
រដ្ឋមន្ត្រីក្រសួងផែនការលោក ឆាយ ថន បានជំរុញដល់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ជំរឿនទាំងអស់ ត្រូវតែយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន ដើម្បីឱ្យដំណើរការធ្វើជំរឿនកសិកម្មឆ្នាំ ២០២៣ នៅកម្ពុជាក្នុងក្របខ័ណ្ឌទូទាំងប្រទេសទទួលបានជោគជ័យ។
ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងពេលអញ្ជើញចុះត្រួតពិនិត្យការបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យ និង មន្ត្រីសម្ភាសន៍ជំរឿនកសិកម្មចំនួន ៤៧ នាក់ នៅខេត្តកំពត កាលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣។
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ ២០២៣ បានលើកឡើងថា ខណៈដែលការធ្វើជំរឿនកសិកម្មនៅកម្ពុជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស នឹងចាប់ផ្តើមពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៣ នេះតទៅ និងមានរយៈពេល ៣០ ថ្ងៃ ហេតុនេះ សូមឱ្យមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ មានសីលធម៌ក្នុងវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ក្នុងពេលបំពេញភារកិច្ចការងាររបស់ខ្លួន។
លោកបន្តថា៖ «មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ទាំងអស់ ដែលបានទទួលការបណ្តុះបណ្តាលពីគ្រូបង្គោលមកពីក្រសួងផែនការ ត្រូវទទួលខុសត្រូវលើភារកិច្ចការងាររបស់ខ្លួន ដោយមិនត្រូវឱ្យមានការធ្វេសប្រហែស ឬបង្កលក្ខណៈខុសឆ្គងប្រាសចាកពីភារកិច្ច និងក្រមសីលធម៌របស់ខ្លួនឡើយ ហើយក៏ត្រូវចេះសហការគ្នា ជាមួយមន្ទីរផែនការខេត្ត ដើម្បីអនុវត្តការងារធ្វើជំរឿនកសិកម្មកម្ពុជាឆ្នាំ ២០២៣ នេះ ឱ្យសម្រេចបានលទ្ធផលគួរជាទីទុកចិត្ត និងប្រសិទ្ធភាព»។
លើសពីនេះ រដ្ឋមន្ត្រីក្រសួងផែនការ ក៏អំពាវនាវដល់ម្ចាស់អង្គភាពកសិកម្ម សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទ និងគ្រប់ទំហំខ្នាតទាំងអស់ សូមជួយគាំទ្រ និងផ្តល់ទិន្នន័យព័ត៌មាន តាមតារាងសំណួរដល់មន្ត្រីជំរឿនកសិកម្មឱ្យបានត្រឹមត្រូវ គ្រប់គ្រាន់ ជាក់លាក់ និងទាន់ពេលវេលាផងដែរ។ លោក ឆាយ ថន ក៏បានថ្លែងអំណរគុណដល់អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានបង្កលក្ខណៈងាយស្រួល ដល់មន្ត្រី ដើម្បីឱ្យការអនុវត្តធ្វើជំរឿនប្រព្រឹត្តទៅរលូន។
គួរបញ្ជាក់ដែរថា បើតាមក្រសួងផែនការ ជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា នឹងត្រូវធ្វើ ចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ នេះគឺជាជំរឿនកសិកម្មលើកទី ២ នៅព្រះរាជាណាចក្រកម្ពុជាស្របតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ចរបស់ម្ចាស់អង្គភាពកសិកម្មទាំងអស់ មានជាអាទិ៍ សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មនីមួយៗ ត្រូវចូលរួមសហការក្នុងការផ្តល់ព័ត៌មានទិន្នន័យដល់មន្ត្រីជំរឿនកសិកម្ម។
ការងារជំរឿនកសិកម្មឆ្នាំ ២០២៣ គឺត្រូវបានឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេសពីដៃគូអភិវឌ្ឍន៍អង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ ( FAO) និងគាំទ្រថវិកាទាំងស្រុង ពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តការងារជំរឿនកសិកម្មឆ្នាំ ២០២៣ ដែលមានវិសាលភាពធំធេង ដោយផ្អែកតាមការប៉ាន់ស្មានចំនួនប្រជាជនកម្ពុជាមានកំណើនដល់ជាង ១៧ លាននាក់ ដែលមានប្រមាណ ៣,៩ លានគ្រួសារ នៅឆ្នាំ ២០២៣ ហើយនិងគ្រួសារប្រកបមុខរបរកសិកម្មនៅទូទាំងប្រទេសកម្ពុជាមានប្រមាណជាង ២,៧ លានគ្រួសារ៕