
លោក ស ខេង ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត នៅស្រុកពារាំង ខេត្តព្រៃវែងនៅថ្ងៃទី ៣០ ខែមីនា។ រូបថត ក្រសួងមហាផ្ទៃ
ព្រៃវែងៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ឱ្យរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងការពារព្រះមហាក្សត្រ ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។
បន្ថែមពីនេះ ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
លោក ស ខេង បានធ្វើការណែនាំបែបនេះ ខណៈដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត នៅស្រុកពារាំង ខេត្តព្រៃវែងនៅថ្ងៃទី ៣០ ខែមីនា។ នេះបើយោងតាមផេកហ្វេសប៊ុកក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ដល់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋាន។
លើសពីនេះទៀត លោក ស ខេង បានស្នើឱ្យមានការយកចិត្តទុកដាក់ដល់ការផ្តល់សេវា រដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជាការបញ្ជាក់សំបុត្រកំណើត ការធ្វើអត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារនានាដែល ប្រជាពលរដ្ឋចាំបាច់ត្រូវការសេវាពីអាជ្ញាធរមូលដ្ឋាន គឺត្រូវតែអនុវត្ត និងផ្តល់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
លោកក៏បានជំរុញឱ្យបន្តខិតខំរួមគ្នា ក្នុងការអនុវត្តឱ្យបានសកម្មផុលផុសជាប់ជាប្រចាំនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយត្រូវលើកកម្ពស់ការអនុវត្តវិធានការសំខាន់ៗ «៣ កុំ ១ រាយការណ៍» ផងដែរ។
បន្ថែមពីនេះ លោកក៏បានរំឭកដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាបនិងទប់ស្កាត់ឱ្យបានទាន់ពេលវេលាផងដែរ៕