មណ្ឌលគិរីៈ បន្ទាប់ពី​ការអនុវត្ត​គម្រោង​អស់​រយៈពេល​ជាង​ ៥​ ឆ្នាំ​មក សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន ​១៨ ដែល​គ្របដណ្តប់​លើ​ផ្ទៃ​ដីព្រៃ​ចំនួន​ ៥៧ ៣៦១ ​ហិកតា មាន​សមាជិក​ ១៦ ០៣៥​ នាក់ ស្មើនឹង​ប្រមាណ​ជាង ​១៦% ​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ខេត្តមណ្ឌលគិរី​នោះ​ទទួលបាន​សិទ្ធិ​ស្របច្បាប់​ពេញលេញ​ដើម្បី​គ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​របស់​ពួកគេ​។

​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំងនេះ​មាន​ទីតាំង​ស្ថិតនៅ​ជាប់​នឹង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយក៏​ស្ថិត​ក្នុងចំណោម​តំបន់ការពារធម្មជាតិ​សរុប​ចំនួន ២៤ នៅក្នុង​ខេត្តមណ្ឌលគិរី​។ លើសពីនោះ សហគមន៍​ក៏​ទទួលបាន​ការគាំទ្រ​ការអភិវឌ្ឍ​កម្រិតជីវភាព​សហគម​ន៍​ដោយ​ផ្តោតលើ​វិស័យ​កសិកម្ម និង​សហគ្រាស​សហគមន៍​ដែល​ផ្អែកលើ​អនុផល​ព្រៃឈើ សកម្មភាព​ទាំងនោះ​រួម​មានការ​ចិញ្ចឹមសត្វ ការដាំដុះ​ដំណាំ ដែលជា​ប្រភព​ចំណូល​យ៉ាងសំខាន់ ជាជាង​ការពឹង​ផ្អែកលើ​ធនធានធម្មជាតិ​ព្រៃឈើ​ទាំងស្រុង​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួមមួយ​របស់​ក្រសួងបរិស្ថាន និង​ដៃគូ​អភិរក្ស​ដូចជា អង្គការ​WWF, EU, OXFAM, CLEC និង​អង្គការ​ភូមិ​ខ្ញុំ​នៅ​ថ្ងៃទី​៣១​ខែមីនា​នេះ​។

​សមិទ្ធផល​មួយ​ដែល​គួរឱ្យកត់សម្គាល់​គឺ «​ផលិតផល​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ ថា​ជា​ផលិតផល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ប្រាក់ចំណូល និង​កែលម្អ​កម្រិតជីវភាពរ​ស់​នៅ​របស់​ប្រជាជន​មូលដ្ឋាន​ឱ្យ​ប្រសើរឡើង​។ ការសម្រេចបាន​ភាពជា​ម្ចាស់​លើ​សហគមន៍​តំបន់ការពារធម្មជាតិ បាន​លើកទឹកចិត្ត​ដល់​សហគមន៍​ក្នុង​ការចូលរួម​យ៉ាងសកម្ម​បន្ថែម​តាម​គ្រប់​រូបភាព តួយ៉ាង​សកម្មភាព​ល្បាត​នៅក្នុង និង​ក្រៅ​ព្រៃ​សហគមន៍ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​បន្ថែមទៀត​។​

​សិក្ខាសាលា​ផ្សព្វផ្សាយ​សមិទ្ធផល​គម្រោង​ខាងលើ​ដែលមាន​អ្នកចូលរួម​ប្រមាណ​ជាង​៩០​នាក់​ក៏ត្រូវ​បានធ្វើ​ឡើង​ផងដែរ ក្នុង​ក្រុង​សែន​មនោ​រម្យ​។ គម្រោង​នោះបាន​ចាប់ផ្តើម​អនុវត្ត​ពី​ខែកុម្ភៈ ឆ្នាំ​២០១៨ ដល់​ខែធ្នូ ឆ្នាំ​២០២២ ក្នុង​គោលបំណង​លើកកម្ពស់​ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព​នៅ​តំបន់ការពារទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​។ គម្រោង​បាន​ជំរុញ​សហគមន៍​ដែល​នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ​ឱ្យចូល​រួមចំណែក​សហកា​រ​ក្នុងការ​ដោះស្រាយ​បញ្ហាដីធ្លី និង​ចូលរួម​ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ​ដែល​ពួកគេ​កំពុង​អាស្រ័យ​ផល​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ដដែល​នេះ​៕