
លោករដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា ដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃទី ២៩ មីនា។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងនាយកដ្ឋានកសិឧស្សាហកម្ម ធ្វើការពង្រឹងមន្ទីរពិសោធន៍ឱ្យបានកាន់តែប្រសើរ ដោយមិនធ្វើការពង្រីកបន្ថែម ប៉ុន្តែត្រូវពិនិត្យសម្ភារ ធនធានមនុស្សដែលត្រូវពង្រឹង និងអភិវឌ្ឍបន្ថែមឱ្យកាន់តែល្អ និងមានសមត្ថភាពពិតប្រាកដ។
ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្ត្រ ដំឡើងកម្រិតមន្ទីរពិសោធន៍ ២០២៣-២០៣០ (MAFF Strategic Plan for Laboratory Upgrading-SPLU 2030) និងផែនការវិនិយោគ ក្រោមគម្រោងប្រកួតប្រជែងខ្សែចង្វាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣។
លោករដ្ឋមន្ត្រីកសិកម្មឱ្យដឹងថា មន្ទីរពិសោធន៍ដែលគ្រោងអភិវឌ្ឍឱ្យកាន់តែល្អនេះ នឹងជួយអង្គភាពជំនាញទទួលបន្ទុកតាមអនុវិស័យកសិកម្ម សុខភាពសត្វ និងផលិតកម្មសត្វ ជលផល និងកសិឧស្សាហកម្ម ដែលជាគ្រឹះស្ថានរដ្ឋបាលសាធារណ:ឈានដល់កម្រិតស្តង់ដាត្រួតពិនិត្យសុវត្ថិភាពកសិផលិតផលសម្រាប់ ការនាំចេញ។ នេះបើតាមការផ្សាយ លើគេហទំព័រ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី ៣០ ខែមីនា។
ប្រភពដដែលបន្ថែមថា លោករដ្ឋមន្ត្រី ក៏បានណែនាំមន្ទីរពិសោធន៍នៅតាមសាកលវិទ្យាល័យត្រូវនៅបន្តការងារពិសោធន៍ និងបណ្តុះបណ្តាលនិស្សិតលើការងារពិសោធន៍ ហើយត្រូវមានទំនាក់ទំនងនឹងមន្ទីរពិសោធន៍ថ្នាក់ជាតិ។
ជាមួយគ្នានេះមន្ទីរពិសោធន៍ត្រូវពិនិត្យបន្ថែមទៀត លើឧបករណ៍ ដែលចាំបាច់ត្រូវបំពាក់ ដើម្បីបម្រើការងារពិសោធន៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួល។ ជាងនេះទៀត គឺត្រូវរៀបចំធ្វើបញ្ជីសារពើភណ្ឌមន្ទីរពិសោធន៍ ដើម្បីពិនិត្យ និងសិក្សា អ្វីដែលប្រើប្រាស់ និងតម្រូវការ ដើម្បីធានាប្រសិទ្ធភាពការងារ។
ក្រសួងកសិកម្ម បញ្ជាក់ថា ACSEP ទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការមកពី ADB, AFD, AIF, JFPR, និងបដិភាគរាជរដ្ឋាភិបាលកម្ពុជា (RGC) ចំនួន ១១០,០៦ លានដុល្លារ ដែលនឹងប្រើប្រាស់សម្រាប់ វិនិយោគលើមន្ទីរពិសោធន៍ចំនួន ៤ រួមមានមន្ទីរពិសោធន៍ចំនួន ២ នៅអគ្គនាយកដ្ឋានកសិកម្ម មន្ទីរពិសោធន៍ចំនួន ១ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ទីរពិសោធន៍ ១ ទៀតនៅនាយកដ្ឋានកសិឧស្សាហកម្ម។
ការវិនិយោគនេះ គឺធ្វើយ៉ាងណាដំឡើងកម្រិតមន្ទីរពិសោធន៍វិភាគសុវត្ថិភាពកសិផលិតផលឱ្យមានការទទួលស្គាល់ពីស្ថាប័ន ស្តង់ដាអន្តរជាតិ (International Organization for Standardization) ISO17025។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញាអ៊ឹម រចនា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣០ ខែមីនាថា មន្ទីរពិសោធន៍ ដែលគ្រោងនឹងដំឡើងកម្រិតនេះ ក្រសួងកសិកម្មកំពុងធ្វើការជាមួយ ដៃគូពាក់ព័ន្ធ និងភាគីម្ចាស់ជំនួយ។ វឌ្ឍនភាពនៃការដំឡើងកម្រិតមន្ទីរពិសោធន៍នេះស្ថិតក្នុងកម្រិតបឋមនៅឡើយ ដែលក្រសួង និងអ្នកពាក់ព័ន្ធទើបចាប់ផ្តើមជជែកពិភាក្សាគ្នា ដើម្បីជ្រើសរើសលើជម្រើសមួយចំនួនដែលម្ចាស់ជំនួយក៏ដូចជាភាគីពាក់ព័ន្ធបានរចនាចេញមក។
កញ្ញាបានឱ្យដឹងថា ចំពោះការដំឡើងកម្រិតមន្ទីរពិសោធន៍នេះទៀតសោត គឺមានសារៈសំខាន់ ដោយសារ នៅពេលលោកឌិតទីណា រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម មកគ្រប់គ្រង លោកបានចុះទៅពិនិត្យមើលមន្ទីរពិសោធន៍របស់អង្គភាពនៅក្រោមឱវាទក្រសួងទាំងអស់ ដែលមានដូចជា អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងពិនិត្យមន្ទីរពិសោធន៍នៅតាមសាលារៀនដូចជាសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងផងដែរ ប៉ុន្តែលោកសង្កេតឃើញថា មិនទាន់មានមន្ទីរពិសោធន៍ស្តង់ដាអន្តរជាតិនៅឡើយ។
កញ្ញាថ្លែងថា៖ «ជាការយល់ឃើញរបស់ឯកឧត្តមរដ្ឋមន្ត្រី និងជាទស្សនវិស័យទៅថ្ងៃមុខ លោកចង់ឱ្យមានមន្ទីរពិសោធន៍ ១ ដែល ជាមន្ទីរពិសោធន៍មានស្តង់ដា ព្រោះរាល់ថ្ងៃនេះមន្ទីរពិសោធន៍នៅតាមអគ្គនាយកដ្ឋានផ្សេងៗ ក្រោមឱវាទក្រសួងកសិកម្មមិនទាន់មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិមាន ISO ត្រឹមត្រូវនៅឡើយទេ»។
ក្រោយពីបានពិនិត្យមើលមន្ទីរពិសោធន៍នៅតាមអគ្គនាយកដ្ឋានជំនាញនីមួយៗ និងតាមសាលាកសិកម្ម លោករដ្ឋមន្ត្រីក្រសួងកសិកម្ម មានទស្សនវិស័យថា ការមានមន្ទីរពិសោធន៍រួមគ្នា ១ ដែលប្រមូលផ្តុំធនធានមនុស្ស ក៏ដូចជាធនធានសម្ភារបរិក្ខារមកនៅកន្លែងតែ ១ នឹងអាចជួយឱ្យការធ្វើពិសោធន៍មានលក្ខណៈស្តង់ដាត្រឹមត្រូវ ដែលជំនាញនីមួយៗ អាចរៀនសូត្រពីគ្នាទៅវិញទៅមក និងជួយអភិវឌ្ឍមន្ទីរពិសោធន៍នៅក្នុងវិស័យកសិកម្មកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។ នេះបើតាមអ្នកនាំពាក្យក្រសួងកសិកម្ម៕