
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានទទួលជួបគណៈប្រតិភូផ្នែកឯកជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក Wang Xiangshe នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ។
ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីបានសម្តែងនូវការសាទរចំពោះក្រុមហ៊ុនដែលមានខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃល្អ ព្រមទាំងមានផែនការវិនិយោគច្បាស់លាស់លើដំណាំឧស្សាហកម្មនៅកម្ពុជា ដោយមានគោលដៅជាក់លាក់នាំទៅប្រទេសចិន។ នេះបើយោងតាមក្រសួងកសិកម្មនៅថ្ងៃទី៣១ខែមីនា។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងឱកាសនោះថា សម្រាប់ការវិនិយោគស្វាយចន្ទី មិនត្រឹមតែត្រូវផ្តោតលើគុណភាព រសជាតិ និងមានផែនការផលិតច្បាស់លាស់តាមតម្រូវការទីផ្សារប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាដើម្បីទទួលបានតម្លៃបន្ថែម ព្រមទាំងគិតគូរដល់បរិស្ថាននិងព្រៃឈើ(Eco-Friendly)ផងដែរ។
ទាក់ទងទៅនឹងស្វាយចន្ទីនោះផងដែរ លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៅថ្ងៃដដែលនោះបានចូលរួមប្រជុំពិភាក្សាអំពីការរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤ ជាមួយគណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក និងសហព័ន្ធស្វាយចន្ទីកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រី បានណែនាំឱ្យមានការរៀបចំសន្និសីទកាសែតដោយមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃតាំងពីអ្នកផលិត កែច្នៃ និងទីផ្សារ ដើម្បីជួបគ្នាជជែកពិភាក្សាគ្នា ចូលរួមយោបល់ និងរកដំណោះស្រាយរួមលើស្វាយចន្ទី ការប្រើប្រាស់ឱ្យអស់សក្តានុពលដោយមិនបង្កើនការចំណាយ និងគិតគូរដល់បរិស្ថាន (Eco-Friendly)៕