ភ្នំពេញៈ ​ក្រសួងមហាផ្ទៃ បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិភាក្សា​ដោះស្រាយ​សម្រាប់​ពលករ​ដែ​ល​បាន​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ពុំមាន​ឯកសារ និង​ហួស​សុពលភាព​នៃ​ឯកសារ​ច្បាប់​អនុញ្ញាត ក្រោយពី​អាជ្ញាធរ​ថៃបានស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ប​ញ្ជូ​ន​ក្រុមការងារ ទៅ​ប្រមូល​ទិន្នន័យ និង​ផ្តល់​អត្តសញ្ញាណ​ជូន​ពលករ​កម្ពុជា​។​

ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៣ ខែមេសា លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើជួញដូរ​មនុស្ស គ​.​ជ​.​ប​.​ជ ថ្លែងថា កាលពីពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​ថៃ បានដាក់​ចេញ​ការអនុញ្ញាតឱ្យ​ពលករ​ណា​ដែល​បានដាក់​ពាក្យស្នើសុំ​ស្នាក់នៅ និង​ធ្វើការ​ក្នុងប្រទេស​ថៃ ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ​២០២៣ នឹង​អាច​ពន្យារ​សុពលភាព ត្រឹម​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៣ ។​

​ លោកស្រី​បាន​ប្រាប់​នៅ​ថ្ងៃទី​៤ ខែមេសា ថា ករណី​ហួស​ពី​រយៈពេល​នៃ​ការកំណត់​នេះ ពលករ និ​យោ​ជិ​ត ទាំងអស់​នឹងត្រូវ​ផាកពិន័យ ឬ​អនុវត្ត​តាមច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ការងារ​នៃ​ប្រទេស​ថៃ​។ ក្នុងដំណាក់កាល​នេះ អាជ្ញាធរ​ថៃ បានស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ប​ញ្ជូ​ន​ក្រុមការងារ ទៅ​ប្រមូល​ទិន្នន័យ និង​ផ្តល់​អត្តសញ្ញាណ​ជូន​ពលករ​កម្ពុជា​។​

​ លោកស្រី​ ថ្លែងថា៖ «​ចំពោះ​ទិន្នន័យ​ពលករ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​ក្នុងប្រទេស​ថៃ​ដោយ​ពុំមាន​ឯកសារ និង​ហួស​សុពលភាព​នៃ​ឯកសារ​ច្បាប់​អនុញ្ញាត មាន​ចំនួន​ប៉ុន្មាន​នោះទេ ព្រោះ​ភាគី​ថៃ​ផ្តល់​មកឱ្យ​កម្ពុជា​មិនទាន់​ច្បាស់លាស់​ដែរ​។ ដូច្នេះ​អ្វីដែល​កិច្ចប្រជុំ​នេះ ធ្វើឡើង ដើម្បី​ពិភាក្សា​ស្វែងរក​ទិន្នន័យ ឱ្យបាន​ច្បាស់លាស់ ដើម្បី​រក​ដំណោះស្រាយ​សមស្រប​មួយ​ដែលមាន​ភាពច្បាស់លាស់ និង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​»​។​

​លោកស្រី​បានបញ្ជាក់​ទៀតថា ចំពោះ​ការបញ្ជូន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ទៅ​ប្រមូល​ទិន្នន័យ​ពលករ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​ក្នុងប្រទេស​ថៃ​ដោយ​ពុំមាន​ឯកសារ និង​ហួស​សុពលភាព​នៃ​ឯកសារ​ច្បាប់​អនុញ្ញាត​នៅក្នុង​ប្រទេស​ថៃ ក៏​មិនទាន់​បានកំណត់​ពេលវេលា​ជាក់លាក់​ដែរ ខណៈដែល​កន្លងមក​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​បាន​ទៅធ្វើ​កិច្ចការងារ​នេះ​នៅក្នុង​ប្រទេស​ថៃ​រយៈពេល១ខែ​ដែរ​។

​លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ថ្លែងថា ការដោះស្រាយ​បញ្ហា​ពលករ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​ក្នុងប្រទេស​ថៃ​ដោយ​ពុំមាន​ឯកសារ និង​ហួស​សុពលភាព​នៃ​ឯកសារ​ច្បាប់​អនុញ្ញាត គឺជា​រឿង​ចាំបាច់​ដែល​ត្រូវធ្វើ ដើម្បី​កុំឱ្យ​មានការ​រំលោភបំពាន​ការងារ​លើ​ពួកគេ​ក្នុង​ប្រការ​ណាមួយ​។​

​លោក​បាន​ប្រាប់ថា៖ «​ការដោះស្រាយ​នៅពេលនេះ គឺជា​រឿង​ល្អ​។ ភាគី​កម្ពុជា និង​ភាគី​ថៃ​គួរតែមាន​កិច្ចសហការ​សមស្រប​ណាមួយ ដើម្បី​ធ្វើ​កិច្ចការងារ​នេះ ដើម្បីឱ្យ​ពួកគេ​រស់នៅ និង​បម្រើការងារ​ក្នុងប្រទេស​ថៃ​ស្របច្បាប់ និង​បញ្ជៀ​សបាន​នូវ​ការ​រំ​លោ​ភបំពាន​ពលកម្ម និង​មានការ​ការពារ​ស្របទៅតាម​ច្បាប់​ជូន​ពួកគេ នៅក្នុង​ប្រទេស​ថៃ​»​។​

យោងតាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ឆ្នាំ ២០២២ បង្ហាញថា ពលករ​កម្ពុជា​ដែល​​កំពុងស្នាក់នៅ និង​បម្រើការងារ​នៅក្នុង​ប្រទេស​ថៃ​មាន​ចំនួន ១,២​លាន​នាក់ លើ​ផ្នែក​សំណង់ កសិកម្ម បេះ​ផ្លែឈើ និង​ឧស្សាហកម្ម​ជាដើម​៕