
លោក ស ខេង ក្នុងជំនួបជាមួយលោកស្រី Kamei Haruko តំណាង JICA នៅកម្ពុជា នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣។ រូបថតហ្វេសប៊ុកលោក ស ខេង
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញក្តីសង្ឃឹមថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងនៅតែបន្តជួយគាំទ្រគម្រោងនានាដល់ក្រសួងមហាផ្ទៃ ខណៈបច្ចុប្បន្ន JICA បាននិងកំពុងគាំទ្រគម្រោងចំនួន ២ ដល់ក្រសួងនេះ គឺគម្រោងលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋបាលមូលដ្ឋាន និងគម្រោងសុវត្ថិភាពផ្លូវថ្នល់។
ក្នុងជំនួបលាគ្នា នាថ្ងៃទី២៩ ខែមីនា រវាងលោក និងលោកស្រី Kamei Haruko តំណាងJICA ប្រចាំកម្ពុជាដែលត្រូវបញ្ចប់អាណត្តិ លោកស ខេង ក្រៅពីបង្ហាញក្តីសង្ឃឹមបែបនេះ លោកក៏បានថ្លែងអំណរគុណដល់JICA ដែលបានមកជួយគាំទ្រដល់គម្រោងនានាជាច្រើននៅកម្ពុជា។ លោកចាត់ទុកការអភិវឌ្ឍ ដែលកម្ពុជាទទួលបាន រហូតមកដល់បច្ចុប្បន្ន គឺមានការចូលរួមចំណែក១ផ្នែកផងដែរពីរដ្ឋាភិបាលជប៉ុន ក៏ដូចជា JICA។.
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា លោកស្រី Kamei បានប្រាប់លោកស ខេង ថា ឆ្នាំ២០២៣នេះ ជាឆ្នាំខួបនៃទំនាក់ទំនង៧០ឆ្នាំ នៃការបង្កើតចំណងការទូត រវាងប្រទេសទាំង២ កម្ពុជា-ជប៉ុន ហើយក៏ជាខួបលើកទី៣០ឆ្នាំ នៃវត្តមានរបស់ JICA ដែលបានបង្កើតការិយាល័យនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី២៩ ខែមីនា បានដកស្រង់សម្តីលោកស្រីថា៖«ព្រឹត្តិការណ៍ដ៏មានអត្ថន័យនាឆ្នាំនេះ ពិតជាអាចស្តែងឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អជាច្រើនទសវត្សរ៍កន្លងមក រវាង JICA ជាមួយកម្ពុជា»។
ប្រភពដដែលបន្តថា លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងនានាជាមួយភាគីកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ បើទោះបីជួបប្រទះនូវបញ្ហាប្រឈមដោយសារជំងឺកូវីដ១៩ ក៏ប៉ុន្តែនៅតែបន្តមានដំណើរការវិវឌ្ឍទៅមុខយ៉ាងល្អប្រសើរ។
ប្រភពនេះបន្តថា លោកស្រីបានប្រាប់លោកស ខេង អំពីគម្រោងធំៗចំនួន២ ដែល JICA មានកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ទី១ គឺគម្រោងលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋបាលមូលដ្ឋាន។ គម្រោងនេះ បានអនុវត្តជាច្រើនឆ្នាំមកហើយ និងបានជួយគាំទ្រការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរដ្ឋបាលមូលដ្ឋាន ក៏ដូចជាមន្ត្រីរដ្ឋបាលស៊ីវិលនៃក្រសួងមហាផ្ទៃ តាមរយៈការរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាល និងដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗក្នុងរយៈពេលកន្លងមក។
គម្រោងទី២ លោកស្រីត្រូវបានស្រង់សម្តីថា គឺគម្រោងសុវត្ថិភាពផ្លូវថ្នល់។ គម្រោងនេះរៀបចំឡើង ដើម្បីខិតខំធ្វើយ៉ាងណារួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះបច្ចុប្បន្ន បញ្ហានេះជាបញ្ហា១ដ៏ស្មុគស្មាញ ហើយលោកស្រីក៏បានដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តក្នុងការធ្វើយ៉ាងណាខិតខំកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នេះដែរ។
លោកស ខេង ថ្លែងថា ការជួយគាំទ្រដល់ការលើកកម្ពស់សមត្ថភាពមកមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជា មានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ ការងារនេះ គាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំធ្វើយ៉ាងណាឱ្យមន្ត្រីរដ្ឋបាលមូលដ្ឋាន មានសមត្ថភាពក្នុងការបំពេញមុខងារ ដែលត្រូវបានផ្ទេរពីថ្នាក់ជាតិ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«ចំពោះគម្រោងជួយគាំទ្រដល់ការងារសុវត្ថិភាពផ្លូវថ្នល់ សម្ដេចក្រឡាហោម[ស ខេង] ក៏បានជម្រាបជូនលោកស្រីដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំដោះស្រាយ ដោយបង្កើតនូវយន្តការថ្នាក់ជាតិ និងអន្តរក្រសួងមួយហៅថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានសម្ដេចផ្ទាល់ជាប្រធាន ក៏បានធ្វើកិច្ចការជាច្រើន រួមទាំងការងាររៀបចំច្បាប់ គោលនយោបាយ ក៏ដូចជាការដាក់ចេញនូវវិធានការផ្សេងៗក្នុងការកាត់បន្ថយគ្រោះថ្នាក់»។
លោកស ខេង ក៏បានថ្លែងដែរថា ថ្វីដ្បិតបញ្ហានេះនៅតែបន្តជាបញ្ហាដ៏ស្មុគស្មាញដែលត្រូវតែបន្តដោះស្រាយ ប៉ុន្តែតាមរយៈបទពិសោធន៍កន្លងមកបានកត់សម្គាល់ឃើញថា មានវឌ្ឍនភាពជាវិជ្ជមានជាច្រើនទៅលើការយល់ដឹងពីអ្នកប្រើប្រាស់ផ្លូវ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«សម្ដេចក្រឡាហោម បានថ្លែងអំណរគុណលោកស្រី Kamei Haruko និងសង្ឃឹមជឿជាក់ថា JICA នឹងនៅតែបន្តគាំទ្រដល់គម្រោងនានា ដែលមានជាមួយព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមួយនឹងក្រសួងមហាផ្ទៃ»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី៣០ ខែមីនាថា ជាទូទៅ ជប៉ុនមានគម្រោងអភិវឌ្ឍន៍នៅកម្ពុជាជាច្រើន ហើយបានជួយកម្ពុជាក្នុងវិស័យជាច្រើន តាំងពីផ្លូវថ្នល់ វិស័យសុខាភិបាល និងគម្រោងផ្សេងៗទៀតជាច្រើន។ ប៉ុន្តែ ដើម្បីឱ្យជំនួយរបស់បណ្ដាប្រទេសជាមិត្ត នៃកម្ពុជា រីករាយសប្បាយចិត្តនឹងបន្តជួយ និងផ្តល់ជំនួយបច្ចេកទេស ក៏ដូចជាជំនួយជាមូលនិធិកាន់តែច្រើនសម្រាប់គម្រោងនានារបស់រដ្ឋាភិបាលកម្ពុជា លុះត្រាតែធ្វើម៉េចឱ្យអាចមានតម្លាភាព និងធ្វើយ៉ាងណាឱ្យគម្រោងនោះបានជាផលប្រយោជន៍សម្រាប់សាធារណៈ។
លោកថ្លែងថា៖«លើសពីនោះទៅទៀត គឺយើងក៏ត្រូវតែព្យាយាមធ្វើឱ្យមានភាពល្អប្រសើរខាងការគោរពសិទ្ធិមនុស្ស ហើយនិងប្រជាធិបតេយ្យនៅក្នុងប្រទេសដែរ ពីព្រោះថា គម្រោងភាគច្រើននៃបណ្ដាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ភាគច្រើនគេចង់ឃើញមានការចូលរួមចំណែកនៃគម្រោងនោះ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស ក្នុងការលើកស្ទួយប្រជាធិបតេយ្យអីជាដើម»។
លោកយង់ គិមអេង បន្តថា៖«ឧទាហរណ៍ថា យើងចង់ឱ្យគម្រោង១មានតម្លាភាព អ៊ីចឹងប្រជាពលរដ្ឋហ្នឹងមានសិទ្ធិបញ្ចេញមតិ មិនអ៊ីចឹង? មានសិទ្ធិបញ្ចេញយោបល់ដើម្បីឃើញអំពីចំណុចខ្វះខាត ហើយចូលរួមបញ្ចេញយោបល់កែលម្អ»៕