
លោក ឯម សូផាត សមាជិក គជប ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី ៣០ ខែមីនា។ ហេង ជីវ័ន
ភ្នំពេញៈ គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសបើកដំណើរការឃោសនាបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកចំនួន ៥ ដែលរាជរដ្ឋាភិបាលទើបបានបង្កើតឡើង នៅក្នុងខេត្តចំនួន ៣ នាពេលកន្លងមកថ្មីៗនេះ។
ក្រុង ស្រុកទាំង ៥ នោះ រួមមាន ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល, ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។
លោក ឯម សូផាត សមាជិក គជប ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី ៣០ ខែមីនាថា សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកនេះ ការឃោសនាបោះឆ្នោតមានរយៈពេល ៨ ថ្ងៃ ដែលត្រូវចាប់ផ្តើមពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៣ ហើយគ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ត្រូវបញ្ឈប់ក្នុងរយៈពេល២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។
លោកបានបន្តថា គ្រប់សកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង ៦:០០ ព្រឹក ដល់ម៉ោង ១០:០០ យប់ និងត្រូវឈប់សម្រាកនៅចន្លោះ ពីម៉ោង ១០:០០ យប់ ដល់ម៉ោង ៦:០០ ព្រឹក។ សកម្មភាពឃោសនាបោះឆ្នោតដោយឧបករណ៍បំពងសំឡេងត្រូវហាមឃាត់ជាទូទៅចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ដល់ម៉ោង ២:០០ រសៀល។
លោកឯម សូផាត បានបញ្ជាក់ថា ៖ «ចំពោះការហែក្បួនឃោសនាបោះឆ្នោត ដោយក្រុមថ្មើរជើង ឬដោយយានជំនិះត្រូវបានកំណត់ទម្រង់ និងទំហំដោយអ្នកចូលរួមចាប់ពី ២០នាក់ឡើងទៅ»។
បើតាម លោក ឯម សុផាត គណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកពាក់ព័ន្ធអាចហែក្បួនក្នុងអំឡុងពេលឃោសនាបោះឆ្នោតយ៉ាងច្រើន ២ ដង នៅក្នុងមណ្ឌលក្រុង ស្រុក ដែលគណបក្សមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយការហែក្បួន ត្រូវបានអនុញ្ញាតឱ្យធ្វើក្នុងក្របខ័ណ្ឌឃុំ សង្កាត់ចំណុះមណ្ឌលក្រុងស្រុកពាក់ព័ន្ធ ដែលសាមីគណបក្សបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រាប់ថា គណបក្សហ៊ុនស៊ិនប៉ិច បានត្រៀមខ្លួនប្រមូលផ្តុំសមាជិកសមាជិក និងអ្នកគាំទ្រគណបក្សធ្វើការឃោសនា ដើម្បីសុំការគាំទ្រពីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។
លោកបន្តថា ក្នុងការឃោសនារកការគាំទ្រនេះ គណបក្សលោកនឹងចូលរួមគោរព និងអនុវត្តតាមការណែនាំនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ញឿន រ៉ាដែន ថា ៖ «មួយវិញទៀត តាមរយៈព្រះបន្ទូលរបស់ព្រះអង្គម្ចាស់ នរោត្តមចក្រា វុធ ព្រះប្រធានគណបក្ស លោកបានណែនាំឱ្យដល់ថ្នាក់ក្រោម ជាពិសេសស្រុក ក្រុងដែលបានដាក់បេក្ខភាព ត្រូវធ្វើការផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្សផងដែរ»។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកចំនួន ៥នេះ មានគណបក្សនយោបាយចំនួន ៣ ចូលរួមប្រកួតប្រជែង ក្នុងនោះមាន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជា៕