ភ្នំពេញៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក យូ សុខវូច បានសម្រេចដោះលែងលោក យឹម ស៊ីណន ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីលោកបានសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និងលោកនាយករដ្ឋមន្ដ្រី ជាអ្វីដែលមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌លើកឡើងថា តាមគោលការណ៍ច្បាប់ចៅក្រមអាចសម្រេចឱ្យនៅក្រៅឃុំបាន ប្រសិនបើគាត់មានការសហការ ការចូលរួមតាមនីតិវិធីតុលាការ ហើយដឹងកំហុសខ្លួនឯង។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន បានប្រាប់ឱ្យដឹងដូចនេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងសកម្មជនគណបក្សប្រឆាំងលោកយឹម ស៊ីណន ឱ្យនៅក្រៅឃុំបណ្តោះអាសន្ននាថ្ងៃទី២៨ ខែមីនាក្រោយលោកចេញវីដេអូសុំទោសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងសុំព្រះរាជទានទោសព្រះមហាក្សត្រពាក់ព័ន្ធនឹងបទចោទប្រមាថព្រះមហាក្សត្រ។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា ៖ «នៅក្នុងប្រភេទបទល្មើសស្រាល តួយ៉ាងបទបរិហារកេរ្តិ៍ជាដើម បើសិនជាជនត្រូវចោទដឹងកំហុសខ្លួនហើយចូលរួមសហការជាមួយតុលាការ និងសមត្ថកិច្ច នោះចៅក្រមអាចផ្តល់នូវស្ថានសម្រាលដែលអាចឱ្យនៅក្រៅឃុំ ដើម្បីចូលរួមនីតិវិធីតុលាការបន្តបាន»។
យោងតាមដីកាបង្គាប់ឱ្យដោះលែងចុះនៅថ្ងៃទី២៨ ខែមីនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក យូ សុខវូច បានបង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ដោះលែង លោក យឹម ស៊ីណន ដែលបានឃុំខ្លួនកាលពីថ្ងៃទី២២ ខែមីនា កន្លងទៅ។
ក្រោយការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន លោក ហ៊ុន សែន បានសរសេរសារកោតសរសើរភរិយាលោកយឹម ស៊ីណន គឺអ្នកស្រី សុផាត មករា តាមការបញ្ចេញមតិនៅក្នុងសារដែលអ្នកស្រី សុផាត មករា បង្ហោះថ្លែងអំណរគុណលោកនាយរដ្ឋមន្ត្រីដែលបានសន្ដោសប្រណីស្វាមីអ្នកស្រី។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ លោកហ៊ុន សែន បានលើកឡើងថា៖ «ស៊ីណន កូនពិតជាមានសំណាងណាស់ដែលមានភរិយាដ៏ល្អ។ពេលកូនមានបញ្ហាខាងផ្លូវច្បាប់កូនស្រីមិនបានស្រែករកនរណាជួយក្រៅពីស្រែករកសម្តេចពុកជួយនោះឡើយ។ពុកជាមនុស្សចិត្តរឹងជាមួយមនុស្សអាក្រក់តែក៏ជាមនុស្សចិត្តទន់ជាមួយមនុស្សល្អ»។
លោកបានបន្តថា៖ «ជាសំណាងកូនហើយ ដែលភរិយាកូនមិនបានទៅពឹងជនបរទេស ឬអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងឱ្យមកកៀបសង្កត់រាជរដ្ឋាភិបាលដើម្បីដោះលែងកូន។ពុកជាមនុស្សក្បាលរឹងជាមួយការកៀបសង្កត់ពីបរទេស។កាន់តែសង្កត់អ្នកជាប់ទោសឬពិរុទ្ធជនជាប់គុកឬជាប់ឃុំកាន់តែយូរ។គេត្រូវចងចាំលើចំណុចនេះ»។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជានិងជាអ្នកតាមដានបញ្ហានយោបាយលោក គិន ភា បានថ្លែងថា បើព្រះរាជអាជ្ញាឬចៅក្រមស៊ើបសួរ គាត់រកឃើញបទល្មើសរបស់បុគ្គលទាំង២[លោកយឹមស៊ីណន និងលោកហ៊ុន កុសល] ជាបទល្មើសព្រហ្មទណ្ឌ។
លោកថ្លែងថា ការសម្របសម្រួលណាមួយក្រៅនិតីវិធីតុលាការនឹងជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធតុលាការកម្ពុជាពីសំណាក់សាធារណជនទៅវិញទេ។លោកថានេះជាករណីគំរូសម្រាប់ទៅថ្ងៃមុខពាក់ព័ន្ធករណីប្រមាថព្រះចេស្តាព្រះមហាក្សត្រដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយថែមទាំងមានចែងក្នុងក្រមព្រហ្មទណ្ឌផង។
លោកបានបញ្ជាក់ថា៖«រដ្ឋាភិបាលត្រូវប្រយ័ត្នប្រយែងដែលមុនការចាប់ខ្លួនបុគ្គលណាមួយត្រូវរកឱ្យឃើញទោសកំហុសជាមុនសិនព្រោះការសម្របសម្រួលក្រៅប្រព័ន្ធតុលាការណាមួយអាចបង្កើតបានជារូបភាពផ្សេងចំពោះប្រព័ន្ធតុលាការ និងភាពមិនអាចប្រមាថបានចំពោះអង្គព្រះមហាក្សត្រ»។
គួររំឭកថា លោកយឹម ស៊ីណន និងលោកហ៊ុន កុសល ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២១ ខែមីនា បន្ទាប់ពីជនទាំង២ បានបង្ហោះសារបែបញុះញង់និងបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងរូបភាពអង្គព្រះមហាក្សត្រព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប៕