ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី អំពាវនាវដល់ស្រី្តកម្ពុជាបន្តពង្រឹងសមត្ថភាពរបស់ខ្លួនឥតឈប់ឈរក្នុងការចាប់យកជំនាញថ្មីៗដែលត្រូវនឹងអាជីវកម្មរបស់ខ្លួនខណៈបច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូររបៀបធ្វើអាជីវកម្ម។

លោកស្រីអំពាវនាវបែបនេះក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ និងខួបអនុស្សាវរីយ៍ ឆ្នាំទី១១ នៃការបង្កើតសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) កាលពីថ្ងៃទី៣១ ខែមីនា នៅផ្សារទំនើបអូឡាំព្យាម៉ល រាជធានីភ្នំពេញ។

ហ្វេសប៊ុកក្រសួងកិច្ចការនារីបញ្ជាក់នាថ្ងៃទី១ ខែមេសា ថា៖ «លោកជំទាវសូមអំពាវនាវដល់សមាគមសហគ្រិនស្រ្តីកម្ពុជា និងស្រី្តកម្ពុជាទាំងអស់ព្យាយាមប្រើប្រាស់សក្តានុពលរបស់ខ្លួននិងបន្តពង្រឹងសមត្ថភាពរបស់ខ្លួនឥតឈប់ឈរក្នុងការចាប់យកជំនាញថ្មីៗដែលត្រូវនឹងអាជីវកម្មរបស់ខ្លួន»។

លោកស្រី អ៊ឹង កន្ថាផាវី បន្ថែមថា បច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូររបៀបធ្វើអាជីវកម្ម ហើយក៏ជាកាលានុវត្តភាពថ្មីសម្រាប់សហគ្រិនស្ត្រី និងសម្រាប់ការរស់នៅប្រចាំថ្ងៃតាមរបត់និងទម្លាប់ថ្មី ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថល។

លោកស្រីក៏អំពាវនាវដល់ CWEA បន្តពង្រឹង និងពង្រីកមុខងាររបស់ខ្លួន ក្នុងការគាំទ្រដល់សមាជិករបស់ខ្លួន រួមទាំងការពង្រីកវិសាលភាពដល់បណ្តាខេត្តនានា និងពង្រីកកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍសហគ្រិនភាព ឱ្យបានកាន់តែពេញលេញ និងប្រកបដោយបរិយាប័ន្ន។

លោកស្រី អ៊ឹង កន្ថាផាវី ដែលជាសហស្ថាបនិក CWEA ផងដែរនោះ បញ្ជាក់ជាថ្មីថា «ស្រ្តីកម្ពុជាអាចធ្វើបាន»។

លោកស្រីបញ្ជាក់ថា ក្នុងរយៈពេល ១១ ឆ្នាំនេះ សមាគម CWEA មានការកើនឡើងនៃសមាជិកភាពរហូតដល់ជាង ២០០០នាក់ ជាពិសេសបានចូលរួមចំណែកលើការលើកកម្ពស់ស្ថានភាព សមត្ថភាព និងសំឡេងស្រ្តីនៅក្នុងវិស័យធុរកិច្ចមិនត្រឹមតំណាងស្ត្រីក្នុងស្រុកនោះទេ សមាគម CWEA ក៏ជាសំឡេងតំណាងប្រទេសនៅលើឆាកអន្តរជាតិ។

ហ្វេសប៊ុកដដែលបញ្ជាក់ថា នៅក្នុងសន្និបាតនេះដែរ មានការតាំងពិព័រណ៍ផលិតផលរបស់សហគ្រិនស្រ្តី ដែលធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃ។ ការតាំងពិព័រណ៍នេះ មានលក្ខណៈសម្បូរបែប៕