
ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានបញ្ជូនពលករខ្មែរចំនួន ៧ នាក់ត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១ ខែមេសា នេះ បន្ទាប់ពីត្រូវបានរំដោះចេញពីក្រុមហ៊ុនចិន ដែលឃុំឃាំងពួកគេឱ្យធ្វើការមិនឱ្យចេញពីក្រុមហ៊ុន។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំឡាវបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី១ ខែមេសា ថាស្ថានទូតកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទស និងអាជ្ញាធរមូលដ្ឋានខេត្តបរកែវប្រទេសឡាវ ដែលជាខេត្តស្ថិតនៅតំបន់ត្រីកោណមាស ជាប់ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា និងថៃ «ដើម្បីរំដោះពលករខ្មែរ ៧ នាក់ ដែលត្រូវថៅកែក្រុមហ៊ុនចិនរំលោភលើសិទ្ធិការងារឃុំឃាំង ឱ្យធ្វើការមិនឱ្យចេញពីក្រុមហ៊ុនចិន»។
ហ្វេសប៊ុកដដែលបន្តថា៖ «នៅថ្ងៃសៅរ៍ ទី១ ខែមេសា នេះ ស្ថានទូតបានសហការជាមួយស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងប៉ាក់សេ បញ្ជូនពលករទាំង ៧ នាក់នោះត្រឡប់ទៅកម្ពុជាវិញ»។។ ស្ថានអគ្គកុងស៊ុលបានផ្តល់អាហារហូបចុក ព្រមទាំងជួលឡានដឹកជញ្ជូនពលករទាំង ៧ នាក់តាមច្រកព្រំដែនអន្តរជាតិណងណុកខៀន-ត្រពាំងគ្រៀលមកភ្នំពេញវិញ។
ហ្វេសប៊ុកដដែលបន្ថែមថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា ក៏បានណែនាំដល់ពលករខ្មែរទាំងនោះ ត្រូវពិចារណាឱ្យបានច្បាស់មុននឹងសម្រេចចិត្តចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស ពិសេសការទៅធ្វើការខុសច្បាប់ ដោយមិនត្រូវជឿតាមការអូសទាញពីមេខ្សល់ ដែលអាចបង្កជាបញ្ហាជាច្រើនដល់ខ្លួនឯង៕