ភ្នំពេញៈ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​​អន្តរជាតិ USAID និង​ដៃគូ​គម្រោង​អភិវឌ្ឍន៍​កុមារ​តូច នា​ថ្ងៃទី​ ១ ខែមេសា ឆ្នាំ ​២០២៣ បានប្រកាស​ជា​ផ្លូវការ អំពី​យុទ្ធនាការ «​ផ្លាស់ប្តូរ​ឥរិយាបថ​សហគមន៍​» ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​កុមារ​តូច និង​ស្វែងរក​ការគាំទ្រ សម្រាប់​ការអភិវឌ្ឍ​កុមារ​តូច​តាមបែប​សមា​ហ​​រណកម្ម និង​បរិ​យា​ប័ន្ន​។​

​យុទ្ធនាការ​នេះ​មាន​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ប្រមាណ​ ៣០ ​ស្ថាប័ន និង​ក្រុមគ្រួសារ​ចំនួន​ ១៧០ គ្រួសារ បាន​ចូលរួម​ជួបជុំគ្នា​នៅ​ផ្សារ​ទំនើប Heritage Walk ក្នុង​ក្រុង​​សៀមរាប ខេត្តសៀមរាប​។ កម្មវិធី​នេះ​នឹង​ប្រារព្ធ​ឡើង​ម្តងទៀត​នៅ​ថ្ងៃទី​ ៨ ខែមេសា ឆ្នាំ ២០២៣ នៅ​វិទ្យាល័យ​​កំពង់ក្តី ស្ថិតក្នុង​ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម ដែល​បានចេញ​ផ្សាយ កាល​ពីថ្ងៃ​ទី​ ១ ខែមេសា បានឱ្យដឹងថា យុទ្ធនាការ​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ប្តី​ខ្ញុំ​ល្អ កូន​ខ្ញុំ​ឆ្លាត​» ក្នុង​គោលបំណង​កាត់បន្ថយ​នូវ​ផ្នត់គំនិត​អ​វិ​ជ្ជ​មាន​នានា តាមរយៈ​ការស្វែងរក​ការគាំទ្រ និង​យល់ឃើញថា បុរស​អាច​ផ្តល់​ការថែទាំ​ល្អ​ដល់​កុមារ ដូចជា​ស្ត្រី​ដែរ ហើយ​អ្នក​ថែទាំ​កុមារ​អាច​ប្តូរ​វេន​គ្នា​មើលថែទាំ​កុមារ​នៅពេលដែល​គេ​ត្រូវការ​សម្រាក​។​

​យុទ្ធនាការ​នេះ ក៏បាន​រំលេច​អំពី​សារ​អប់រំ​សំខាន់ៗ​ក្នុងការ​ថែទាំ ប្រកបដោយ​ការ​ឆ្លើយតប​បែប​វិជ្ជមាន និង​ឱកាស​រៀនសូត្រ​តាំងពី​ដំបូង​ដែល​ជួយ​ឱ្យ​កុមារ​បាន​រៀន​សូត្រ​លូតលាស់ អភិវឌ្ឍ និង​រីកចម្រើន ដែល​ប្រកបដោយ​សក្តានុពល​។​

​លោក​ច​ន វីលៀម អា​មេស នាយក​ប្រចាំ​ប្រទេស និង​នាយក​គម្រោង​អភិវឌ្ឍន៍​កុមារ​តូច នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​​ត្រីកោណ អន្តរជាតិ ​(RTI International) បានលើកឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖ «​យុទ្ធនាការ​នេះ មាន​គោលបំណង​លើកកម្ពស់​ការ​រួមចំណែក និង​ការចូលរួម​ដោយ​ស្មើភាព​គ្នា​ពី​បុរស និង​ស្ត្រី ក្នុងការ​ចិញ្ចឹម​បីបាច់​កូន​តូច ដើម្បី​ជួយ​ឱ្យ​កុមារ​សម្រេច​​បាន​នូវ​សក្តានុពល​ទៅតាម​ដំណាក់កាល​អភិវឌ្ឍន៍​សំខាន់ៗ លើ​បញ្ញា ការគិត ភាសា សង្គម​អារម្មណ៍ និង​ការលូតលាស់​ផ្នែក​រាងកាយ​»​។​

​ជាមួយគ្នានេះ លោកស្រី​ថុ​ន ស៊ីណា អនុប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត និង​ជា​សមាជិក នៃ គ​.​ក​.​ស​.​ក​. ខេត្តសៀមរាប បាន​ថ្លែងថា យុទ្ធនាការ​នេះ​គឺជា​គន្លឹះ​ក្នុងការ​កាត់បន្ថយ​ការប្រកាន់​តួនាទី​ផ្សេងគ្នា រវាង​បុរស និង​ស្ត្រី ក្នុងការ​ថែទាំ​កុមារ ដែល​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​កុមារ អាហារូបត្ថម្ភ និង​ការអភិវឌ្ឍ​កុមារ​តូច ដែល​នៅតែ​ជា​ក្ដីកង្វល់​របស់​សង្គម​។​

​យុទ្ធនាការ​ខាងលើ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធ​​ផល​អភិវឌ្ឍន៍ សម្រាប់​កុមារ​តូច​ឱ្យ​ពេញលេញ តាមរយៈ​ការលើកកម្ពស់​ការចិញ្ចឹម​បីបាច់​កុមារ​តូច ដោះស្រាយ​បញ្ហា​យេនឌ័រ ការកាត់បន្ថយ​ភាព​ក្រិស​ក្រិន​របស់​កុមារ និង​អន្តរាគមន៍​ទាន់ពេលវេលា សម្រាប់​កុមារ​មានការ​អភិវឌ្ឍ​យឺត និង​មាន​ពិការភាព ដោយ​ចាប់ពី​នៅក្នុង​ផ្ទៃ​ម្ដាយ រហូតដល់​អាយុ​ក្រោម​ ៥ ​ឆ្នាំ​។​

​គម្រោង​អភិវឌ្ឍន៍​កុមារ​តូច គឺជា​កម្មវិធី ដែលមាន​លក្ខណៈ​អន្តរ​វិស័យ ដោយ​ទទួលបាន​មូលនិធិ​គាំទ្រ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​​អភិវឌ្ឍន៍​អន្តរជាតិ ​(USAID) ដែល​ដឹកនាំ​អនុវត្ត ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ត្រីកោណ និង​សហការ​ជាមួយ​អង្គការ​ហេឡែន ខេ​ល​ល័​រ អន្តរជាតិ (Helen Keller Intl ) ព្រមទាំង​អង្គការ​សេ​ហ្វ​ហេ​វិ​ន ក្នុង​គោលបំណង​ជួយ​ដល់​កុមារ​តូច​កម្ពុជា ដើម្បីឱ្យ​មានការ​លូតលាស់​ក្នុង​ផ្នែក​រាង​កាយ បញ្ញា ការគិត ភាសា និង​សង្គម​អារម្មណ៍ ឱ្យបាន​ល្អ​ប្រសើរ​៕