ភ្នំពេញៈ​ប្រមុខ​រាជ​រដ្ឋាភិ​បាល​មាន​ឆន្ទៈ​នយោ​បាយនិង​ការ​ប្តេ​ជ្ញាចិត្ត​ក្នុងការ​ប្រយុទ្ធ​ជាមួយនឹ​ង​ជំងឺ​កូ​វីដ​១៩​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​គ្រប់គ្រង​ស្ថាន​ភាព​បាន​ល្អ តែ​មិនត្រូ​វ​ភ្លេច​ខ្លួននិ​ងកុំ​ជឿ​តាម​កា​រផ្សាយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ពី​វ៉ាក់​សាំង​កូ​វីដ​១៩ឬ​ការ​បក​ប្រែ​មិន​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​។​

នេះ​ជាការ​លើកឡើង​របស់​លោកស្រី​ ឱ វណ្ណឌី​ន អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិ​បាល និង​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូ​វីដ​១៩​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស ​ក្នុង​ពេល​ចុះ​ពិនិត្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ជំរុញ​តាម​បណ្តា​ខេត្ត​ចំនួន​៣ ​កាល​ពី​ចុង​ខែ​មីនា ​។​

​លោក​ស្រី​ ក៏បាន​លើក​ទឹក​ចិត្ត និង​ជំរុញ​ដល់​មន្ត្រី​សុខាភិ​បាល អាជ្ញា​ធរ និង​មន្ត្រី​ពាក់​ព័ន្ធ ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹង​ប្រែង​អប់រំ​ផ្សព្វ​ផ្សាយ ការ​ការពារ​សុខ​ភាព និង​បន្ត​ចាក់​វ៉ាក់​សាំង​កូ​វីដ​១៩ ដូ​ស​ជំរុញ​ជូន​ប្រជាជន ដើម្បីរក្សា​បាន​និរន្តរ​ភាព​នៃ​ដំណើរកា​រ​សេដ្ឋ​កិច្ច​-​សង្គម ជំរុញ​កំណើន​សេដ្ឋ​កិច្ច​គ្រួសារ​និង​សេដ្ឋ​កិច្ចជាតិ​។​

​លោកស្រី​ បាន​ថ្លែង​ថា៖«​ថ្វី​ដ្បិត​រាជ​រដ្ឋាភិ​បាល​កម្ពុជា​មាន​ឆន្ទៈ​នយោ​បាយ និង​ការប្ដេជ្ញា​ចិត្ត​ច្បាស់​លាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ធ្វើ​ឱ្យ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន អា​ច​គ្រ​ប់គ្រង​ស្ថាន​ភាព​បាន​ល្អ និង​បន្ត​រស់​នៅ​ជា​មួយ​វត្តមា​ន​វីរុស​កូ​វីដ តែ​យើង​ទាំង​អស់​គ្នា​មិន​ត្រូវ​ភ្លេច​ខ្លួន​ឡើយ​»​។​

​លោក​ស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់​ថា ៖ «​មួយ​វិញ​ទៀត សូមកុំ​ជឿ​តាម​ការ​ផ្សាយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ពី​វ៉ាក់​សាំង​កូ​វីដ​១៩ ឬ​ការ​បក​ប្រែ​មិន​ត្រឹម​ត្រូវ​តាម​លក្ខណ​:​បច្ចេក​ទេស ​និង​សេចក្តី​ណែនាំ​នានា​នៃ​ការ​ចាក់​វ៉ាក់​សាំង​កូ​វីដ​១៩​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​នា​ពេល​ថ្មីៗ​នេះ​»​។​

​យោង​តាម​ក្រសួងសុ​ខាភិ​បាល បាន​ឱ្យដឹង​ថា ការចុះ​ពិនិត្យ​ដំណើរ​ការចាក់​វ៉ាក់​សាំង​កូ​វីដ​១៩ ដូ​ស​ជំរុញ​នៅ​ខេត្ត​ចំនួន​៣​នោះ រួម​មាន​ ខេត្ត​បន្ទាយ​មាន​ជ័យ​,ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់​ដំបង ​ចាប់ពី​ថ្ងៃទី​២៨​ ដល់​ថ្ងៃទី​៣១​ខែ​មីនា ឆ្នាំ​២០២៣​កន្លង​ទៅ​។​

​លោក​ស្រី​ បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​ថ្នាក់​ដឹក​នាំនិង​មន្ត្រី​ពាក់​ព័ន្ធ​ខិតខំ​អនុវត្ត​ទៅ​តាម​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ ប្រាកដ​ណាស់​ការប្រ​យុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ពោលគឺ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា នឹង​ទទួល​បាន​លទ្ធ​ផល​កាន់តែ​ល្អប្រសើរ​ឡើងៗ ក្នុ​ងទិសដៅ​ធានាបាន​នូវ​សន្តិ​សុខ និង​សុវត្ថិ​ភាព​សុខ​ភាព​ធា​រណ​:​។​

​លោក​ស្រី​ មាន​ប្រសាសន៍​ថា៖«​ការផ្ស​ព្វផ្សា​យ​ព័ត៌​មាន​មិន​ពិត​ ព័ត៌​មាន​មិន​ត្រឹម​ត្រូវ ឬ​ព័ត៌មាន​ប្រឌិត​ណាមួយ​នឹង​អាច​នាំមក​នូវ​មហន្ត​រាយ​សុខ​ភាព​សាធា​រណ​: ដែល​យើងទាំ​ងអ​ស់គ្នា​ត្រូវតែ​នាំគ្នា​ចៀស​វាង និង​រួមគ្នា​បំបាត់​នូវ​ទង្វើ​អស​កម្ម​បែបនេះ​ ​ដើម្បី​សេច​ក្តីសុ​ខ សន្តិសុខ និង​សុវ​ត្ថិភាព​សុខ​ភាព​សាធារ​ណ​: និង​ការ​រស់​នៅ​ជា​ប្រក្រតី​ធម្មតា​របស់​យើង​ទាំង​អស់​គ្នា​»​។​

​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខាភិ​បាល​បាន​ឱ្យដឹង​ថា គិ​ត​ត្រឹម​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៣ លទ្ធ​ផល​ចាក់​វ៉ាក់​សាំង​ធៀប​នឹង​ចំនួន​ប្រជាជ​ន​សរុប១៦​លាន​ នាក់ ​មាន​ ៩៥,៥១%​។ របាយការណ៍បាន​បន្តទៀត​ថា ​អត្រា​ចាក់​ដូ​ស​ទី​៣មាន​ជាង​១០លាន​នាក់ អត្រា​ចាក់​ដូ​ស​ទី​៤មាន​ចំនួន​ជាង៥​លាន​នាក់​ អត្រា​ចាក់​ដូ​ស​ទី​៥ មាន​ចំនួន​ជិត​២​លាន​នាក់ ​និង​អត្រានៃ​ការចាក់​ដូ​ស​ទី​៦ មាន​ចំនួន​ជាង​ ៣៤ម៉ឺន​នាក់​៕