
សេចក្តីប្រកាសព័ត៌មានគ.ជ.ប ចាប់ផ្ដើមទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣ គេហទំព័រ គ.ជ.ប www.nec.gov.kh
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសចាប់ផ្តើមទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ តទៅ។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី ៣១ ខែមីនានេះ បានឱ្យដឹងថា យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ កាលបរិច្ឆេទ នៃការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ត្រូវបញ្ចប់ត្រឹមថ្ងៃទី ១២ ខែកក្កដា និងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ សម្រាប់អ្នកសង្កេតការណ៍អន្ដរជាតិ។
ជាមួយគ្នានេះ គ.ជ.ប បានជម្រាបដល់ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់ ដែលមានបំណងចូលរួម សង្កេតមើលការបោះឆ្នោតនេះ ត្រូវមកដាក់ពាក្យនៅទីស្តីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្ស នយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី ៩)។
សម្រាប់ គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័រ គ.ជ.ប (www.nec.gov.kh/khmer/content/6536)។
អ្នកសង្កេតការណ៍ជាតិ ដែលត្រូវបានអនុញ្ញាតជាផ្លូវការពី គ.ជ.ប នឹងទទួលបានបណ្ណសម្គាល់ អ្នកសង្កេតការណ៍ជាតិពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) មានសិទ្ធិសង្កេតមើលដំណើរការបោះឆ្នោតនៅរាជធានី-ខេត្ត ដែលខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកសង្កេតការណ៍ជាតិនៃរាជធានី-ខេត្តនោះតែប៉ុណ្ណោះ។ ដោយឡែក អ្នកសង្កេតការណ៍អន្តរជាតិដែលត្រូវបានអនុញ្ញាតជាផ្លូវការ និងទទួលបានបណ្ណសម្គាល់អ្នកសង្កេតការណ៍អន្តរជាតិពី គ.ជ.ប មានសិទ្ធិសង្កេតមើលដំណើរការបោះឆ្នោតទាំងមូល ឬតាមដំណាក់កាល និងគ្រប់ទីកន្លែងទាំងអស់ក្នុងព្រះរាជាណាចកកម្ពុជា។
គ.ជ.ប សង្ឃឹមទុកជាមុនថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើន នឹងចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ដើម្បីជំរុញឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ ដោយអនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជាធរមាន និងឈរលើគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ៕