ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០២៣ ត្រូវជា​ថ្ងៃទី១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៃ​ការបោះឆ្នោត​លើក​ទី១ ដើម្បី​ជ្រើសរើស​ក្រុម​ប្រឹក្សាក្រុង ស្រុក ចំនួន ៥ គឺ​ក្រុង​អរិយក្សត្រ ក្រុង​សំពៅពូន នៃ​ខេត្ត​កណ្ដាល ក្រុង​ឧដុង្​គម៉ែជ័យ ស្រុក​សាមគ្គីមុនីជ័យ នៃ​ខេត្ត​កំពង់ស្ពឺ និងស្រុក​អូរគ្រៀង​សែនជ័យ នៃ​ខេត្ត​ក្រចេះ ដែលទើបត្រូវ​បាន​បំបែក និង​បង្កើត​ថ្មី បាន​ប្រព្រឹត្តទៅ​ដោយ​រលូន។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ បញ្ជាក់​ថា ផ្អែក​តាម​របាយ​ការណ៍​របស់​គណៈ​កម្មការ​រៀបចំ​ការបោះឆ្នោត នៃ​ខេត្ត​ពាក់ព័ន្ធ​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​សកម្មភាព​ជួបប្រជុំ​ជាមួយ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត អង្គ​បោះឆ្នោត និង​សមាជិក​គណបក្ស​នៅ​តាមមណ្ឌល​បោះឆ្នោត​នៃ​ក្រុង ស្រុក​ចំនួន ៤ រួមមាន ក្រុង​អរិយក្សត្រ (អ្នក​ចូលរួម​ប្រមាណ ១៩៤ នាក់) ក្រុង​ឧដុង្គម៉ែជ័យ (អ្នក​ចូលរួម​ប្រមាណ ៥៨ នាក់) ស្រុក​សាមគ្គីមុនីជ័យ (អ្នក​ចូលរួម​ប្រមាណ ៨០ នាក់) និង​ស្រុក​អូរគ្រៀង​សែនជ័យ (អ្នក​ចូលរួម ប្រមាណ ៥៥ នាក់)។

ប្រភពដដែល​បន្ថែម​ថា ដោយឡែក គណបក្ស​នយោបាយ ២ ទៀត​រួមមាន គណបក្ស​ភ្លើងទៀន និង​គណបក្ស ហ៊្វុនស៊ិនប៉ិច ពុំមាន​ធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត​ឡើយ។ គ.ជ.ប បន្ត​ថា ជារួម ស្ថានភាព​ទូទៅ​នៃដំណើរការ​ឃោសនា​បោះឆ្នោត​ក្នុង​ថ្ងៃទី១​នេះ បានប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ គ្មាន​អំពើ​ហិង្សា និង​គ្មានការគំរាម​កំហែង។

លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យដឹង​នៅថ្ងៃ​ទី ១ ខែមេសា​នេះថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៃ​ការបោះឆ្នោត​លើក​ទីមួយ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រុក ដែល​ទើប​បង្កើត​និង​បំបែក​ថ្មី មិនមាន​អ្វី​ជាបញ្ហា​ប្រឈម​នោះទេ ព្រោះគណបក្ស​បានរៀបចំ​ទៅតាម​ការកំណត់ ស្រប​តាម​និតិវិធី និង​បទ​បញ្ជា​របស់​គ.ជ.ប។

លោក​បន្ត​ថា សម្រាប់​ការបោះឆ្នោត​នេះ គណបក្ស​នឹង​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​សមាជិកក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំងអស់​នៃ​ក្រុង​ស្រុក​ទាំងនោះ។ លោកថ្លែង​ថា៖ «មិនថា គណបក្សប្រជាជន​កម្ពុជា​នោះទេ​ គណបក្ស​ផ្សេងទៀត ដែលបាន​ដាក់​បេក្ខជន ឈរឈ្មោះ​បោះឆ្នោត តែងតែ​រំពឹង​ថា នឹងទទួល​បាន​ការគាំទ្រ បើមិន​សង្ឃឹម​ទេ គេមិន​ចូលរួម​ការបោះឆ្នោត​នោះទេ»។

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន មិនអាច​ទាក់ទង​បានទេ​នៅ​ត្រឹម​ព្រឹកថ្ងៃ​ទី១ខែមេសា ឆ្នាំ ២០២៣នេះ។

សូមជម្រាប​ថា ការឃោសនា​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​លើក​ទី១​នេះ មាន​រយៈពេល ៨ ថ្ងៃ ចាប់ពី​ថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣៕ យុត្ថារ៉ូ