
រថយន្តចួលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) នាពេលកន្លងមក។ រូបថត FB
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវដល់ម្ចាស់យានយន្ត ដែលដល់សុពលភាពពេលវេលាកំណត់លក្ខណៈបច្ចេកទេស ត្រូវទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឡើងវិញ ដែលចល័តនៅតាមខេត្ត ឬតាមទីតាំងឆៀកទូទាំងប្រទេស ខណៈតួលេខឆ្នាំ២០២២ មានរថយន្តប្រមាណជាង ១០ ភាគរយប៉ុណ្ណោះដែលខកខាន។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសកាលបរិច្ឆេទត្រូតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័តនៅតាមខេត្ តសម្រាប់ឆ្នាំ២០២៣ ក្នុងន័យបង្ខិតសេវាមកជិតប្រជាពលរដ្ឋដើម្បីចំណេញពេលវេលា ថវិកា និងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
តាមតារាងកាលបរិច្ឆេតរបស់ក្រសួងសាធារណការ បានឱ្យដឹងថា ក្នុងរាជធានី-ខេត្តនីមួយៗ ត្រូវធ្វើឡើងតាមរយៈរថយន្តឆៀកចល័តចន្លោះពី ៤ ទៅ ៥ ថ្ងៃ អាស្រ័យទៅតាមកាលវិភាគកំណត់ និងទីតាំង ខណៈម្ចាស់រថយន្តទាំងអស់ ក៏អាចយកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ដែលមាននៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តដែលជិតបំផុតឱ្យទាន់ពេលវេលាផងដែរ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៣ ខែមេសាថា ក្រសួង មានយន្តការឆៀកចំនួន ២ គឺទី១ ការត្រួតពិនិត្យលក្ខណៈបច្ចកទេស ឬឆៀកនេះ នៅតាមមណ្ឌលដែលមានជិត២០ កន្លែងនៅទូទាំងប្រទេស។ ចំណែកទី២ លោកថា គឺការទៅត្រួតពិនិត្យលក្ខណៈបច្ចកទេសតាមរយៈរថយន្តឆៀកចល័ត ដែលមានការចល័តទៅតាមទិសដៅ ឬទីតាំងក្នុងរាជធានី-ខេត្តទាំងឡាយណាដែលមានតម្រូវការចាំបាច់។
លោក បាននិយាយថា៖«ក្នុងនាមក្រសួងស្ថាប័នជំនាញក្នុងវិស័យដឹកជញ្ចូន ដើម្បីជំរុញការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានកាន់តែល្អប្រសើរ និងដើម្បីសុវត្ថិភាពក្នុងការបើកបរ សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋមេត្តាយកយានយន្តរបស់ខ្លួនទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់។ ការឆៀករថយន្តមិនចំណាយពេលច្រើនទេ គឺក្នុងចន្លោះពី ១៥ នាទីទៅ ៣០ នាទី អីរួចហើយ អាស្រ័យទៅលើរថយន្តនីមួយៗថា រថយន្តនោះមានភាពស្មុគស្មាញក្នុងការត្រួតពិនិត្យកម្រិតណា»។
ផ្អែកតាមតួលេខឆ្នាំ២០២២ មានយានយន្តប្រមាណជា ១៦ ភាគរយ ក្នុងចំណោម ១ លានយានយន្ត មិនទាន់បានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ខណៈយានយន្តប្រមាណជា ៨៣ ភាគរយ បានបំពេញតួនាទីក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះបានត្រឹមត្រូវ។ នេះបើតាមលោក ហ៊ាង សុទ្ធាយុត្តិ។
លោក បានអះអាងដែរថា ការចូលរួមទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់ប្រជាពលរដ្ឋ គឺមានន័យថា គ្រប់គ្នាបានចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីខ្លួនឯងផង និងដើម្បីអ្នកធ្វើដំណើរនៅតាមដងផ្លូវទាំងអស់ផង។
លោក បានបញ្ជាក់បន្ថែមថា៖ «ចំពោះចំនួនឆៀកវិញ គឺវាអាចតិច ឬច្រើនជាងតួលេខនេះ ក្នុងឆ្នាំនីមួយៗ អាស្រ័យទៅតាមប្រភេទរថយន្តខ្លះ ត្រូវ ១ ឆ្នាំឆៀកម្តង ព្រោះជាប្រភេទរថយន្តដឹកទំនិញ។ ក្នុងករណីរថយន្តថ្មីគឺ២ឆ្នាំឆៀកម្តង។ ដោយឡែកចំពោះរថយន្តលក្ខណៈគ្រួសារគឺតម្រូវ ៤ ឆ្នាំ ឆៀកម្តង ក្នុងករណីរថយន្តថ្មី ប៉ុន្តែបើរថយន្តចាស (មួយទឹក) គឺត្រូវមកឆៀករៀងរាល់ ១ ឆ្នាំម្តង»។
តាមច្បាប់ ក្នុងករណីម្ចាស់យានយន្ត មិនបានយករថយន្តទៅឆៀកឱ្យទាន់ពេលវេលាកំណត់ នឹងត្រូវទទួលរងការផាកពិន័យក្នុង១ ថ្ងៃ៥០០រៀល សម្រាប់រថយន្តគ្រួសារ និងរថយន្តដឹកទំនិញ ហួសសុពលភាព ១ ថ្ងៃ ពិន័យ ២០០០ រៀល ខណៈការពិន័យនឹងទូទាត់សរុបនៅពេលយានយន្ត ត្រូវបានយកមកឆៀក ឬរកឃើញថា បានគេចវេះក្នុងការបំពេញកាតព្វកិច្ចឆៀកប្រចាំឆ្នាំ៕