរ​ពី​កត្តា​ជីវ​ភាព​បងប្អូន​ប្រជា​នេសាទ និង​ប្រជាកសិករ​អាស្រ័យ​ផល ឬ រស់នៅ​ជាក់ស្តែង​នៅ​តំបន់​ ២ និង​តំបន់​ ៣ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​បឹង​ទន្លេសាប ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បានផ្តល់​គោលការណ៍​ណែនាំ​ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត បាន​ចុះ​សិក្សា និង​លើក​យោបល់​សម្រាប់​ការដោះស្រាយ ដែល​ក្នុងនោះ​ក្រុមការងារ​បាន​ចុះ​ស្រង់​ស្ថិតិប្រជាជន ទិន្នន័យ ការប្រើ​ប្រាស់​ជាក់ស្តែង និង​បាន​លើក​យោបល់​សុំ​ការសម្រេច​ពី​រាជ​រដ្ឋាភិបាល​។

​លោកថ្លែងថា ការចុះ​ស្រង់​ស្ថិតិប្រជាជន ទិន្នន័យ និង​ការ​ប្រើប្រាស់​ដី​ជាក់ស្តែង​បានធ្វើ​​ការសរុប​រួចរាល់ និង​បានដាក់​ជូនទៅ​ក្រសួង​ដែនដី នគ​រូប​នី​យក​ម្ម សំណង់ និង​សុរិយោដី នៅ​ថ្ងៃទី ​២៩ ខែមីនា នេះ​ផង​ដែរ​។ លោក មិនបាន​បញ្ជាក់​ច្បាស់​ពី​ទិន្នន័យ​ប្រជាជន និង​ទំហំ​ដី​ដែល​បាន​ស្រង់​ទិន្នន័យ​នោះទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា តំបន់​ ២ ដែលជា​តំបន់​អាស្រ័យ​ផល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រដ្ឋបាលខេត្ត​បានស្នើ​សុំ​ច្រើន​។​

​លោក​ថ្លែងថា​៖ «​ទើបតែ​ថ្ងៃ​នេះ​ដែល​យើង​បាន​សរុប​ទាំង​ទិន្នន័យ​ផ្ទៃដី ទាំង​ផល​ប៉ះ​​ពាល់​ប្រជាជន និង​តំបន់​ដែល​យើង​ត្រូវ​កាត់​ឆ្វៀល ប៉ុន្តែ​នេះ​ជា​សំណើ​របស់​រដ្ឋបាលខេត្ត​យើង​ស្នើ​ទៅ​ឯកឧត្តម​ឧ​ប​​នាយករដ្ឋមន្ត្រី​ជា សុផារ៉ា ដើម្បី​កាត់​សរុប​ផ្តល់យោបល់​ជូនទៅ​ប្រមុខ​រាជរដ្ឋាភិបាល នៅពេល​ហ្នឹង​ប្រហែល​មានការ​ប្រកាស​យើង​នឹង​ដឹង​ទាំងអស់គ្នា​ហើយ​»​។

​លោក​ថ្លែងថា ខេត្ដ​បាន​ចុះ​​បញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​មិន​រៀបរយ​លើដី​ចំណីផ្លូវ និង​ប្រឡាយ​ប៉ះពាល់​ដល់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ចំនួន ៧៥ ​គ្រួសារ​ទទួលបាន​ដី​សម្បទាន​សង្គម និង​លំនៅឋាន​៕