ភ្នំពេញៈ អង្គការ​មូលនិធិ​​ទំពាំង​ស្នង​ឫស្សី ប្រកាស​រក​អ្នកទិញ​ប្លា​ស្ទិ​ក​បឹង​ទន្លេសាប​ជាង​ ១០ ​តោន ដើម្បី​ប្តូរ​យក​អង្ករ ​៣,៥​ តោន សម្រាប់​ជា​រង្វាន់​លើកទឹកចិត្ត​ដល់​ប្រជា​នេសាទ​ភូមិ​ពាម​តា​អួរ ចំនួន​ ៣៥០​ គ្រួសារ ដែល​បាន​ចូលរួម​ថែរក្សា​ជីវចម្រុះ​បឹង​ទន្លេសាប​ពី​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​។​

​សំរាម​ប្លា​ស្ទិ​ក ​១​ ជង្រុក​ពេញ​ដែល​ស្មើ​ជាង ​១០ ​តោន ត្រូវបាន​ប្រជា​សហគមន៍​បឹង​ទន្លេសាប​នៅ​ភូមិ​បណ្ដែត​ទឹក​ពាម​តា​អួរ នៃ​សហគមន៍​មេ​ជ្រៃ ខិតខំ​ប្រឹង​ប្រែង​ប្រមូល​តាម​ដើមឈើ​ព្រៃ​លិច​ទឹក ដួស​ស្រង់​ចេញពី​ទឹក និង​ប្រមូល​តាម​ដងព្រែក​មាត់​​បឹង​ទន្លេសាប ដើម្បី​ច្រក​ការុង​ទុក​ក្នុង​ជង្រុក​ប្លា​ស្ទិ​ក​។​

​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៥ មេសា​ថា ការ​ប្រមែ​ប្រមូល​សំរាម​ប្លា​ស្ទិ​ក​ទាំងនេះ គឺ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ថែរក្សា​អភិរក្ស​ជីវចម្រុះ​បឹង​ទន្លេសាប​ពី​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​ក​។ លោក បាន​បន្តថា ដោយសារតែ​ជង្រុក​ប្លា​ស្ទិ​ក បាន​ពេញ​ណែន​ដោយ​សំរាម​ប្លា​ស្ទិ​ក ដូច្នេះ​អង្គការ​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន ក្រុមហ៊ុន សមាគម​អាជីវកម្ម​នានា មេត្តាជួយ​ជ្រោមជ្រែង​ដល់​សហគមន៍​ទន្លេសាប ដោយ​ចូលរួម​ទិញ​សំរាម​ទាំង​នេះ តាម​លទ្ធភាព​ដែលមាន​ដើម្បី​អង្គការ​ប្តូរ​ជា​អង្ករ​សម្រាប់​ផ្តល់ជូន​ប្រជា​សហគមន៍​។​

​លោកបានបញ្ជាក់​ទៀតថា​៖ «​យើងខ្ញុំ​ត្រូវការ​ការុង​ចំនួន​ ២ ៥០០​ ការុង​សម្រាប់​ច្រក​ប្លា​ស្ទិ​ក​រដូវ​ថ្មី និង​អង្ករ​ចំនួន ​៣,៥​ តោន សម្រាប់​ ៣៥០​ គ្រួសារ ជា​រង្វាន់​លើកទឹកចិត្ត ក្នុងការ​ជំរុញ​ចលនា​ឱ្យ​ពួកគាត់​បន្តការងារ​ស​ម្អា​ត​ប្រមូល ឬ​រើស​ប្លា​ស្ទិ​ក​ឱ្យអស់​បាន​មុន​ទឹកជំនន់​បឹង​​ទន្លេសាប​ហូរ​ត្រឡប់​វិញ​ជន់​លិច​ក្នុង​ខែមិថុនា​»​។​

​ទន្ទឹមនឹង​ការប្រកាស​លក់​សំរាម​ប្លា​ស្ទិ​ក​នេះ លោក ស៊ា សុផល បានឱ្យដឹង​ដែរ​ថា ក្រោម​ការជួយជ្រោមជ្រែង​ពី​អាជ្ញាធរ​ស្រុក​ពួក និង​អង្គការ​ដៃគូ មូលនិធិ​ទំពាំង​ស្នង​ប្ញ​ស្សី គ្រោង​រៀបចំ​កម្មវិធី​សម្អាត​បរិស្ថាន ដើម្បី​ចូលរួម​អប​អរសាទរ​ទិវា​ទីក្រុង​ស្អាត​លើក​ទី ១១ ឆ្នាំ​ ២០២៣ ក្រោម​ប្រធានបទ ទីក្រុង​ស្អាត ប​ដិ​ស​ណ្ឋា​រ​កិច្ច​ល្អ ម្ចាស់ផ្ទះ​កម្ពុជា ផ្តល់​ភាពកក់ក្តៅ និង​ដើម្បី​ការ​សម្អាត​ផ្ទះសំបែង ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី និង​ត្រៀម​ទទួល​ស្វាគមន៍​ព្រឹ​តិ្ត​ការណ៍​អង្គរ​សង្ក្រាន្ត និង​កីឡា​ស៊ី​ហ្គេម​ផងដែរ​។

​លោកបាន​បញ្ជាក់ថា​៖ «​ទឹកទន្លេ​សាប​ស្រក​អស់ហើយ តោះ​បងប្អូន​ចូលរួម​ជួយ​សម្អាត​បរិស្ថាន​ប្រមូលយក​សំណល់​ប្លា​ស្ទិ​ក​ច្រក​ការុង​ដាក់​ក្នុង​ជង្រុក​ប្លា​ស្ទិ​កនៅ​បរិ​វេណ​វត្ត​មេ​ជ្រៃ ក្នុងភូមិ​នេសាទ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​។ ដើម្បី​ចូល​រួម​អបអរសាទរ​ទិវា​ទីក្រុង​ស្អាត​របស់​ក្រសួងទេសចរណ៍ ចាប់​​ពីថ្ងៃ​ទី​ ៨ ខែមេសា ឆ្នាំ​ ២០២៣ យើង​នឹង​រៀបចំ​កម្មវិធី​សម្អាត​សំណល់​រឹង និង​សំណល់​ប្លា​ស្ទិ​ក ពី​អាង​រហូតដល់​ខាងលិច​ភូមិ​ពាម​តា​អួរ ដែលមាន​ចំនួន​អ្នក​ចូលរួម​ជាង ​៥០០​ នាក់​»​។​

​លោក សាម ឈឿ​យ អ្នក​​សម្របសម្រួល​សហគម​ន៍​មេ​ជ្រៃ បាន​និយាយប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៥ មេសា​ថា សំរាម​ប្លា​ស្ទិ​ក នៅតែ​បន្ត​មាននៅ​ក្នុង​ទឹកទន្លេ និង​បរិវេណ​ព្រៃ​លិច​ទឹក​ក្នុង​រដូវ​ទឹក​ស្រក បើទោះជា​សកម្មភាព​នៃ​ការប្រមូល បានធ្វើ​ឡើងជា​បន្តបន្ទាប់​ក៏ដោយ​។​

​លោក​បាន​រៀបរាប់​បន្តថា សំរាម​ប្លា​ស្ទិ​ក មាន​កាន់តែច្រើន បើសិនជា​ក្នុងករណី​ប្រជា​សហ​គម​ន៍ ខកខាន​ក្នុង​ការប្រមូល ដែល​ហេតុនេះ​ក្រុមការងារ ត្រូវតែ​បន្ត​កៀរគរ និង​រួមគ្នា​ធ្វើ​សកម្ម​ភាពជា​បន្តបន្ទាប់ ដើម្បី​ដឹកនាំ​ពលរដ្ឋ​ក្នុង​សហគមន៍​ឱ្យ​ប្រមូល​សំរាម និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។ ជាមួយនឹង​ការ​ចង់បាន​ការចូលរួម​ជា​កម្លាំង លោក ឈឿ​យ ក៏​ចង់ឱ្យ​ប្រជា​ពលរដ្ឋ​ទូទាំងប្រទេស ចូលរួម​គាំទ្រ​ជា​ថវិកា ដើម្បី​បន្ត​បេស​ក​កម្ម​ទន្លេ​ស្អាត​នេះ ខណៈ​ក្រុម​​ការងារ នៅមាន​ការខ្វះខាត​ច្រើន ដូចជា​ការុង ការដឹកជញ្ជូន រួមទាំង​ការគាំទ្រ​ដល់​និរន្តរភាព​នៃ​ការចូលរួម​របស់​ប្រជា​សហ​គម​ន៍​ផងដែរ​។​

​លោក​ថា​៖ «​វា​ជាការ​ឈឺចាប់​ណាស់ ព្រោះ​ដោយសារតែ​ប្រជាជន​ក្នុងភូមិ និង​អ្នក​នៅតាម​ដង​ទន្លេសាប គាត់​មាន​ជីវភាព​ក្រីក្រ ខ្វះខាត​ជីវភាព​ប្រចាំថ្ងៃ​។ ការលក់ដូរ​របស់គាត់​បាន​តិច ចំណូល​របស់គាត់​ក្នុង​ ១០ ទៅ​ ១៥ ​គ្រួសារ រកបាន​ក្នុង​ ១ ​ថ្ងៃ​ទៅ ៥​ ម៉ឺន​រៀល​ទេ អ្នក​ដែល​រកបាន​ច្រើន​។ ប៉ុន្តែ​អ្នក​បាន​តិច ក្នុង​ ១​ ថ្ងៃ​បានតែ​ ១ ​ម៉ឺន​រៀល​ទេ​។ ដូច្នេះ​ដើម្បី​លើក​ទឹក​ចិត្ត​គាត់ ក្នុងការ​ចូលរួម​ប្រមូល​សំរាម យើង​ត្រូវ​ខំ​រក​អ្វី​ជាការ​តបស្នង​ទៅ​ពួកគាត់​វិញ​»​។​

​អង្គការ​នេះ​ថា សំរាម​ទាំង​ ១០​ តោន ដែល​បាន​ពី​ទន្លេ​សាប នឹងត្រូវ​បាន​ដឹក​ចេញ ដើម្បី​រក្សាទុក​កន្លែង​សម្រាប់​ទុកដាក់​សំរាម​ប្លា​ស្ទិ​ក ដែល​ពលរដ្ឋ​ប្រមូលបាន​ពី​ទឹកទន្លេ​បន្តទៀត ដូច្នេះ​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​ទាំងនេះ ឬ​មានបំណង​ចង់​ចូលរួម​ដោយ​ការ​ទិញ​សំរាម​ទាំងនេះ​ពី​អង្គការ អាចទាក់ទង​តាមរយៈ​លេខ​ទូរ​​ស័ព្ទ​ ០៩២ ៨៧៤ ២៧៤៕