ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៣០មីនា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដោយបានធ្វើការពិភាក្សា រិះរកមធ្យោបាយធ្វើឱ្យកាន់តែប្រសើរ នូវសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដោយបានពិនិត្យលទ្ធភាពបន្ថែមសមុច្ច័យថ្មីៗ នៃបណ្តាប្រទេសនីមួយៗដើម្បីតាំងបង្ហាញនិងពិនិត្យលទ្ធភាពផ្តល់នូវប្រភពថវិកា ដើម្បីធានាបាននូវនិរន្តរភាពនៃដំណើរការទូទៅរបស់សារមន្ទីរ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាសហប្រធាននៃកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួម ពីឯកអគ្គរដ្ឋទូតសហព័ន្ធមីយ៉ាន់ម៉ា តំណាងស្ថានទូតថៃ ឡាវ និងវៀតណាម ថ្នាក់ដឹកនាំ និងមន្រី្ត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាច្រើនរូបចូលរួម។
បើតាមអាជ្ញាធរជាតិអប្សរា កិច្ចប្រជុំនេះបានពិភាក្សានិងសម្រេចលទ្ធផលសំខាន់ៗមួយចំនួនដូចជា កំណត់ឱ្យភាគីកម្ពុជា និងឥណ្ឌារៀបចំ សេចក្តីព្រាង MOU ហើយភាគីទាំងអស់ នឹងពិនិត្យសម្រេចនាពេលក្រោយ។
ត្រូវធ្វើឱ្យកាន់តែប្រសើរឡើង នូវសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាពិសេសពិនិត្យលទ្ធភាពបន្ថែមសមុច្ច័យថ្មីៗ នៃបណ្តាប្រទេសនីមួយៗដើម្បីតាំងបង្ហាញ ពិនិត្យលទ្ធភាពផ្តល់នូវប្រភពថវិកា ដើម្បីធានាបាននូវនិរន្តរភាព នៃដំណើរការទូទៅរបស់សារមន្ទីរ។
បន្ថែមពីនេះ កិច្ចប្រជុំបានជំរុញឱ្យមានការចូលរួមរបស់បណ្តាប្រទេសនីមួយៗ ឱ្យកាន់តែសកម្មក្នុងការរៀបចំតាំងបង្ហាញ ពិព័រណ៍អចិន្ត្រៃយ៍ ឬមិនអចិន្ត្រៃយ៍នៃវប្បធម៌របស់ខ្លួនបង្កើនការផ្សព្វផ្សាយអំពីសារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ី ឱ្យបានទូលំទូលាយ ធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរចូលទស្សនា និងជំរុញឱ្យមានការចូលរួមរបស់បណ្តាប្រទេសនីមួយៗឱ្យសកម្មថែមទៀត។
លើសពីនេះ កិច្ចប្រជុំក៏បានសម្រេចផ្តល់នូវអ្នកជំនាញខាងផ្នែកសារមន្ទីរមកធ្វើការបណ្តុះបណ្តាលមន្ត្រី បុគ្គលិកកំពុងបំពេញភារកិច្ចនៅសារមន្ទីរផ្ទាល់ហើយក៏បានជំរុញឱ្យគ្រប់ភាគី បន្តទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែរលូននិងមានប្រសិទ្ធភាពខ្ពស់ សំដៅបង្កើននូវបរិយាកាសសហការជិតស្និទ្ធរវាងគ្រប់ភាគីពាក់ព័ន្ធ៕