
មន្ត្រីនគរបាល នៅក្នុងកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី ៣១មីនា។ រូបថត នគរបាល
ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំកងកម្លាំងនគរបាលខណ្ឌទាំង ១៤ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ ព្រមទាំងថ្នាក់ដឹកនាំតាមអង្គភាពជំនាញពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រជុំពិភាក្សាគ្នាជាប្រចាំ ដើម្បីដាក់ចេញូនូវផែនការ ក្នុងការបង្ការ និងទប់ស្កាត់បទល្មើស ស្រាវជ្រាវបង្ក្រាបមុខសញ្ញាដែលប្រព្រឹត្តបទល្មើស ស្រាវជ្រាវមុខសញ្ញាដោយអនុវត្តតាមដីកា ស្រាវជ្រាវបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង និងមុខសញ្ញាពាក់ព័ន្ធដែលនៅសេសសល់មួយចំនួនទៀត។
ក្រៅពីនេះលោកស្នងការ បានសង្កត់ធ្ងន់ដល់លោកស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក ឱ្យយកចិត្តទុកដាក់ខ្ពស់លើការណែនាំអប់រំដល់មន្ត្រីអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដោយប្រើប្រាស់កាយវិការ និងពាក្យសម្តីឱ្យបានសមរម្យជាមួយប្រជាពលរដ្ឋ។
លោកស ថេត បានធ្វើការណែនាំបែបនេះ នៅព្រឹកថ្ងៃទី៣១មីនា ក្នុងពេលដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៣។ នេះបើយោងតាមផេកហ្វេសប៊ុក អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្រៅពីបានធ្វើការកោតសរសើរដល់កងកម្លាំងទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាព បានយ៉ាងល្អក្នុងឆ្នាំ២០២២កន្លងមក លោកស ថេត បានប្រាប់ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ឱ្យយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវបង្ក្រាបឱ្យបាននូវមុខសញ្ញាជួញដូរ ទីតាំងលួចលាក់ ចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់គ្រប់ប្រភេទ។
ជាពិសេសលោកបានប្រាប់ដល់ថ្នាក់ដឹកនាំអង្គភាព ត្រូវធ្វើការណែនាំដាច់ខាត ដល់មន្ត្រីនគរបាលទាំងអស់ហាមពាក់ព័ន្ធក្នុងការប្រើប្រាស់សារធាតុញៀន បើមិនដូច្នោះទេ គឺត្រូវតែអនុវត្តតាមនីតិវិធីច្បាប់ ជាពិសេសអាចត្រូវសុំគោលការណ៍ដើម្បីបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។
បន្ថែមពីនេះ ត្រូវបន្តជំរុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) ជូនប្រជាពលរដ្ឋឱ្យបានល្អ និងឆាប់រហ័ស។
លើសពីនេះ លោកស្នងការ បានប្រាប់ឱ្យថ្នាក់ដឹកនាំកងកម្លាំងនគរបាលទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យវត្តមានកម្លាំង ប្រចាំបញ្ជា ត្រូវមានកម្លាំងជាក់ស្តែង រួមជាមួយម៉ូតូ និងរថយន្ត ដើម្បីត្រៀមចេញដោះស្រាយ ជួយសង្គ្រោះ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវត្រៀមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នាពេលខាងមុខ៕