ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បានប្រកាស​ពី​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការកែទម្រង់​ឱ្យកាន់តែ​ស៊ីជម្រៅ ​និង​លើក​ទឹកចិត្ត​ដល់​វិនិយោគិន​ឱ្យមក​បោះ​ទុន​នៅ​កម្ពុជា​កាន់តែ​ច្រើន ​ខណៈ​ដែល​រាជរដ្ឋាភិបាល ​បានរៀបចំ​ការសម្រួល​ពាណិជ្ជកម្ម ​ពង្រឹង​ការប្រកួតប្រជែង​ជូន​វិនិយោគិន​នៅ​កម្ពុជា​ ក្រោម​ដំបូល​សន្តិភាព ​លទ្ធិប្រជាធិបតេយ្យ ​សេរី ​ពហុបក្ស ​ដោយ​មិនមាន​ការរើស​អើង។

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​លើកឡើង​ដូច​នេះ ​ក្នុង​សារលិខិត​ផ្ញើជូន​ជន​រួមជាតិ ​នា​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ ​ឆ្នាំថោះ​ ដែល​បានផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១ ​ខែមេសាថា ​ក្នុង​ឆ្នាំ២០២២​កន្លង​ទៅ ​និង​រហូតមក​ដល់​ជិត​ពាក់កណ្ដាល​ឆ្នាំ២០២៣​នេះ​ កម្ពុជា​ក៏ដូច​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក​បាននិង​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ពី​ជំងឺ​កូវីដ១៩ ​មកលើ​បញ្ហា​សុខភាព​សាធារណៈ ​សង្គម ​សេដ្ឋកិច្ច​ ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន ​ហើយ​ថែមទាំង​អាច​បន្ទច់បង្អាក់​ដល់​កិច្ចដំណើរការ​អភិវឌ្ឍឈានឡើង​របស់​កម្ពុជា​ផង​ដែរ។

ក្នុង​ឆ្នាំ​កន្លង​ទៅ ​សេដ្ឋកិច្ច​កម្ពុជា ​មាន​កំណើន​ក្នុង​រង្វង់​ប្រមាណ​៥,៥ភាគរយ ​ហើយ​សម្រាប់​ឆ្នាំ២០២៣​នេះ ​តាម​ការប៉ាន់​ស្មាន​ សេដ្ឋកិច្ច​កម្ពុជា​អាច​មាន​កំណើន​ក្នុង​អត្រា ​៦,៦ភាគរយ។

ក្នុង​លិខិត​បានបញ្ជាក់​ថា ​កម្ពុជា​បានអនុវត្ត​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាពប្រុងប្រយ័ត្ន ​និង​ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ ហើយ​បាន​ជំរុញ​ និង​លើកកម្ពស់​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ​ការប្រកួត​ប្រជែង ​ព្រមទាំង​ការផលិត ​និង​ការប្រើប្រាស់​ក្នុង​ស្រុក។ ទំហំ​ពាណិជ្ជកម្ម​អន្ដរជាតិ​មាន​ប្រមាណ​ជាង​៤៨ ១៥១លាន​ដុល្លារ​អាមេរិក។ ចំណែក​ឯ​ការនាំ​ចេញ​មាន​ប្រមាណ​ជាង​២០ ៤៦០លានដុល្លារ​អាមេរិក ​និង​ការនាំចូល​មាន​ប្រមាណ​ជាង​២៧ ៦៩១លាន​ដុល្លារ​អាមេរិក។

សារលិខិត​បានបន្ត​ថា ​អត្រា​ប្ដូរប្រាក់​មាន​ស្ថិរភាព ​អត្រា​អតិផរណា​ស្ថិត​ក្នុង​កម្រិតទាប ​និង​អាច​គ្រប់គ្រង​បាន ​ទុនបម្រុង​អន្តរជាតិ​នៅ​ឆ្នាំ២០១៨​ មាន​១៤ ៦២៩លាន​ដុល្លារ​អាមេរិក ​ហើយ​បន្ត​កើនឡើង​នៅ​ឆ្នាំ២០២២ ​ដល់​១៧ ៨០៥​លាន​ដុល្លារ​អាមេរិក ​និង​ត្រូវបាន​រំពឹងថា​ នឹង​បន្ត​កើន​ឡើង​ដល់​២២ ១៤៩លាន​ដុល្លារ​អាមេរិក ​ក្នុង​ឆ្នាំ២០២៣។ ទន្ទឹម​នឹង​នេះ ​ច្បាប់​ស្ដីពី​វិនិយោគ ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នឹង​អាច​រួមចំណែក​បង្កើន​បរិយាកាស​វិនិយោគ​ឱ្យ​កាន់តែ​មាន​ភាពទាក់ទាញ ​និង​ប្រសើរ​ជាង​មុន។

ទាក់​ទង​នឹង​ការប្តេជ្ញា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​លោក​លឹម ហេង ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​ប្រាប់​ថា​ វិស័យ​ឯកជន​មាន​ការរំពឹង​ខ្ពស់ ​ចំពោះ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​តែងតែ​បង្ក​លក្ខណៈ​ងាយស្រួល​យ៉ាង​ច្រើន​ដល់​វិនិយោគិន ​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស ​ក្នុង​ការវិនិយោគ​លើ​គ្រប់​វិស័យ ​ជាពិសេស​ដែល​មាន​សក្តានុពល ​ដូចជា​កសិកម្ម ​និង​ឧស្សាហកម្ម​ជាដើម។

លោក​បញ្ជាក់ថា​៖«តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​នេះ ​វិស័យ​ឯកជន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ​កំណើន​នៃ​ការវិនិយោគ​ផ្ទាល់ពី​ក្រៅ​ប្រទេស​មក​កាន់​កម្ពុជា ​នឹង​មាន​កំណើន​ជាបន្តបន្ទាប់ ​ជាពិសេស​វិស័យ​សំខាន់ៗ ​ដូចជា​កសិកម្ម ​ឧស្សាហកម្ម​កែច្មៃ ​និង​វិស័យ​បច្ចេកវិទ្យា​ជាដើម។ សន្តិភាព ​ស្ថិរភាព​នយោបាយ ​និង​ការលើក​ទឹកចិត្ត​ដោយ​រាជរដ្ឋាភិបាល ​គឺជា​អ្វី​ដែល​វិនិយោគិន​យើង​ចង់​បាន»។

​តាម​ទិន្នន័យ​ពី​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បង្ហាញថា ​ផលិតផល​ក្នុង​ស្រុក​សរុប​(ផ.ស.ស.)​ជាមធ្យម​សម្រាប់​មនុស្ស​ម្នាក់​ពី​១ ៧៣០ដុល្លារ ​ក្នុង​ឆ្នាំ២០២១ ​ដល់​ប្រមាណ​១ ៧៨៥ដុល្លារ ​ក្នុង​ឆ្នាំ២០២២ ​និង​ត្រូវបាន​រំពឹងថា ​កើន​ឡើង​ដល់​១ ៩២៤ដុល្លារ​អាមេរិក ​ក្នុង​ឆ្នាំ២០២៣​នេះ៕