
លោកសិទ្ធិ ឡោះ (កណ្ដាល) ក្នុងពិធីចែកអត្ដសញ្ញាណប័ណ្ណថ្មីពីថ្ងៃ ៣០ មីនា។ រូបថត ប៉ូលិស
បន្ទាយមានជ័យៈ ចាប់ពីឆ្នាំ ២០១២ ដល់បច្ចុប្បន្ន នគរបាលបាលខេត្តបន្ទាយមានជ័យបានផ្តល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋបាន ៦៦ ៨០២៧ នាក់ និងកំពុងបើកយុទ្ធនាការជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មី។នេះបើតាមស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
លោកសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាមានជ័យប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២ ខែមេសាថា៖ «ការងារអត្តសញ្ញាណប័ណ្ណយើងបានធ្វើបច្ចុប្បន្នភាពតាំងពីឆ្នាំ ២០១២ មកទល់បច្ចុប្បន្ន ដែលខេត្តមានពលរដ្ឋជាង ៨០ ម៉ឺននាក់ យើងបានផ្តល់ ៦៦ ៨០២៧ នាក់ ហើយបេសកកម្មរបស់មន្ត្រីនគរបាលជំនាញអត្តសញ្ញាណកម្មកំពុងបើកយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មី»។
ដោយឡែក នៅឆ្នាំ ២០២២ នគរបាលខេត្តបន្ទាយមានជ័យបានផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពបាន ៤៦ ១៣៧ លើក មានពលរដ្ឋចូលរួម ៦១៥ ៩៤១ នាក់ រីឯវេទិកាសាធារណៈធ្វើបាន ៩ ៤២៩ លើក ពលរដ្ឋចូលរួម ៥៥១ ១៧៣ នាក់។ នេះបើតាមការបន្ថែមរបស់លោកសិទ្ធិ ឡោះ។
លោកថ្លែងថា៖ «ចំពោះចំណាត់ថ្នាក់លេខ ១ នៃកាអនុវត្តភូមិឃុំមានសុវត្ថិភាព យើងយកឆ្នាំចុងក្រោយនេះ ការអនុវត្តភូមិឃុំមានសុវត្ថិភាពទាំង ៦៧ឃុំ-សង្កាត់ យើងទទួលបានលេខ ១ រហូតដល់ ៥៤ ឃុំ-សង្កាត់ នេះជាក្តីមោទនភាពរបស់មន្ត្រីនគរបាលមូលដ្ឋានរបស់យើង»។
លោកស្នងការនគរបាលខេត្តបានលើកឡើងថា ភាពជោគជ័យនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៦៥៩ ភូមិ ក្នុងខេត្តបន្ទាយមានជ័យ គឺបង្ហាញពីការរួមសហការគ្នាយ៉ាងយកចិត្តទុកដាក់ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់ដើម្បីយកប្រៀបសមរភូមិ និងធានាឱ្យបាន ភូមិឃុំ និងសង្កាត់មានសុវត្ថិភាព។
លោកបានបន្ថែមថា ការអនុវត្តការប្រឡងប្រណាំងគោលនយោបាយភូមិឃុំមានសុវត្ថិភាពឆ្នាំ ២០២២ ទទួលបានចំណាត់ថ្នាក់លេខ ១ កើនឡើងរហូតដល់ ៧ ឃុំ-សង្កាត់បើប្រៀបធៀបឆ្នាំ ២០២១។
លោក សិទ្ធិ ឡោះ បានបញ្ជាក់ថា ក្រៅពីភាពជោគជ័យក្នុងការទទួលបានលេខ ១ នេះ ខេត្តបន្ទាយមានជ័យក៏ទទួលបានលេខ ២ ចំនួន ១២ ឃុំ-សង្កាត់ និងចំណាត់ថ្នាក់លេខ ៣ ចំនួន ១ ឃុំ ប៉ុន្តែគ្មានចំណាត់ថ្នាក់លេខសូន្យទេ។
លោកថ្លែងថា៖ «លេខសូន្យគឺគ្មាន នេះជាមោទនភាព និងមានការសប្បាយរីករាយពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យ»។
តាមសេចក្តីអំពាវនាវស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា (អស់សុពលភាព) នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា អត្តសញ្ញាណប័ណ្ណដែលបានផ្តល់ជូនតាំងពីខែមិថុនា ឆ្នាំ ២០១២ បានអស់សុពលភាពប្រើជាបណ្តើរៗចាប់ពីខែមិថុនា ឆ្នាំ ២០២២ តទៅ។
ប្រភពដដែលឱ្យដឹងថា គិតពីខែមិថុនា ឆ្នាំ ២០២២ ដល់ខែកក្កដា ឆ្នាំ ២០២៣ មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន ១ ៧២៧ ០៩៤ នាក់ ត្រូវអស់សុពលភាព។ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣ មានពលរដ្ឋ ៦៩៤ ១៤២ នាក់បានទៅស្នើសុំប្ដូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីរួចហើយ។
សេចក្តីអំពាវនាវនោះបានបញ្ជាក់ថា ដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិនយោបាយក្នុងការប្រើអត្តសញ្ញាណប័ណ្ណសម្រាប់កាន់ទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ក្នុងខែកក្កដា ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានអំពាវនាវឱ្យពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពទៅប្តូរថ្មី។
ប្រភពបញ្ជាក់ថា៖ «ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណអស់សុពលភាព ឬសុពលភាពនៅសល់តិចជាងឬត្រឹម ៩០ ថ្ងៃ សូមអញ្ជើញមកបំពេញបែបបទសុំប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា)»។
សេចក្តីអំពាវនាវដដែលបន្តថា ទីតាំងដែលអាចទៅបំពេញបែបបទសុំប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី គឺទី ១ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង-ស្រុកខណ្ឌ ឬច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានអចិន្រៃ្តយ៍របស់ខ្លួន។ ទី២ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខណ្ឌច្បារអំពៅ ភ្នំពេញ) និងទី ៣ ទីស្នាក់ការនៅផ្សារទំនើបអ៊ីអនម៉ល ២ សែនសុខ៕