ភ្នំពេញៈ ​ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ខេត្តកំពង់ស្ពឺ ជា​ខេត្ត​ទី​៤ បន្ទាប់ពី​ខេត្តស្វាយរៀង ព្រៃវែង និង​ខេត្ត​ក​ណ្កា​ល ដែល​ទទួលបាន​ជយលាភី​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) ក្រោយពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ ចុង​ក្រោយនេះ​។

ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ នា​ថ្ងៃទី​៣ ខែមេសា លោក ​អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​លើកឡើងថា ក្នុង​រយៈពេល​ ១០​ ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​បាន​កាត់បន្ថយ​ការ​បន្ទោបង់​ពាសវាល​ពាសកាល​នៅតាម​ខ្នង​ផ្ទះ​ក្នុង​តំបន់​ជនបទ ហើយ​ចំនួន​ខ្នង​ផ្ទះ​ដែល​អនុវត្ត​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ បាន​ធ្លាក់ចុះ​ពី ៦២%​ ក្នុង​ឆ្នាំ​២០១០ មក​នៅត្រឹមតែ​ ១៦%​ ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២២​។​

លោក​បាន​បន្តថា ជោគជ័យ​នេះ​ក៏ដោយ​សារ​តែមាន​ការគាំទ្រ​ពី​អ្នកពាក់ព័ន្ធ ដោយ​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់​នៅ​គ្រប់​កម្រិត ក្នុងការ​ពង្រឹង​ការរៀបចំ​ស្ថាប័ន​,​ការអភិវឌ្ឍ​ផែនការ​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាលការអនុវត្ត​ប្រព័ន្ធ​តាមដាន​និង​ត្រួតពិនិត្យ​អនាម័យ​, ចលនា​ឱ្យមាន​ការចូលរួម​ពី​សហគមន៍​, ការរៀនសូត្រ និង​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ និង​ការផ្តោត​ការយកចិត្តទុកដាក់​ដ​ល់​ក្រុមមនុស្ស​ ដែល​ងាយ​រងគ្រោះ និង​លំបាក​ក្នុងការ​ទទួលបាន​សេវា​ផងដែរ​។​

លោក​អ៊ុក រ៉ាប៊ុន ថ្លែងថា​៖ «​ការសម្រេចបាន​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ជា​សមិទ្ធផល​ដ៏​ធំ​មួយ​រួចទៅហើយ ប៉ុន្តែ​នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​យើង​ត្រូវធ្វើ​។ យើង​ត្រូវ​ធានាថា គ្រួសារ​ទាំងអស់​មានប​ង្គ​ន់​អនាម័យ និង​ប្រើប្រាស់​បង្គន់​អនាម័យ​គ្រប់គ្នា​ដើម្បី​សម្រេចបាន​នូវ​ការទទួលបាន​សេវា​អនាម័យ​កម្រិត​មូលដ្ឋាន​ជាស​កល និង​រក្សាបាន និរន្តរភាព​នៃ​សេវា​អនាម័យ​ស្អាត​»​។​

លោក​បាន​បន្ថែមថា ទាំងអស់គ្នា​ត្រូវការ​មួយ​ជំហាន​ទៀត​ដើម្បី​សម្រេចបាន​សេវា​គ្រប់គ្រង​អនាម័យ​ប្រកបដោយ​សុវត្ថិភាព លើសពី​ការប្រើប្រាស់​បង្គន់​ទៅជា​ការគ្រប់គ្រង​កាកសំណល់​លាមក​។​

បើតាម លោក អ៊ុក រ៉ាប៊ុន ទន្ទឹមនឹង​ភាពជោគជ័យ​នេះដែរ ក៏​នៅមាន​បញ្ហា​ប្រឈម​សំខាន់​មួយទៀត គឺ​ការរក្សា​ឱ្យមាន​និរន្តរភាព​នូវ​ស្ថានភាព​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ហើយ​ត្រូវ​ធានាថា​បរិក្ខារ​ទឹកស្អាត និង​អនាម័យ​ទាំងអស់​មាន​ភាព​ធន់​ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​។

នាឱកាស​នោះដែរ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ក៏បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា ក្នុង​ខេត្តកំពង់ស្ពឺ ខ្នង​ផ្ទះ​ ដែលមាន​បង្គន់​អនាម័យ ប្រើប្រាស់​មាន​ចំនួន​ ១៨២ ៤៩៩ ផ្ទះ នៃ​ចំនួន​ផ្ទះ​សរុប ១៩៥ ៤០៦​ ខ្នង​។​ ផ្ទះ​ប្រើ​បង្គន់​អនាម័យ​រួមមាន​ចំនួន ១២ ៩០៧ ​ខ្នង ក្នុងនោះ​ផ្ទះ​ក្រីក្រ​ចំនួន ៥ ៤០៤​ ខ្នង ចំណែក​ចំនួន​ខ្នង​ផ្ទះ​ បាន​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ស្មើនឹង​ ១០០% នៃ​ចំនួន​ខ្នង​ផ្ទះ​សរុប​។​

លោក វ៉ី សំណាង ថ្លែងថា ៖ «​ស្ថានភាព​ក្រុង ស្រុក​ដែល​ទទួលបាន ​ODF មាន ស្រុក​បសេដ្ឋ ទទួលបាន ODF នៅ​ឆ្នាំ​២០១៩ ក្រុង​ច្បារមន ទទួលបាន ODF នៅ​ឆ្នាំ​២០២១ និង​ស្រុក​ចំនួន​ ៦ ​ទៀត​ រួមមាន ស្រុក​គងពិសី ស្រុក​ឱ​រ៉ា​ល់ ស្រុក​ភ្នំស្រួច ស្រុក​ឧដុង្គ ស្រុក​សំរោង​ទង និង​ស្រុក​ថ្ពង ទទួលបាន ODF នៅ​ដំណាច់ឆ្នាំ​២០២២ កន្លងទៅនេះ​»​។

លោក​បន្តថា កន្លងទៅ​ពេល​ថ្មីៗ​នេះ ខេត្តកំពង់ស្ពឺ​ក៏​ទទួលបាន​នូវ​ពានរង្វាន់​អាស៊ាន​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ គឺ​នៅ​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ទាក់ទង​នឹង​បង្គន់​អនាម័យ​ស្អាត​៕