​ភ្នំពេញៈ កម្ពុជា និង​អូស្ត្រាលី ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ពូជស្រូវ​ក្រអូប​ថ្មី ​«​ចំប៉ីស​ ៧០» ក្រោយពី​បានធ្វើការ​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​ ៩ ​ឆ្នាំ និង​ធ្វើ​ពិសោធន៍​លើដី​​ស្រែ​របស់​កសិករ​ប្រមាណ​ ៨០​ កន្លែង ដើម្បី​អបអរសាទរ​ខួប​ ៧០ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​កម្ពុជា និង​អូស្ត្រាលី​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​ឌិ​ត ទីណា​លើកឡើងថា ពូជស្រូវ​ថ្មី​មួយ​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ដំណើរការ​ពិពិធ​កម្ម​ផលិតកម្ម​អង្ករ​ក្រអូប និង​ការនាំចេញ​អង្ករ​ក្រអូប​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែល​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាកសិករ​កម្ពុជា​កាន់តែ​ប្រសើរឡើង​។​

​ពូជស្រូវ​ចំប៉ីស​ ៧០ គឺជា​លទ្ធ​ផល​នៃ​កិច្ចសហប្រតិបត្តិការ ជិត​ ១​ ទសវត្សរ៍ រវាង​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​​កម្ពុជា (CARDI)​ និង​រដ្ឋាភិបាល​អូស្ត្រាលី​។ ពូជស្រូវ​នេះ​ត្រូវបាន​បង្កាត់​ចេញពី​ពូជស្រូវ​ផ្ការំដួល​របស់​កម្ពុជា​ដែលជា​ស្រូវ​ជាប់​ពានរង្វាន់​ល្អ​ដាច់​គេ ក្នុង​ពិភព​លោក​ជាមួយនឹង​ពូជស្រូវ​មិន​ប្រកាន់​រដូវ CNi9024​។ ពូជស្រូវ​នេះ​បាន​ឆ្លងកាត់​ពិសោធន៍​លើ​ស្រែ​កសិករ​ចំនួន​៨០​កន្លែង ទាំង​ក្នុង​រដូវប្រាំង និង​រដូវវស្សា​។ អ្នកជំនាញ​ខាង​កិច្ចការ​ស្រាវ​ជ្រាវ​ពូជស្រូវ​នេះ​បានឱ្យដឹងថា វា​ជា​ពូជស្រូវ​ធន់​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ សមស្រប​សម្រាប់​ការដាំដុះ​របស់​ប្រជា​កសិករ និង​ឆ្លើយតប​នឹង​ទីផ្សារ​អង្ករ​នៅ​អន្តរជាតិ​។​

​នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ពូជស្រូវ​ចំប៉ីស ​៧០ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិ​វឌ្ឍន៍​កសិកម្ម​កម្ពុជា លោក ឌិ​ត​ទីណា បាន​រំឭកថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ឈ្មោះ​ពូជស្រូវ​ «​ចំប៉ីស​ ៧០» ក្នុងន័យ​អបអរសាទរ​ខួប​ ៧០ ​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ដ៏​សំខាន់ រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​អូ​ស្ត្រា​លី​។

​លោក​រដ្ឋមន្ត្រី​កសិកម្ម​បាន​ថ្លែងថា​៖ «​អ្វីដែល​យើង​ចង់បាន​ទៅ​ថ្ងៃមុខ​គឺជា​កសិកម្ម​មួយ ប្រកបដោយ​និរន្តរភាព​ដោយមាន​ការ​គោរព​នូវ​បែបបទ​បរិស្ថាន ដោយ​អ្វីដែល​ត្រូវធ្វើ និង​អ្វីដែល​មិនត្រូវ​ធ្វើ ដែលជា​ការរៀបចំ​ជាមួយគ្នា​ដើម្បី​កំណែទម្រង់​វិស័យ​កសិកម្ម​នេះ​ទាំងមូល​។ ចំណុច​សំខាន់​គឺ​មិនមែន​ការផលិត​ឱ្យបាន​កាន់​តែ​ច្រើន ហើយ​ធ្វើឱ្យមាន​ភាព​ហឹរ​ទៅលើ​ដី ឬក៏​ការប្រើប្រាស់​ទឹក​យ៉ាងគំហុក ដែល​អស់​ច្រើន​ដោយ​គ្មាន​ការថែរក្សា​ទឹក​ទុក​នោះទេ​»​។​

​លោក​បន្ថែមថា​៖ «​ថ្ងៃនេះ​ជា​កិត្តិយស​និង​ជា​សោមនស្ស​ដែល​យើង​បានឃើញ​នូវ​ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ពូជ​ចំប៉ីស​ ៧០​។ ក្នុងពេល​បិទ​អង្គសន្និបាត​ក្រសួងកសិកម្ម រាជរដ្ឋាភិបាល​កម្ពុជា បាន​យល់ព្រម​ចុះបញ្ជី​ពូជស្រូវ​ចំប៉ីស​ ៧០​ នេះ​រួចជាស្រេច ហើយ​ថ្ងៃនេះ​យើង​បានមក​ពិនិត្យមើល​នូវ​ការដាំដុះ និង​សមិទ្ធផល​ដែល​កើតមានឡើង​ជាក់ស្តែង​»​។

​លោក​ឌិ​ត ទីណា បន្តថា តាមរយៈ​ការបង្កើត​ពូជ​ផ្សេងៗ ការសហការ​ជាមួយនឹង​អង្គការ​ដៃគូ​ក្តី ការសហការ​ជាមួយ​រដ្ឋាភិបាល​ផ្សេងៗ​ក្តី​តាមរយៈ​ស្ថានទូត ដើម្បី​ស្វែងរក​នូវ​ពូជ​ដែល​សុទ្ធ​ល្អ​ដែល​កាន់តែ​ធន់ និង​កាន់តែ​ផ្តល់​ផល​បានល្អ​ជាមួយនឹង​គុណភាព​ខ្ពស់ គឺជា​ផ្នែក​មួយ​នៃ​អាទិភាព​សម្រាប់​កាត់បន្ថយ​នូវ​ការចំណាយ​របស់​ប្រជាពលរដ្ឋ បង្កើន​នូវ​ផលិតភាព និង​បង្កើន​នូវ​ភាព​ចំណេញ​។

លោកឌិត ទីណា លើកកណ្តាប់​ស្រូវ​ដែល​ទើប​ច្រូត​រួច​​។ ហុង មិនា

​លោក Justin Whyatt ឯក​អគ្គរាជទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា បាន​លើកឡើងថា​៖ «​ប្រទេស​អូស្ត្រាលី​មាន​មោទនភាព ដែល​បាន​គាំទ្រ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ និង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ក្នុងការ​បង្កើត​ពូជស្រូវ​ចំប៉ីស ៧០​ នេះ​។ ខ្ញុំ​សង្ឃឹមថា កសិករ​ទូទាំងប្រទេស​កម្ពុជា​នឹង​ដាំ​ដុះ​ពូជស្រូវ​ចំប៉ីស ​៧០​ នេះ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​និង​អន្តរជាតិ​រួមទាំង​ទីផ្សារ​ប្រទេស​អូស្ត្រាលី​ផងដែរ​»​។

​ចំប៉ីស​ ៧០ ​គឺជា​ពូជស្រូវ​ក្រអូប ដែល​ប្រើពេល​ត្រឹម​ ៣ ​ខែ​ក្នុង​ការដាំដុះ​។ ចំប៉ីស​ ៧០ គឺជា​ប្រភេទ​ពូជស្រូវ​មិន​ប្រកាន់​រដូវ ព្រមទាំង​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ទឹកជំនន់​និង​គ្រោះ​​រាំងស្ងួត​ជាដើម​។ កសិករ​អាច​ដាំ ដុះ​ពូជ​ចំប៉ីស​ ៧០ ​បាន​ពី ​២ ​ទៅ ៣​ ដង​ក្នុង​ ១ ​ឆ្នាំ ដែលនាំឱ្យ​មាន​កំណើន​ផលិតកម្ម និង​បរិមាណ​ផល​។ ពូជស្រូវ​ប្រភេទ​ថ្មី​នេះ ក៏​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ដើមទុន​សម្រាប់​ការដាំដុះ និង​ការចំណាយ​លើ​ការ​ទុកដាក់​ស្រូវ នៅក្រោយពេល​ប្រមូល​ផល​។

​លោក​ ឡោ ប៊ុណ្ណា នាយក​វិទ្យា​ស្ថាន​កា​ឌី បាន​លើកឡើងថា​៖ «​ពូជស្រូវ​មួយ​នេះ ពិតជា​មានគុណ​ប្រយោជន៍​ខ្លាំង​សម្រាប់​កសិករ និង​ពាណិជ្ជករ​។ វា​អាចជួយ​កសិករ​ក្នុងការ​កាត់បន្ថយ​ការចំណាយ និង​កម្លាំង​ក្នុងការ​ថែទាំ​ស្រែ​របស់​ពួកគេ​។ ដោយ​​សារ​តែ​វា​ជា​ប្រភេទ​ពូជស្រូវ​មិន​ប្រកាន់​រដូវ ពាណិជ្ជករ​អាច​ទិញស្រូវ​ចំប៉ីស​ ៧០​ បាន​ពេញ ​១ ឆ្នាំ​តែម្តង​»​។​

​ប្រទេស​អូស្ត្រាលី គឺជា​ដៃគូ​ដ៏​យូរអង្វែង​របស់​កម្ពុជា ក្នុង​កិច្ច​​គាំទ្រ​លើ​វិស័យ​កសិកម្ម​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ គឺ​នៅពេលដែល​អូស្ត្រាលី បាន​បញ្ជូន​អ្នកជំនាញ​កសិកម្ម មកជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការស្រាវជ្រាវ​ដែល​យក​ដំណាំ​ស្រូវ​ជា​មូល​ដ្ឋា​ន​។ អូស្ត្រាលី​ក៏បាន​គាំទ្រ​លើ​ការងារ​សំខាន់ៗ​ផ្សេងទៀត រួមមាន ការបង្កើតឡើង​នូវ​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ក្នុង​ឆ្នាំ ​១៩៩៩ ក្រោម​ភាពជា​ដៃគូ​ដ៏​រឹងមាំ​ជាមួយ​ម​ជ្ឈ​មណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ និង​ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​ខ្សែចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា (CAVAC) មាន​រយៈពេល​ ១២​ ឆ្នាំ ដែល​ទើបតែ​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២២​។

​នៅ​ខែកញ្ញា​ឆ្នាំ​ ២០២២ អូស្ត្រាលី បានប្រកាស​ដាក់ឱ្យ​ដំណើរការ កម្មវិធី​ថ្មី​មួយទៀត គឺ​កម្មវិធី​ភាពជា​ដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់ (CAPRED)​។ កម្មវិធី​នេះ​មាន​គោល​​បំណង​ជួយ​ប្រទេស​កម្ពុជា​ឱ្យសម្រេចបាន​នូវ​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រកបដោយ​និរន្តរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់ សមភាព​យេនឌ័រ ពិការភាព និង​បរិ​យា​ប័ន្ន​សង្គម និង​ភាព​ធន់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ត្រូវបាន​បញ្ជ្រាប​ទៅក្នុង​គ្រប់​សកម្មភាព​របស់​ក​ម្ម​វិធី CAPRED​។

​លោក សុង សារ៉ន ប្រធាន ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា​បាន​ថ្លែងថា ពូជស្រូវ​ថ្មី​ «​ចំប៉ីស​ ៧០» ជា​បរិបទ​ថ្មី​មួយ នៅក្នុង​កិច្ចការពារបរិស្ថាន ដើម្បីឱ្យ​ការដាំដុះ​មាន​ភាតរភាព​ទៅលើ​បរិស្ថាន ហើយ វា​ក៏​នឹង​ក្លាយ​ជា​ទំនិញ​ថ្មី​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារ​អង្ករ ជាពិសេស​ទីផ្សារ​អង្ករ​ក្រអូប​។

​ម្យ៉ាងទៀត វា​នឹង​ជួយ​កសិករ​ឱ្យទទួល​បាន​ទិន្នផល​ខ្ពស់ជាង​ពូជ​ស្រូវ​ដែលមាន​សព្វថ្ងៃនេះ ដោយមាន​ជំងឺ​តិច និង​ធន់​នឹង​អាកាស​​ធាតុ​។

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​មើលឃើញថា អង្ករ​ផ្ការំដួល​ធ្លាប់​ឈ្នះ​ពាន​ច្រើនដង​មកហើយ ខ្ញុំ​មានជំនឿថា «​ចំប៉ីស​ ៧០»​ ដែល​ត្រូវ​បង្កាត់​ចេញពី​ផ្ការំដួល​នោះ អាចធ្វើឱ្យ​គុណភាព​ល្អ​ដូច ​(​ផ្ការំដួល​)​។ យើង​សង្ឃឹមថា យើង​អាចធ្វើ​ទីផ្សារ​ថ្មី​បាន​លឿន​»​។​

​លោក សុង សារ៉ន បាន​ថ្លែង​ទៀតថា សម្រាប់​ការប្រកួតប្រជែង​គុណភាព​អង្ករ​នៅក្នុង​ព្រឹត្តិការ​ណ៍​ផ្សេងៗ​ក្នុងពេល​ខាងមុខ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹង​យក​សំណាក​អង្ករ​ ៣​ ប្រភេទ ទៅ​ចូលរួម​ដាក់​ប្រកួតប្រជែង គឺ​អង្ករ ផ្ការំដួល សែន​ក្រអូប​ ០១ និងចំប៉ីស​ ៧០ ដែល​ទើប​បញ្ចេញ​ឱ្យ​ប្រជាកសិករ​ប្រើប្រាស់​ក្នុងការ​ដាំ​ដុះ​នាពេលនេះ​៕