
មន្ត្រី នៅក្នុង កិច្ចប្រជុំ ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី «ប្រព័ន្ធទឹកកខ្វក់» កាលពីថ្ងៃទី ៣០ មីនា។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៣០ ខែមីនា បានដឹកនាំកិច្ចប្រជុំ ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី «ប្រព័ន្ធទឹកកខ្វក់» ដើម្បីពន្លឿននីតិវិធីជំហានបន្ទាប់ ក្នុងការដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ និងត្រៀមសម្រាប់ការបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី។
បើតាមផេកហ្វេសប៊ុក ក្រសួងសាធារណការ កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបន្តពិនិត្យពិភាក្សា និងឆ្លងខ្លឹមសារ សេចក្តីព្រាងច្បាប់ស្តីពី «ប្រព័ន្ធទឹកកខ្វក់» ដោយច្របាច់បញ្ចូលគ្នា រវាងសេចក្តីព្រាងច្បាប់ដែលតាក់តែងដោយក្រុមការងារជំនាញរបស់ក្រសួង និងសេចក្តីព្រាងច្បាប់ដែលសិក្សាដោយ JICA។
មន្ត្រីជំនាញ នឹងធ្វើការពិភាក្សា ដើម្បីឱ្យមានអត្ថន័យគ្រប់ជ្រុងជ្រោយ បង្ការនូវកង្វះខាតត្រង់ចំណុចសំខាន់ៗដែលគួរមាន ដើម្បីធានាដល់ការអភិវឌ្ឍការគ្រប់គ្រងទឹកកខ្វក់ឱ្យកាន់តែមានភាពប្រសើរឡើង ព្រមទាំងអាចផ្តល់ឧត្តមប្រយោជន៍ជារួម ស្របទៅតាមការរីកចម្រើនរបស់សង្គមជាតិ និងកំណើនប្រជាជនផងដែរ។
អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល លើការកែសម្រួលអត្ថន័យពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធ និងការកំណត់និយមន័យនៃវាក្យស័ព្ទ ដែលប្រើប្រាស់ក្នុងសេចក្តីព្រាងច្បាប់។
លើសពីនេះ លោកស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមការងារបច្ចេកទេស ធ្វើបច្ចុប្បន្នភាពឯកសារសេចក្តីព្រាងច្បាប់នេះ ទៅតាមស្មារតីអង្គប្រជុំ និងបន្តនីតិវិធីជំហានបន្ទាប់ ក្នុងការដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ដើម្បីពិនិត្យ មុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីប្រជុំអនុម័ត៕