
ភ្នំពេញៈ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (ប.ភ.យ.ក.) ដែលជាគ្រឹះស្ថានបណ្ដុះបណ្តាលសាធារណៈស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ ដែលលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន។
ព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែមីនា ដែលផ្សព្វផ្សាយនាថ្ងៃទី១ ខែមេសា បញ្ជាក់ថា ការរៀបចំ ប.ភ.យ.ក. នេះមានគោលបំណងដើម្បីធានា និងលើកកម្ពស់សមត្ថភាព គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ វិជ្ជាជីវៈច្បាប់ និងជំនាញផ្សេងទៀតក្នុងវិស័យច្បាប់ និងយុត្តិធម៌ ព្រមទាំងពង្រឹងការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យយុត្តិធម៌នៅកម្ពុជា។
ព្រះរាជក្រឹត្យ បញ្ជាក់ថា ប.ភ.យ.ក. ត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាល ប.ភ.យ.ក. ដែលមានសិទ្ធិអំណាចទូទៅ ដើម្បីចាត់ចែងការងារក្នុងក្របខ័ណ្ឌដែលត្រូវបានកំណត់ដោយបទប្បញ្ញត្តិនៃព្រះរាជក្រឹត្យនេះ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។
ព្រះរាជក្រឹត្យ បញ្ជាក់ថា៖ «សមាសភាពក្រុមប្រឹក្សាភិបាល ប.ក.យ.ក. ត្រូវតែងតាំងដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ក.យ.ក.។
សមាជិកក្រុមប្រឹក្សាភិបាល ប.ក.យ.ក. មាន អាណត្តិ៥ឆ្នាំ។ នៅពេលចប់អាណត្តិ សមាជិកក្រុមប្រឹក្សាភិបាល ប.ភ.យ.ក. អាចត្រូវបានតែងតាំងបន្តសម្រាប់អាណត្តិថ្មីបាន»៕