
កំពង់ឆ្នាំងៈ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពឆ្នាំ២០២៣ ជាមួយបញ្ជាការដ្ឋានយោធា ខេត្តប៊ិញធួន យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមដើម្បីរឹតចំណងមិត្តភាពរវាងកងទ័ពខេត្តទាំង២ឱ្យកាន់តែស្អិតរមួត។
ហ្វេសប៊ុកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបញ្ជាក់ថា ពិធីចុះហត្ថលេខានេះធ្វើឡើង កាលពីថ្ងៃទី៣០ ខែមីនា ក្រោមអធិបតីភាព លោក មុំ សុភាព មេបញ្ជាការរង យោធភូមិភាគពិសេស ដោយមានការចូលរួមពី លោក អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងលោក ជឿង ង៉ុក ជឿង មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាខេត្តប៊ិញធួន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
ហ្វេសប៊ុកដដែលបញ្ជាក់នាថ្ងៃទី១ ខែមេសា ថា៖ «កំណត់ហេតុសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពរវាងបញ្ជាការដ្ឋានយោធាខេត្តទាំង២ (កំពង់ឆ្នាំង-ប៊ិញធួន) ត្រូវបានធ្វើពិធីចុះហត្ថលេខា ១ ឆ្នាំម្តង ដោយផ្លាស់វេនគ្នាធ្វើជាម្ចាស់ផ្ទះរៀងរាល់ឆ្នាំ។ ការចុះហត្ថលេខានេះ ធ្វើឡើងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងកងទ័ពខេត្តទាំង២ឱ្យកាន់តែស្អិតរមួត»។
ហ្វេសប៊ុកដដែលបញ្ជាក់ថា លោក ជឿង ង៉ុក ជឿង បានជូនពរដល់នាយទាហាន និងពលទាហាន ទាំងអស់ក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ឱ្យមានសុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន។
លោក អ៊ុ សុភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តប៊ិញធួន ដែលបានឆ្លៀតពេលវេលាមកចុះហត្ថលេខាលើកំណត់ហេតុនេះ និងបានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «លោក មេបញ្ជាការ [លោក អ៊ុ សុភា] ក៏បានជូនពរដល់ប្រតិភូទាំងអស់ សូមមានសុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យចំណងសាមគ្គីភាពរវាងបញ្ជាការដ្ឋានយោធាខេត្តទាំង២ស្ថិតស្ថេរចិរកាល ព្រមទាំងបានជូនពរដល់ប្រតិភូក្នុងដំណើរមាតុភូមិនិវត្តន៍ទៅកាន់ទឹកដីខេត្តប៊ិញធួនវិញប្រកបដោយសុវត្ថិភាព»៕