
សៀមរាបៈ នាយកដ្ឋានគោលនយោបាយ ICT ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សហការជាមួយ អង្គការ APLE បានបើកវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹង និងការបង្ការ ទប់ស្កាត់ អំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នេះក្នុងក្រុងសៀមរាប។
លោកស្រីហ៊ឹម សោភណ្ឌ ប្រធានកម្មវិធីគាំទ្រ និងផ្ដល់ជំនួយសម្រាប់កុមាររងគ្រោះ អង្គការ APLE បានបញ្ជាក់ថា វគ្គបណ្តុះបណ្ដាលនាពេលនេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមអំពីហានិភ័យដែលអាចកើតមានឡើងចំពោះកុមារ លើការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ។ លើសពីនោះ វគ្គបណ្តុះបណ្ដាលនេះ ក៏នឹងធ្វើការពង្រឹងបន្ថែមទៅដល់អ្នកពាក់ព័ន្ធ ធ្វើយ៉ាងណាចូលរួមក្នុងការទប់ស្កាត់ឱ្យបានទៅលើបញ្ហាទាំងអស់នេះ ឱ្យឆ្លើយតបចំពោះហានិភ័យ និងទម្រង់ពាក់ព័ន្ធទាំងនោះ វិធានសុវត្ថិភាពចំពោះកុមារតាមប្រព័ន្ធអនឡាញ Blocking, Filtering, Reporting វិធានការបង្ការ ទប់ស្កាត់ផ្សេងៗទៀត។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយ ICT ក្រសួងប្រៃសណីយ៍បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជាវិបត្តិសកលមួយ ដែលបណ្តាប្រទេសជាច្រើនលើសកលលោកបានជួបប្រទះ។ ក្នុងនោះប្រទេសកម្ពុជាក៏បានទទួលរងនូវវិបត្តិនេះផងដែរ ដែលធ្វើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង។ ស្ថានភាពកុមារមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិជាច្រើន ដើម្បីធានាការអភិវឌ្ឍផ្តល់ការងារសមស្រប សមភាព ប្រសិទ្ធភាព និងធានាឱ្យសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ រួមទាំងបង្កើតយន្តការជាច្រើននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួលដល់ការអនុវត្តលិខិតបទដ្ឋានគតិយុត្តរួមទាំងគោលនយោបាយ និងផែនការសកម្មភាពលើការងារពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចលើកុមារ។
លោកស្រីបន្ថែមថា ទោះមានផែនការទាំងនេះ ក៏កុមារកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួននៅឡើយដូចជា អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ច និងការជួញដូរកុមារ ការប្រើប្រាស់គ្រឿងញៀននិងសារធាតុញៀន កុមារបម្លាស់ទី កុមារងផលប៉ះពាល់ដោយការធ្វើចំណាកស្រុក កុមារបោះបង់ការសិក្សា កុមារកង្វះហារូបត្ថម្ភ ជាដើមនិងកុមាររងការរំលោភបំពានតាមប្រព័ន្ធអនឡាញ ដែលជាប្រព័ន្ធផ្តល់សេវាកម្មតាមបច្ចេកវិទ្យាកំពុងពេញនិយមដែលផ្តល់នូវទាំងផលវិជ្ជមាន និងផលអវិជ្ជមាន។ បញ្ហាទាំងនេះ គឺតម្រូវឱ្យក្រសួង ស្ថាប័ន អាជ្ញាធរ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន សហគមន៍ ឪពុកម្តាយ រួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោដៅ។
លោកសុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តក៏បានមានប្រសាសន៍ថា ខេត្តសៀមរាបជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដែលរាជរដ្ឋាភិបាលបានចាត់ទុកជាតំបន់ប៉ូលទី២ នៃការអភិវឌ្ឍវិស័យទេសចរណ៍របស់ជាតិ ក៏ដូចជាខឿនសេដ្ឋកិច្ចជាតិ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្តកើនឡើងគួរឱ្យកត់សម្គាល់។
លោកបន្តថា ទន្ទឹមនឹងផលវិជ្ជមានពីសេវាកម្មទេសចរណ៍យើងក៏បានទទួលរងផលជាអវិជ្ជមានផងដែរ ពីអ្នកទេសចរណ៍មួយចំនួន ដែលមានបំណងទុច្ចរិតបានឆក់ឱកាសប្រព្រឹត្តបទល្មើសរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទទៅលើកុមារតាមរូបភាពផ្សេងៗ និងការយកខេត្តសៀមរាប ជាខេត្តសម្រាប់ឆ្លងកាត់ការនាំចេញមនុស្សដោយខុសច្បាប់ និងកន្លែងសម្រាប់ប្រព្រឹត្តបទល្មើស។ នេះបើយោងតាមប្រភពដដែលនេះ៕