ភ្នំពេញៈ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​លោក​ ខៀវ កា​ញា​រី​ទ្ធ ជំ​រុញ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​ព័ត៌​មាន​ប្រឹង​ប្រែង​រួមគ្នា​ផ្សព្វ​ផ្សា​យ​ពី​ព្រឹត្តិ​ការណ៍​ជាតិ​សំខាន់ៗ​នា​ពេល​ខាង​មុខ​ឱ្យ​មាន​គុណ​ភាព​ ស្របពេ​លដែ​លនៅឆ្នាំ​នេះ ​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ដំបូង​ជា​ប្រវត្តិ​សាស្ត្រ​ ហើយ​ក៏​ជា​ឆ្នាំ​ដែល​ត្រូវ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្ដិ​ទី​៧ផង​ដែរ​​។

ការ​លើក​ឡើង​របស់​លោក ​ខៀវ កាញារីទ្ធ ខាង​លើនេះ​ធ្វើ​ឡើង​នៅក្នុ​ង​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការងារ​៥​ឆ្នាំ​២០១៨​-២០២២ និង​លើក​ទិសដៅ​ការងារ​បន្ដឆ្នាំ​​២០២៣​-​២០២៨​ របស់​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​៥​ ខែមេសា ​ឆ្នាំ​២០២៣ ​នៅសា​ល​ប្រជុំ​ធំថ្មីរ​បស់​ក្រសួង​ព័ត៌​មាន​លោក​។​

​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​បាន​ថ្លែង​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្ល​ងទៅ​នេះ ​វិស័យ​ព័ត៌មា​ន និង​សោត​ទស្សន៍ មាន​ការ​រីក​ចម្រើន​ជា​លំដាប់​ជា​ពិសេស​ការផ្សព្វ​ផ្សាយ​មាន​វិសាល​ភាព​គ្របដណ្តប់​ទូទាំង​ប្រទេស​និង​លើ​សកល​លោក។ទោះ​បីជា​ក្រសួង​សម្រេ​ចបាន​លទ្ធផល​សំខាន់ៗ​​ក្ដី ប៉ុន្តែ​ក្រសួង​​ព័ត៌​មាន​នៅតែ​ជួបប្រ​ទះ​បញ្ហា​ប្រឈម​មួយចំនួ​ន​ក្នុងការ​អនុវត្ត​ការងារ​ដូចជា​ ទំហំ​ការងារ​មាន​ការ កើន​ឡើង​ជា​បន្ត​បន្ទា​ប់ ប៉ុន្តែ​លទ្ធ​ភាព​ហិរញ្ញ​វត្ថុ​ ធន​ធាន​មនុស្ស ​និង​សម្ភារ​បរិក្ខារប​ច្ចេកទេ​ស និង​មធ្យោ​បាយ​បំពេញ​ការងារ នៅ​មាន​កម្រិត ដែល​មិនអាច​ឆ្លើយ​តប​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ ការងារ​ជាក់​ស្ដែង​។

​លោក​បញ្ជាក់​ថា​៖«​ទន្ទឹម​នឹង​បញ្ហា​ប្រឈម​នេះ​ផង​ដែរ​យើង​ក៏​នៅមាន​បញ្ហា​សំខាន់ៗ​ចំពោះ​មុខ​មួយចំនួន​ដែល​ត្រូវ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុកដាក់ ​និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​លើ​ព្រឹត្តិ​ការណ៍​ចំពោះ​មុខ​រួមមាន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​លើក ទី​៣២ និង​អាស៊ានប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ការ​បោះឆ្នោ​តជាតិ​ និង​បុណ្យ​ជាតិ​សំខាន់ៗ​ដទៃ​ទៀត​»​។​

​លោក​បន្ត​ថា ក្រសួង​ព័ត៌​មានស​ម្រេច​បាន​នូវ​ការ​កំណែទ​ម្រង់​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុ​ត្ត​នា​នាដូច​ជាការ​បង្កើតយ​ន្តការ​ផ្លូវ​ច្បាប់​និង​ក្រុម​ការងារ​មេធាវី​ក្រសួង​ព័ត៌មា​នដើ​ម្បី​ផ្តល់​ប្រឹក្សា​ផ្លូវ​ច្បាប់​ដោយ​បាន​ប្រឹក្សាផ្លូ​វច្បាប់​ចំនួន​៣០​ករណី។ចំពោះកា​រព​ង្រឹង​គោល​ន​យោបាយ​វិមជ្ឈការ​ និង​សហ​វិមជ្ឈ​ការ ក្រ​សួង​ព័ត៌​មាន​បា​នធ្វើ​ប្រតិភូ​កម្មអំណាចទៅ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិក្នុ​ង​ការផ្តល់សេវា​លើ​វិស័យ​ព័ត៌​មាន និង​សោត​ទស្សន៍ ​២៣​សេវា​។​

​លោកហ៊ុ​យ វណ្ណៈ ប្រធាន​សហភាព​​សហព័​ន្ធ​អ្នក​សារព័​ត៌មាន​កម្ពុជា​បានថ្លែ​ងថា កម្ពុជា​ពិតជា​មាន​ការ​រីក​ចម្រើន​លើ​វិស័យ​សារព័​ត៌មា​ននិង​សោត​ទស្សន៍ពិត​ប្រាក​ដ​មែន។ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ចោទ​គឺវិសាល​ភាពនិង​គុណភា​ព​នៃ​ការផ្សព្វផ្សាយ​​នៅមាន​កម្រិត​ ដែល​ទាម​ទារ​ឱ្យមាន​ការ​បណ្តុះ​បណ្តាល​ប​ន្ថែ​ម​ទៀត​។

​លោក​បន្ត​ថាកា​បណ្តុះ​បណ្តា​លឱ្យមា​ន​គុ​ណភាព​បន្ថែម​ទៀត​លើ​វិស័យ​សារព័ត៌​មានគឺ​ដើម្បី​ផ្តល់​ផលប្រ​យោជន៍​ប្រជាព​លរដ្ឋ​កម្ពុជា និង​ប្រទេ​សជាតិ​​ទាំងមូ​លព្រោះ​​វិស័យនេះ​មា​ន​សារៈសំ​ខាន់​និង​ចាំបាច់​បំផុត​ក្នុងការ​ផ្តល់ព័​ត៌មាន​និង​ផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលំទូ​លាយ ដោយមា​ន​កា​រចូ​លរួម​ពី​វិស័យ​ឯក​ជន ​និង​វិស័យ​រដ្ឋាភិបា​ល​។​

​បើតាម​​ក្រសួង​ព័ត៌មាន ​គិត​ត្រឹម​ឆ្នាំ២០២២ នៅ​​កម្ពុ​ជាមាន​អង្គភាព​សារព័​ត៌​មានជិត​២ ២០០ ហើយ​ក្រសួង​បាន​ចេញ​បណ្ណ​ព័ត៌មាន​ជូន​អ្នកសា​​រព័ត៌មាន​ជាង ៦ ​០០០​នាក់ដែល​នេះមិនទាន់​​គិត​បញ្ចូល​ជាមួយ​អ្នក​សារព័​ត៌មាន​ផ្សេងទៀ​ត​ដែល​អង្គភាព​សាមី​បាន​ចេញ​បណ្ណ​ដោយ​ផ្ទាល់​ផង​៕