
សមាជិករដ្ឋសភាលើកដៃអនុម័តសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-ឡាវ។ រូបថត សហការី
ភ្នំពេញៈ រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រ-កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយទទួលបានការគាំទ្រទាំងស្រុងលើ ១០៥ សំឡេងនៃសមាជិកនៃរដ្ឋសភាក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣។
លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភាមណ្ឌលកំពង់ស្ពឺ បានថ្លែងក្នុងកិច្ចប្រជុំថា សេចក្តីព្រាងច្បាប់ ដែលរដ្ឋសភាបានអនុម័តគាំទ្រដល់រាជរដ្ឋាភិបាលនាពេលនេះ នឹងក្លាយជាឯកសារមូលដ្ឋានមួយបន្ថែមទៀត ដែលនាំឱ្យយន្តការកំណត់ព្រំដែន ដែលនៅសេសសល់រវាងប្រទេសទាំង ២ កាន់តែមានភាពច្បាស់លាស់។
លោកបន្តថា ការអនុម័តនេះ ក៏ជាការអនុញ្ញាតឱ្យភាគីទាំង ២ មានលទ្ធភាពកាន់តែខ្លាំង ក្នុងការជំរុញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ដើម្បីបន្តរក្សាចំណងមិត្តភាព និងបើកសក្តានុពលសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងដើម្បីភាពសុខសាន្តរបស់ប្រជាជនក្នុងប្រទេសរៀងៗខ្លួន។
លោក ហ៊ុន ម៉ានី ថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាចិត្តដ៏មោះមុតបំផុតក្នុងសុឆន្ទៈដើម្បីសម្រេចបានព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី គោរពផលប្រយោជន៍គ្នាទៅវិញទៅមក ប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍគ្រប់វិស័យ»។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានឡើងថ្លែងអំណរគុណដល់ប្រធានរដ្ឋសភាដែលបានអនុញ្ញាតដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងប្រទេសកម្ពុជា និងឡាវក្នុងរបៀបវារៈក្នុងសម័យប្រជុំនេះ។ លោកបន្តថា ការអនុម័តយល់ព្រមសេចក្តីព្រាងច្បាប់នេះ ជាជោគជ័យថ្មីមួយទៀតដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំពុះពារគ្រប់ឧបសគ្គ និងគ្រប់ដំណាក់កាល ដើម្បីនាំនូវព្រំដែនមានសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរឹងមាំ ដែលជាបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក៏ដូចជាប្រជាជនកម្ពុជាគ្រប់រូបដែលស្រឡាញ់ និងចង់បានសុខសន្តិភាពជានិរន្តតរៀងទៅ។
សូមរំឭកដែរថា គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំង ២ បានជួបប្រជុំចរចាគ្នាចំនួន ១៨៨ លើក ពីឆ្នាំ ១៩៩៥-២០០៩ ដោយសម្រេចបានការត្រួតពិនិត្យខ្សែព្រំដែនបានប្រមាណជា ៨៦% ស្មើនឹង ៤៦៥ គីឡូម៉ែត្រនៃខ្សែព្រំដែនរួម ដែលមានប្រវែងប្រមាណជា ៥៤០ គីឡូម៉ែត្រ។ ក្នុងនោះ ភាគីទាំង ២ បោះបង្គោល ព្រំដែនបានចំនួន ១២១ បង្គោលនៅលើដីជាក់ស្តែង នៅខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងឡាវ គឺជាកំណត់ត្រាទទួលយកលទ្ធផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួម ប្រមាណជា ៨៦% ដែលប្រទេស ទាំង ២ សម្រេចបានលើការងារព្រំដែន ដែលត្រូវបានប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង ២ កម្ពុជានិងឡាវបានចុះហត្ថលេខានាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវកន្លងទៅនេះ ហើយដំណោះស្រាយតំបន់ព្រំដែនដែលនៅសល់ ប្រមាណជាង ១៤% ទៀត ដែលភាគីទាំង ២ មិនទាន់សម្រេចបានការបន្តការចរចា។
ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នេះដែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក៏បានផ្ញើព្រះរាជសារកោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបានបំពេញតួនាទីយ៉ាងធំធេង ក្នុងនាមកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធំៗនានាកន្លងមក។
ព្រះរាជសារនេះបញ្ជាក់ថា ភាពជោគជ័យដ៏មហោឡារិកនេះ គឺបាននាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹងពង្រីកវិស័យការទូត កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្ត ឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។ «ជិត ៣០ ឆ្នាំកន្លងមកនេះ គឺចាប់ពីការបោះឆ្នោតទូទៅឆ្នាំ ១៩៩៣ មក ប្រជាជាតិកម្ពុជាយើងសម្រេចបានការថែរក្សា ការពង្រឹង ការគោរពរបបរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងបានអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ»។ យោងតាមរយៈព្រះរាជសារ៕