ភ្នំពេញៈ ​ដីព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ត្រូវបាន​ក្រុម​ជនខិលខូច​លួច​រុករាន​កាប់បំផ្លាញ ឈូសឆាយ និង​ហ៊ុម​ព័ន្ធ​យក​ធ្វើជា​កម្មសិទ្ធិឯកជន​ដោយ​ខុសច្បាប់​អស់​រាប់រយ​ហិកតា​។ នេះ​បើតាម​ការ​ប្រាប់​ឱ្យដឹងពី​ក្រុមយុវជន​បៃតង​វ៉រ​រៀរ​ស៍ (Baitong Warriors) ។​

​លោក តាន់ គឹម​សួរ ប្រធាន​ក្រុមយុវជន​បៃតង​វ៉រ​រៀរ​ស៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២៣​ថា បទល្មើស​កាប់​រាន ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដីព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុងមាន​ការផ្ទុះ​កក្រើក​ឡើងវិញ​គួរឱ្យកត់សម្គាល់ ជាពិសេស បទល្មើស​ឡ​ដុត​ធ្យូង​។​

​លោក​បាន​បញ្ជាក់ថា​៖«​ថ្មីៗ​នេះ ក្រុមការងារ​យើងខ្ញុំ បាន​សហការ​ជាមួយ​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​តំបន់ការពារធម្មជាតិ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចុះ​ល្បាត​ស្រាវជ្រាវ​បទល្មើស​ធនធានធម្មជាតិ ហើយ​រកឃើញ​មាន​ទីតាំង​ដីព្រៃ​ជាច្រើន​កន្លែង​ត្រូវបាន​ជនខិលខូច​លួច​ចូល​កាប់​រាន ឈូសឆាយ និង​ហ៊ុមព័ទ្ធ​យក​ធ្វើជា​កម្មសិទ្ធិឯកជន​ខុសច្បាប់ សរុប​ប្រមាណ​៧០០​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ច្រក​អេក ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​»​។​

​ បើតាម​លោក តាន់ គឹម​សួរ ក្រៅពី​ការកាប់​រាន ឈូសឆាយ និង​ហ៊ុមព័ទ្ធ​យក​ដីព្រៃ ដោយ​គ្មាន​ការអនុញ្ញាត ក្រុមការងារ​យុវជន​បៃតង​វ៉រ​រៀរ​ស៍ ក៏បាន​រកឃើញ​មាន​ការសង់​សំណង់​មួយចំនួន​នៅលើ​ដីព្រៃ​របស់​រដ្ឋ​ផងដែរ ជាពិសេស ការ​លួច​សង់រោង និង​ឡ​ដុត​ធ្យូង​អនាធិបតេយ្យ​អត់​ច្បាប់​ចំនួន​រាប់រយ ដែល​ឡ​ដុត​ធ្យូង​ទាំងនោះ​ជា​ផ្នែក​មួយ​នៃ​បទល្មើស​កាប់បំផ្លាញ​ធនធាន​ព្រៃឈើ​នៅក្នុង​តំបន់​នេះ​។​ លោក​បាន​បន្តថា​៖«​សូម្បីតែ​នៅលើ​ទីតាំង​ដី​នៅ​ចំណុច​អូរ​ច្រាំង​អុង​ទំ​ហំ៤១៣​ហិកតា ដែល​អាជ្ញាធរខេត្ត​បាន​ដកហូត​ពី​បុគ្គល​ឈ្មោះ យូ ស៊ីថា​ត នាពេល​កន្លងមក ក៏មាន​ការសង់​សំណង់ផ្ទះ​លម្ហែជា​របៀប​រី​សត​ផងដែរ​»​។

​លោក​បាន​ប្រាប់​ឱ្យដឹងទៀតថា កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣ លោក​បានធ្វើ​លិខិតស្នើ​សុំ​ទៅ​ក្រសួងបរិស្ថានជួយ​អន្តរាគមន៍​បញ្ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ក្រុមការងារ​បច្ចេកទេស ចុះមក​ពិនិត្យ​តំបន់ដែលមានសកម្មភាព​រំលោភបំពាន​នេះដើម្បី​ចាត់វិធានការ​ប្រឆាំង​ទៅនឹង​សកម្មភាព​ល្មើសច្បាប់​របស់​ជនខិលខូច​ទាំងនោះ។

​ ជុំវិញ​ករណីនេះ លោក ឱម ម៉ាក់​ធា​រី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​បាន​បញ្ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ចុះ​សហការ​ជាមួយ​ក្រុមយុវជន​បៃតង​វ៉រ​រៀរ​ស៍ ទៅពិនិត្យ​អង្កេត​លើ​ទីតាំង​ដែល​បាន​រកឃើញថា​មាន​បទ​លើ្ម​ស​នោះ ដើម្បី​វាស់វែង​កំណត់​និយាម​ការឱ្យ​បានច្បាស់លាស់ ជា​ប្រយោជន៍​នៅក្នុង​ការរៀបចំ​សំណុំ​ឯកសារ​តាម​នីតិវិធី ដើម្បី​ដកហូតយក​ដីព្រៃ​រដ្ឋ​ពី​ក្រុម​ជន​ប្រ​ពឹ​ត្ត​បទល្មើស​ទាំងនោះ​ត្រឡប់មកវិញ​។

លោក​ម៉ាក់​ធា​រី បញ្ជាក់ថា​៖«​នៅពេលនេះ ក្រុមមន្ត្រី​យើង​កំពុង​ធ្វើ​កិច្ចការងារ​នេះ​យ៉ាងសកម្ម ដើម្បី​រឹបអូស​យក​ដីព្រៃ​រដ្ឋ ត្រឡប់មកវិញ​តាម​នីតិវិធី​»​។ លោក​បាន​បន្តថា ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ បាន​បង្ក្រាប រឹបអូស​ដីព្រៃ​របស់រ​ដ្ឋ​ពី​ក្រុម​ជន​ឱកាសនិយមត្រឡប់មកវិញ​បាន​ចំនួន​ជាង​១​ម៉ឺន​ហិកតា និង​បាន​កសាង​សំណុំរឿង​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ បញ្ជូន​ទៅតុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​សរុប​ចំនួន​៣៥​នាក់​៕