
ដើមឈើដែលប្រជាសហគមន៍អះអាងថា ទើបត្រូវបានកាប់ច្រៀកនៅក្នុងព្រៃព្រះរកា។ រូបថត សហគមន៍ព្រៃព្រះរកា
ព្រះវិហារៈ សហគមន៍ជនជាតិដើមភាគតិចកួយ ខេត្តព្រះវិហារ បានអះអាងពីការបន្តរកឃើញបទល្មើសព្រៃឈើជិត ២០០ ករណីនៅព្រៃព្រះរកា ក្នុងតំបន់អូរតាដុក អូរត្រមាក់ និងតំបន់ពាមអូរស្កាច ប៉ុន្តែមន្ត្រី និងអាជ្ញាធរមូលដ្ឋាន បដិសេធមិនទទួលស្គាល់របាយការណ៍របស់សហគមន៍នេះឡើយ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ ឃុំប្រមេរ ស្រុកត្បែងមានជ័យ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានអះអាងថា តាមការចុះល្បាតរបស់សហគមន៍មូលដ្ឋាននៅចន្លោះថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានបង្ហាញថា ស្ថានភាពតំបន់ព្រៃព្រះរកា ក្នុងតំបន់អូរតាដុក អូរត្រមាក់ និងតំបន់ពាមអូរស្កាច បានប្រទះឃើញបទល្មើសថ្មីចំនួន ១៩៨ករណី និងមានក្ដារបន្ទះចំនួន ១៧៥ សន្លឹក សសរ ២៧ដើម ហើយនិងឈើតាប់ ១៦សន្លឹក។
សេចក្តីប្រកាសបានឱ្យដឹងដែរថា ឈើដែលត្រូវរងការកាប់បំផ្លាញទាំងនោះ សុទ្ធតែជាឈើដែលសហគមន៍ទាញអនុផលជ័រច្បោះ ដែលមានមុខកាត់ចាប់ពី ៥០សង់ទីម៉ែត្រ ដល់៣០០សង់ទីម៉ែត្រ ដែលជាប្រភេទឈើមានតម្លៃខ្ពស់ ដូចជា ឈើពពេល ផ្តៀក ស្ទៀង កកោះ តាត្រាវ និងឈើទាលផងដែរ។
លោក ខាក់ ភារិទ្ធម៉ាស៊ី យុវជនសកម្មនៅសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ បានអះអាងថា ពេលលោកចុះល្បាតជាមួយសមាជិកសហគមន៍ រយៈពេល៣ថ្ងៃកន្លងមកនេះ នៅក្នុងតំបន់ព្រៃព្រះរកាបានប្រទះឃើញបទល្មើសថ្មីចំនួន ១៩៨ករណី សុទ្ធតែជាគល់ឈើ ដែលត្រូវបានក្រុមឈ្មួញកាប់ហើយថ្មីៗ។ ក្រុមឈ្មួញទាំងនោះ បានចូលមកកាប់ និងដឹកឈើ ដោយមានការរារាំង ពីសំណាក់អាជ្ញាធរមូលដ្ឋានដែរ ប៉ុន្តែគ្រាន់តែអាជ្ញាធរធ្វើការណែនាំតិចតួច និងយកលុយពីក្រុមឈ្មួញ ហើយក៏ឱ្យក្រុមឈ្មួញទាំងនោះដឹកឈើចាកចេញ។
លោកខាក់ ភារិទ្ធម៉ាស៊ី ថ្លែងថា ៖ «ពិតជាមានការសោកស្តាយជាខ្លាំង ចំពោះការអនុវត្តផែនការក្នុងការល្បាតការពារព្រៃឈើពីសំណាក់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ពីព្រោះសហគមន៍ តែងតែអាស្រ័យផលលើអនុផលព្រៃឈើទាំងនោះ តាមរយៈការប្រមូលជ័រទឹក បេះផ្លែឈើ ប្រមូលទឹកឃ្មុំ ដើម្បីប្រកបរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃជាដើម»។
លោកបន្តថា ៖ «រាល់បទល្មើសទាំងអស់ហ្នឹង ពួកខ្ញុំនៅតែបារម្ភ ពីព្រោះវាបានប៉ះពាល់ខ្លាំងទៅដល់សហគមន៍ ហើយណាមួយទៀត វាក៏អាចជាផ្នែកមួយ ដែលធ្វើឱ្យមានការបម្រែបម្រួលអាកាសធាតុដែរ។ ជាពិសេសប្រភេទឈើដែលគេកាប់សុទ្ធតែជាឈើដែលបងប្អូនសហគមន៍ធ្លាប់អាស្រ័យផល ដូចជា រកជ័រច្បោះ រកបន្លែផ្លែឈើជាប្រចាំផងដែរ»។
ទាក់ទងនឹងការរកឃើញបទល្មើសនេះ លោក សុខ មុន្នីរិទ្ធ អភិបាលរងស្រុកត្បែងមានជ័យ បានថ្លែងថា លោកមិនអាចទទួលយកនូវអ្វីដែលសហគមន៍បានរកឃើញបទល្មើសព្រៃឈើថ្មីនោះទេ ពីព្រោះរបាយការណ៍របស់ពួកគាត់ផ្អែកតែការចុះល្បាតរបស់ពួកគាត់ ដោយមិនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបរិស្ថាននោះទេ។
លោកបានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបរិស្ថាន កំពុងធ្វើការយ៉ាងតឹងរ៉ឹងចំពោះការអភិរក្សធនធានធម្មជាតិទាំងនោះ ទោះបីមានច្រកខ្លះ ត្រូវបានចន្លោះប្រហោង ក្នុងការគ្រប់គ្រងក៏ដោយ ប៉ុន្តែមន្ត្រីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បានព្យាយាមខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការការពារព្រៃឈើទាំងនេះ។
លោក សុខ មុន្នីរិទ្ធ បញ្ជាក់ថា៖ «អ៊ីចឹងអ្វីក៏ដោយ គួរតែមានការសហការគ្នាជាមួយជំនាញ និងជាមួយអាជ្ញាធរ ផងដែរ ដែលមានការជូនដំណឹងទៅវិញទៅមក ពីព្រោះខ្ញុំទទួលយកមិនបានទេ រាល់បញ្ហាដែលចេះតែកើតឡើងជាង២០០ ទៅ៣០០ករណី ដែលគាត់រកឃើញនេះ»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN)លោក អូត ឡាទីន បានថ្លែងថា លោកពិតជាសោកស្ដាយ ដែលបទល្មើសព្រៃឈើ នៅតែបន្តរកឃើញជាថ្មី នៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរកា ខណៈដែលតំបន់ទាំងនោះត្រូវបានចុះអនុក្រឹត្យដោយរាជរដ្ឋាភិបាល ក្នុងការដាក់ជាតំបន់ដែនជម្រកសត្វព្រៃ។
ចំពោះការមិនទទួលស្គាល់របាយការណ៍ចុះល្បាតរបស់សហគមន៍មូលដ្ឋាន កន្លងទៅលោកថា អាជ្ញាធរក៏ពួកគាត់កម្រទទួលស្គាល់ពីករណីបទល្មើសព្រៃឈើនេះណាស់ «ដោយឆ្លើយយកលេសរួចខ្លួន ឬចោទរបាយការណ៍ទាំងនោះថា ជាករណីភូតភរ ជារបាយការណ៍តែម្ខាង និងជារបាយការណ៍សម្រាប់តែបម្រើបរទេសជាដើម»។
ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោកសុង ច័ន្ទសុជាតិ មិនអាចទាក់ទងដើម្បីសុំធ្វើអត្ថាធិប្បាយបានទេកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៣។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានគ្មានភាពចាំបាច់ក្នុងការឆ្លើយតបលើរបាយការណ៍របស់ភាគីទី៣ ណាមួយនោះទេ ហើយខាងក្រសួងបរិស្ថាន ក៏គូសបញ្ជាក់សាជាថ្មីដែរថា ក្រសួង និងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ បាននិងកំពុងបន្តអនុវត្តវិធានការចាំបាច់នានាដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។
លោកថា ក្រសួង និងអាជ្ញាធរ នៅតែបន្តអនុវត្តច្បាប់ និងវិធានការសេដ្ឋកិច្ច ផ្តល់ជម្រើសមុខរបរ និងជំរុញលើការចិញ្ចឹមសត្វ ដាំបន្លែ ពង្រឹងសន្តិសុខស្បៀង សម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងនាំចេញនៅនឹងកន្លែង។ នេះគឺជាវិធានការជាក់ស្តែង ដែលក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធខិតខំប្រឹងប្រែងធ្វើនិងការពារអភិរក្សធនធានធម្មជាតិ។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ «ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូបាននិងកំពុងបន្តអនុវត្តវិធានការចាំបាច់នានា ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិដោយបន្តអនុវត្តច្បាប់និងវិធានការសេដ្ឋកិច្ច ផ្តល់ជម្រើសមុខរបរ និងជំរុញលើការចិញ្ចឹមសត្វ ដាំបន្លែ ពង្រឹងសន្តិសុខស្បៀង សម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងនាំចេញនៅនឹងកន្លែង»៕