
ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលនៅយប់ ថ្ងៃសៅរ៍ ទី ១ ខែមេសា ឆ្នាំ ២០២៣ នេះ ក្នុងភូមិសាស្ត្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីធ្វើការជីកកាត់ភ្ជាប់បំពង់មេនាំទឹក។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចុះថ្ងៃទី២៨ខែមីនាបានសំណើសុំកិច្ចសហការពីរដ្ឋបាលខណ្ឌសែនសុខ ដើម្បីផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋដែលមានលំនៅឋាន ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខអំពីការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលនៅយប់ ថ្ងៃសៅរ៍ ទី០១ ខែមេសា។
លិខិតបានសរសេរថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកកាត់ភ្ជាប់បំពង់មេនាំទឹក ទំហំ៨០០មម ទៅទំហំ២៥០មម នៅលើផ្លូវលេខ៥៥P(១០១៩) គ្រោងបញ្ចូនសម្ពាធទឹកមកពីរោងចក្រផលិតទឹកស្អាតបាក់ខែង ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៦២P(១៩៦៦) រហូតដល់ផ្លូវលេខ២៦P(១៩៦៨) ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសៅរ៍ ទី១ ខែមេសា។
ការងារជីកកាត់ ភ្ជាប់បំពង់មេនាំទឹក ទំហំ៨០០មម ទៅទំហំ២៥០មម ខាងលើនេះតម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលប្រមាណជា៦ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០២:០០នាទី យប់ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករបន្តិចបន្តួចក្រោយពេលធ្វើការកាត់ភ្ជាប់បំពង់មេនេះរួច។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានស្នើឱ្យរដ្ឋបាលខណ្ឌជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹកមួយរយៈពេលនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលផ្អាកផ្គត់ផ្គង់នេះ៕