
ព្រះវិហារៈ មេបញ្ជាការរងយោធាខេត្តបារៀវង់តាវ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម លោក ផាម ហ្វាំងតឹង និងថ្នាក់ដឹកនាំអង្គភាពកងពលធំអន្តរាគមន៍លេខ៣នៃកងទ័ពជើងគោកកម្ពុជាបានធ្វើការប្តេជ្ញាចិត្តរួមគ្នាក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល ប្រជាជន និងកងទ័ពនៃប្រទេសទាំង២ឱ្យស្ថិតស្ថេរជាអមតៈ។ នេះបើតាមការបញ្ជាក់របស់ទ័ពជើងគោកកម្ពុជា។
ការប្តេជ្ញានេះធ្វើឡើងក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចុះហត្ថលេខាប្រចាំឆ្នាំ២០២៣ លើអនុស្សរណៈនៃការយោគយល់គ្នាចងសម្ព័ន្ធមេត្រីភាព រវាងទីបញ្ជាការយោធាខេត្តបារៀ-វង់តាវ និងទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ កាលពីថ្ងៃទី២៩ ខែមីនា នៅខេត្តព្រះវិហារ។
ហ្វេសប៊ុកកងទ័ពជើងគោកកម្ពុជាបញ្ជាក់ថា លោក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានសម្ដែងការដឹងគុណដល់វៀតណាម ដែលតែងបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់កងទ័ពកម្ពុជាជារៀងរហូតមក។
ហ្វេសប៊ុកដដែលបានដកស្រង់សម្ដីលោក ស្រី ឌឹក ថ្លែងក្នុងពិធីនេះថា ប្រជាជនកម្ពុជាមិនអាចភ្លេចបាននូវ «គុណូប្បការៈដ៏ធំធេង» របស់កងទ័ពប្រជាជនវៀតណាម ក្នុងការលះបង់ «សាច់ស្រស់ ឈាមស្រស់» ក្នុងបុព្វហេតុសង្គ្រោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបខ្មែរក្រហម។
លោកថ្លែងថា៖ «ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ ពិតជាមានអត្ថន័យយ៉ាងធំធេង និងជាការសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការល្អ ទំនាក់ទំនងល្អ អំពីចំណងមិត្តភាព សាមគ្គីភាព យ៉ាងជិតស្និទ្ធ រវាងកងទ័ពទាំង២ រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-វៀតណាម ដែលធ្លាប់មានប្រវត្តិតស៊ូ និងមានប្រពៃណីសាមគ្គីគ្នាជាបងប្អូន ក្នុងនាមភូមិផងរបងជាមួយក្នុងភូមិសាស្ត្រ ឥណ្ឌូចិន ជាយូរលង់ ណាស់មកហើយ»។
ហ្វេសប៊ុកដដែលបន្តថា លោក ស្រី ឌឹក សង្ឃឹមយ៉ាងមុតមាំថា ចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាង ទីបញ្ជាការយោធាខេត្តបារៀវង់តាវ និងទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ស្ថិតស្ថេរ និងរឹងមាំជាអមតៈ៕