ហាណូយ​-​វៀតណាមៈ កម្ពុជា និង​វៀតណាម ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រវាង​ប្រទេស​ទាំង២ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ធ្វើឱ្យ​ប្រសើរ​ឡើងលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​, មុខរបរ និង​ការងារ​, និង​កិច្ច​គាំពារ​សង្គម​ជាដើម​។​

​ការឯកភាព​នេះ កើតចេញពី​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​ការងារ រវាង​លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង លោក DAO NGUC DUNG រដ្ឋមន្ត្រីក្រសួង​ការងារ ជនពិការ និង​សង្គមកិច្ច នៃ​សា​ធាណ​រដ្ឋ​សង្គមនិយម​វៀតណាម នៅ ថ្ងៃទី​៥ ខែមេសា ឆ្នាំ២០២៣ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។

លោក អុិត សំហេង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​​យ៉ាង​ល្អ ចំពោះ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាពិសេស​ចំណងមិត្តភាព​ការទូត​រយៈពេល​៥៥​ឆ្នាំ​នៃ​ប្រទេស​ទាំង២ ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ដ៏​យូរអង្វែង​លើ​គ្រប់​វិស័យ​រួមមាន ឧស្សាហកម្ម​, អប់រំ និង​បណ្តុះបណ្តាល​, កសិកម្ម​, សេវាកម្ម និង​ទេសចរណ៍​ជាដើម ដែល​ប្រទេស និង​ប្រជាជន​ទាំង២ ទទួលបាន​ផ្លែផ្កា​រៀងៗ​ខ្លួន​ពី​កិច្ចសហប្រតិបត្តិការ​នេះ​។

​ លោក​បន្តថា ការគ្រប់គ្រង​កម្លាំង​ពលកម្ម​បរទេស​នៅ​កម្ពុជា គឺ​កម្ពុជា​បាន​អនុវត្ត​នូវ​គោលនយោបាយ​ជនបរទេស​ដោយ​ស្មើភាព​គ្នា​លើ​គ្រប់​ជនជាតិ ដែល​មក​ធ្វើការ​ស្របច្បាប់​នៅ​កម្ពុជា រួមទាំង​ជនជាតិ​វៀតណាម​ផងដែរ​។ មួយវិញទៀត ក៏​អរគុណ​ដល់​ភាគី​វៀតណាម ដែល​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ជាច្រើន​បាន​សិក្សា​រៀនសូត្រ​នាពេល​កន្លងមក និង​ពេលបច្ចុប្បន្ន ហើយ​គ្រឹះស្ថាន​បណ្តុះបណ្តាល​របស់​ប្រទេស​ទាំង២​ក៏បាន​ចុះ​កិច្ចសហការ​ជាមួយគ្នា​ជា​បន្តបន្ទាប់​។

​ លោក DAO NGUC DUNG បាន​អរគុណ​ដល់​ក្រសួង​ការងារ​កម្ពុជា ដែលបាន​យកចិត្តទុកដាក់​ដល់​ជនបរទេស ដែល​កំពុងធ្វើការ​នៅ​កម្ពុជា ក៏ដូចជា​ជនជាតិរ​វៀតណាម ដោយ​គ្រប់គ្រង​បាន​យ៉ាង​ល្អ​ស្របតាម​ច្បាប់​របស់​កម្ពុ​ជា​។ លោក​ថា ភាគី​វៀតណាម​នឹង​គាំទ្រ​គោលនយោបាយ​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា បន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​, ការចែករំលែក​បទពិសោធ​ន៍​ល្អៗ និង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

​ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បញ្ជាក់ថា តាមរយៈ​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​នេះ ភាគី​ទាំង​២បាន​ឯកភាពគ្នា​លើ​ចំណុច​មួយចំនួន​រួមមាន​ គាំទ្រ និង​ជំរុញ​ការវិនិយោគ​១​បូក​ក្នុងប្រទេស​ទាំង២ (​បើ​វិនិយោគ​នៅ​វៀតណាម ឱ្យមាន​វិនិយោគ​នៅ​កម្ពុជា ,​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ចែករំលែក​បទពិសោធន៍​ល្អៗ​ជាមួយគ្នា​ លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រវាង​ប្រទេស​ទាំង២​។​

​ក្រសួង​បន្តថា ភាគី​ទាំង​២និង សិក្សា​រៀបចំ​បង្កើត​សាលា​បណ្តុះបណ្តាល​នៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំង២, ផ្លាស់ប្តូរ​ទស្សនកិច្ចរ​វាង​ថា្នក់​ដឹកនាំ មន្ត្រី​ជំនាញ គ្រូ​បច្ចេកទេស និង​និស្សិត​រវាង​ប្រទេស​ទាំង២ជាដើម ​និង គាំទ្រ​ឱ្យមាន​ការចូលរួម​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​នៅតាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង២ ឱ្យ​ក្លាយជា​ព្រំដែន​មាន​សន្តិសុខ សុវត្ថិភាព​សម្រាប់​ប្រជាជន​ទាំងសងខាង​៕