
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី ៣១ ខែមីនា បានចេញអនុក្រឹត្យផ្តល់ប្រាក់ឧបត្ថម្ភជូនដល់មន្ត្រីរាជការក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌចំនួន ៥ម៉ឺនរៀល។
អនុក្រឹត្យបញ្ជាក់ថា ចំពោះគ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ត្រូវបានផ្ដល់ជូនប្រាក់ឧបត្ថម្ភនេះ ចំនួន ៥ម៉ឺនរៀល ក្នុងមួយគ្រួសារ។ ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្ដល់សម្រាប់ម្នាក់ៗ ឬ១គ្រួសារតែ១កន្លែង និង១លើកប៉ុណ្ណោះ។ ការបើកផ្ដល់ប្រាក់ឧបត្ថម្ភខាងលើត្រូវអនុវត្តឱ្យបានមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ។
អនុក្រឹត្យបញ្ជាក់ថា៖ «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នសាមី ត្រូវសហការនិងចាត់ចែងរៀបចំការបើកផ្តល់ជាបុរេប្រទានសម្រាប់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សប្រចាំខែមេសាតែ១លើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ និងប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សប្រចាំខែតុលាតែ១លើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣»៕