
សៀមរាបៈ ភូមិបេតិកភណ្ឌវប្បធម៌ ដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង ៤៤ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំនេះបាននិងកំពុងលេចរូបរាងជាបណ្តើរៗ ក្នុងការត្រៀមបង្ហាញនូវបេតិកភណ្ឌរូបី និងអរូបីជាច្រើនទម្រង់។
យោងតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ភូមិបេតិកភណ្ឌវប្បធម៌នេះមានទីតាំងនៅខាងជើងស្ពានហាលជាប់នឹងច្រាំងកសិន្ទុ បរិវេណមុខប្រាសាទអង្គរវត្ត។ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីត្រៀមបង្ហាញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីបេតិកភណ្ឌរូបបី និងអរូបី ជាច្រើនទម្រង់ មានឈ្មោះថា ភូមិបេតិកភណ្ឌវប្បធម៌។
ភូមិបេតិកភណ្ឌវប្បធម៌ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៤៤ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំនេះ។ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងបានស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីបេតិកភណ្ឌរូបី ដូចជាបច្ចេកទេសរំលីងថ្ម ការរំកិលថ្ម ការងារជួសជុលថ្ម និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋជាដើម។
រីឯបេតិកភណ្ឌអរូបីវិញ នឹងមានបង្ហាញអំពីរបៀបចារសាស្ត្រាស្លឹករឹត។ ក្រៅពីនោះក៏មានបង្ហាញសិល្បៈស្មូនភាជន៍ ការដាប់ស្បែក ការផ្តិតសិលាចារិក ឬប្រថាប់រូប ការប្រគំតន្ត្រីរបស់អ្នកភូមិត្បែង លេងល្បែងប្រជាប្រិយខ្មែរ រួមទាំងការតាំងបង្ហាញសមិទ្ធផលការងារ៣០ឆ្នាំរបស់អាជ្ញាធរជាតិអប្សរានៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។
អាជ្ញាធរជាតិអប្សរាបានអំពាវនាវ សូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនាកម្សាន្ត និងស្វែងយល់ឱ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខួប១០ឆ្នាំ ក្រោមប្រធានបទ ក្ដីស្រមៃ និងសង្ឃឹម ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ៕